អន្តរជាតិ
វៀតណាម សម្លាប់​ជ្រូក​ជិត​២​លាន​ក្បាល​ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​រាលដាល​ខ្លាំង​
28, May 2019 , 8:39 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
​អាជ្ញាធរ​វៀតណាម បានសម្លាប់​សត្វ​ជ្រូក​ជិត​ពីរលាន​ក្បាល​ហើយ​គិត​ត្រឹម​ខែឧសភា​នេះ នៅពេល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​រាលដាល​សឹង​មួយ​ប្រទេស​ទៅហើយ​។ ក្រសួងកសិកម្ម​វៀតណាម​បានប្រកាស​នៅ​ថ្ងៃទី​២៧ ខែឧសភា ថា រយៈពេល​ត្រឹម​ពីរ​សប្ដាហ៍​ចុងក្រោយ​នោះ ជ្រូក​ចំនួន​ប្រាំ​សែន​ក្បាល​ត្រូវបាន​សម្លាប់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ជ្រូក​ប្រភេទ​នេះ​។ បើ​ស្ថានការណ៍​នៅតែ​អាក្រក់ វៀតណាម គ្រោង​បញ្ចេញ​យោធា​ដើម្បី​ជួយ​ដោះស្រាយ​ផងដែរ​។​

 
​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​នៅ​វៀតណាម​ជា​លើកដំបូង​ក្នុង​ខែកុម្ភៈ​។ បើ​គិតពី​ខែកុម្ភៈ ដល់​ខែឧសភា​នេះ ជ្រូក​ចំនួន​១,៧​លាន​ក្បាល​ដែល​ស្មើនឹង​ប្រាំ​ភាគរយ​នៃ​បរិមាណ​ជ្រូក​ទូទាំងប្រទេស ត្រូវបាន​អាជ្ញាធរ​សម្លាប់ ខណៈ​គ្រាន់តែ​ពីថ្ងៃ​ទី​១៣ ខែ​ឧ​ភ​សា​មក សត្វ​ជ្រូក​ចំនួន​ប្រាំ​សែន​ក្បាល ត្រូវបាន​កម្ទេចចោល​។ នេះ​បើតាម​ការ​របាយការណ៍​នាយកដ្ឋាន​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​វៀតណាម​នៅ​ថ្ងៃទី​២៧ ខែឧសភា​។​
 
​សាច់ជ្រូក មាន​ចំណែក​ដល់​ទៅ​៧៥​ភាគរយ​នៃ​បរិមាណ​សាច់​សម្រាប់​បរិភោគ​នៅ​វៀតណាម​។ ប្រជាជន​វៀតណាម​ប្រមាណ​៩៥​លាន​នាក់ ពឹង​ផ្អែកលើ​សត្វ​ជ្រូក​ប្រមាណ​៣០​លាន​ក្បាល​ដែល​ត្រូវបាន​ចិញ្ចឹម​នៅ​ទូទាំងប្រទេស​។ យ៉ាងណាមិញ វត្តមាន​ជំងឺ​លើ​សត្វ​ជ្រូក​នេះ កំពុង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ការបរិភោគ​របស់​ប្រជាជន ស្រប​ពេលដែល​វីរុស​នេះ​បាន​រាលដាល​ដល់​ខេត្ត​ចំនួន​៤២​ក្នុងចំណោម​ខេត្ត​ទាំង​៦៣​របស់​វៀតណាម​។​
 
​រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម Nguyen Xuan Cuong អះអាងថា ការផ្ទុះ​ឡើង​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​លើក​នេះ បង្ក​គ្រោះថ្នាក់ និង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​បំផុត​សម្រាប់​ឧស្សាហកម្ម​ចិញ្ចឹមសត្វ​របស់​វៀតណាម​។ នេះ​ក៏​ព្រោះតែ វីរុស​នេះ​នៅ​មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ បើទោះជា​ត្រូវបាន​រកឃើញ​លើ​ពិភពលោក​នេះ​ជាង​មួយរយ​ឆ្នាំ​ហើយ​ក្ដី​។​
 
​ចិន ជា​អ្នកជិតខាង​វៀតណាម និង​ជា​ប្រទេស​ផលិត​សាច់ជ្រូក​ធំជាងគេ​របស់​ពិភពលោក ក៏​រងគ្រោះ​ខ្លាំង​ដោយសារ​ការ​សាយភាយ​វីរុស​នេះដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីក្រុង​ប៉េកាំង​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ធ្វើការ​លើ​ថ្នាំ​ការពារ​ជំងឺ​នេះ ដែល​បង្ក​គ្រោះថ្នាក់​សម្រាប់​សត្វ ទោះជា​ជំងឺ​មិនមាន​ហានិភ័យ​អ្វី​លើ​មនុស្ស​ក៏ដោយចុះ​។​
 
​ជុំវិញ​ការ​រាលដាល​វិញ លោក Nguyen Xuan Cuong លើកឡើងថា វា​ជា​រឿង​លំបាក​ក្នុងការ​ទប់ស្កាត់​វីរុស​នេះ ព្រោះ​វា​អាច​រស់នៅក្នុង​បរិស្ថាន​បានយូរ​អង្វែង ហើយ​អាច​បម្លាស់​ទី​ក្នុងស្ថានភាព​ស្មុគស្មាញ​តាមរយៈ​មធ្យោបាយ​ជាច្រើន​។ ក្នុងករណី​ការ​រាលដាល​នៅតែ​កើតឡើង​ខ្លាំង ទីក្រុង​ហាណូយ​អាច​ពង្រាយ​យោធា និង​កម្លាំង​ប៉ូលិស​ដើម្បី​ជួយ​ទប់ទល់​ស្ថានការណ៍​កុំ​ឲ្យ​កាន់តែ​យ៉ាប់យ៉ឺន​។ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក ក៏​ធ្លាប់​ណែនាំ​ឲ្យ​វៀតណាម​ប្រកាសអាសន្ន​ផងដែរ​៕  
 

Tag:
 វៀតណាម​
  ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com