ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមបញ្ហាភាពមិនផ្គូរផ្គងគ្នានៃជំនាញ និងការងារ និងបញ្ហាផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្ដុះបណ្ដាល មិនទាន់អាចផលិតធនធានមនុស្សឆ្លើយតបតម្រូវការទីផ្សារ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
«ជាក់ស្ដែង កម្ពុជាកំពុងជួបប្រទះបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្ដុះបណ្ដាល នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស»។ លោក អ៊ិត សំហេង បានថ្លែងបែបនេះក្នុងពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្ដីពីអនាគតនៃការងារសម្រាប់កម្ពុជា នៅថ្ងៃទី២៧ខែឧសភា។
ការលើកឡើងរបស់លោក អ៊ិត សំហេង ដូចខាងលើនេះមិនខុសគ្នាពីរបាយការណ៍ធនាគារពិភពលោក ដែលចេញផ្សាយកន្លងមកនោះទេ។ អ្នកជំនាញរបស់ World Bank បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវធ្វើការជិតស្និតជាមួយវិស័យឯកជន ដើម្បីដឹងថាក្រុមហ៊ុនសហគ្រាស ត្រូវការងារជំនាញអ្វី ដើម្បីតម្រង់ទិសការអប់រំបណ្ដុះបណ្ដាល ឬការផ្គត់ផ្គង់ជំនាញរបស់យុវជន ឲ្យឆ្លើយតបនឹងតម្រូវការទាំងនោះ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលធ្វើយ៉ាងណាត្រូវបង្កើតមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ឬប្រព័ន្ធផ្លូវការ សម្រាប់ជាកន្លែងផ្គូរផ្គងតម្រូវការរវាងយុវជន និងថៅកែនិយោជក។
ភ្ជាប់ជាមួយបញ្ហាផ្គត់ផ្គង់ជំនាញនេះ រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ក៏បានលើកឡើងពីបញ្ហាប្រឈមការងារទៅអនាគត ដោយសារបដិវត្តន៍ឧស្សាហកម្មទី៤ ដែលផ្ដោតលើស្វ័យប្រវត្តិកម្មក្នុងផលិតកម្មសេដ្ឋកិច្ច។ លោកថា កម្ពុជាអាចនឹងមិនទទួលបានផលប្រយោជន៍ពីកត្តាប្រជាសាស្ត្រដែលមានអត្រាប្រជាជនវ័យក្មេងខ្ពស់ បើសិនណាធនធានទាំងនោះមិនអាចចាប់យកការងារក្នុងបរិបទថ្មីៗ។ «រចនាសម្ព័ន្ធប្រជាសាស្ត្រវ័យក្មេងបែបនេះ បានធ្វើឲ្យកម្ពុជាកំពុងទទួលផលចំណេញពីភាគលាភប្រជាសាស្ត្រដែលជាកាលានុវត្តភាពសម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ប៉ុន្តែផលចំណេញនេះ នឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើប្រជាជនវ័យក្មេងទាំងនេះ មិនទទួលបានការងារសមរម្យប្រកបដោយផលិតភាព»។ លោក អ៊ិត សំហេង គូសបញ្ជាក់បែបនេះ។
លោកបន្ថែមដូច្នេះថា៖«យុវជនចាំបាច់ត្រូវតែទទួលបានការអប់រំចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលការសិក្សាពេញមួយជីវិត ដើម្បីមានជំនាញដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងតំបន់»។
បច្ចុប្បន្ន កម្ពុជាមានអត្រាប្រជាជនអាយុក្រោម២៥ឆ្នាំចំនួន៤៩,៥ភាគរយនៃប្រជាជនសរុប និងមានអត្រាយុវជន អាយុ១៥ដល់២៥ឆ្នាំ ចំនួន២៨,៩ភាគរយនៃប្រជានជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ១៥ដល់៦៤ឆ្នាំ) ដែលអត្រានេះកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានប្រជាជនវ័យក្មេង។ នេះបើតាមរបាយការណ៍លើកឡើងដោយលោក អ៊ិត សំហេង ។
ដើម្បីឆ្លើយតបនឹងបញ្ហាការងារក្នុងបដិវដ្ដន៍ឧស្សាហកម្មទី៤ រដ្ឋមន្ត្រីក្រសួងការងារមានប្រសាសន៍ដូច្នេះថា៖«យើងមិនមានជម្រើសអ្វីក្រៅពីបង្កើនសមត្ថភាពជំនាញដល់កម្លាំងពលកម្ម បង្កើនផលិតភាព បង្រួមគម្លាតនៃភាពមិនស៊ីគ្នានៃជំនាញ ពង្រឹងសេវាព័ត៌មានទីផ្សារការងារ និងសេវារកការងារឲ្យធ្វើ បង្កើនគុណភាពអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងទិសដៅចាប់យកអត្ថប្រយោជន៍ជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលពិភពការងារ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញនាពេលអនាគត»។
បើតាមលោក អ៊ិត សំហេង រដ្ឋាភិបាលបានមើលឃើញបញ្ហាទាំងនេះហើយបានជាំក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់ពីយុទ្ធសាស្ត្រចាប់យកបច្ចេកវិទ្យាថ្មីៗ លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា អភិវឌ្ឍន៍ធនធានមនុស្ស និងការងារ ដើម្បីធានាការរីកចម្រើនសេដ្ឋកិច្ច។ ក្រៅពីនេះរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ដើម្បីគាំទ្រការផ្គត់ផ្គង់ជំនាញ ស្របតាមការវិវត្តថ្មីៗ។
ការសិក្សារបស់អង្គការ ILO ក្នុងឆ្នាំ២០១៦ ស្ដីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស្វ័យប្រវត្តកម្មបានបង្ហាញថា ៥៦ភាគរយនៃការងារសរុបក្នុងប្រទេសអាស៊ានចំនួន៥ នឹងប្រឈមហានិភ័យខ្ពស់ទៅនឹងការធ្វើស្វ័យប្រវត្តិកម្មក្នុងរយៈពេល២ទស្សវត្សរ៍ខាងមុខ ក្នុងនោះកម្ពុជាមានអត្រា៥៧ភាគរយ ឥណ្ឌូណេស៊ី៥៦ភាគរយ ហ្វីលីពីន៤៩ភាគរយ ថៃ៤៤ភាគរយ និងវៀតណាម៧០ភាគរយ៕