ONE Championship
កីឡាជាតិ
ជាតិ
ស​ហ័​ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បើក​ការចុះឈ្មោះ​ក្លិប និង កីឡាករ​ផ្លូវការ​
28, May 2019 , 8:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី  

​ស​ហ័​ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) បើក​ដំណើរការ​ចុះឈ្មោះ​ក្លិប និង កីឡាករ​ជា​ផ្លូវការ​នា​សប្ដាហ៍​នេះ បន្ទាប់ពី​រៀបចំ​ឯកសារ​រួចរាល់​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែ ប៊ិន​សូរ​ស្មី អនុប្រធាន​សហព័ន្ធ​កីឡា​ដែល​ទើប​កកើតឡើង​ខែតុលា ឆ្នាំ ២០១៨ កន្លងទៅ​។


 
 CMMAF មាន​ក្លិប​ជា​សមាជិក​ចំនួន ៥ នាពេល​បច្ចុប្បន្ន​ដូចជា​ក្លិប​ប្រដាល់ «​សិល្បៈ​» Cambodian Top Team, Prodal , Monster Factory និង ក្លិប​តា​ដំបង​ដែក​។ ដ្បិត​ក្លិប​ទាំងនេះ​ជា​សមាជិក ប៉ុន្តែ​មិនទាន់បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ដែលមាន​ឯកសារ​ច្បាស់លាស់​សម្រាប់​ទាំង​ក្លិប និង កីឡាករ​នោះឡើយ​។ ដូច្នេះ​សប្ដាហ៍​នេះ CMMAF នឹង​បញ្ជូន​ឯកសារ​ផ្លូវការ​ទៅ​ក្លិប​នីមួយៗ និង ក្លិប​មួយចំនួនទៀត​ដែលមាន​បំណង​ចូល​ជា​សមាជិក​របស់ CMMAF​។ លោក​អនុប្រធាន​ក្លិប​គូសបញ្ជាក់ថា ៖«​យើង​បើក​ចុះឈ្មោះ​ជា​ផ្លូវការ​សប្ដាហ៍​នេះ​ទាំង​ក្លិប កីឡាករ និង​គ្រូបង្វឹក​, ចៅក្រម និង អាជ្ញាកណ្ដាល​ជាដើម​។ យើង​បានដឹងថា​វា​ជា​ការប្រើ​ពេលវេលា​ច្រើន ប៉ុន្តែ​វា​ជា​បេសកកម្ម​របស់​សហព័ន្ធ​យើង​។ យើង​ចង់​ឲ្យ​មានការ​រួមគ្នា​ដើម្បី​ការអភិវឌ្ឍន៍​គុន​ចម្រុះ​នៅ​កម្ពុជា​»​។ 
 
​លោក​សង្ឃឹមថា​នឹងមាន​ក្លិប​ជាច្រើន​ទៀត​បន្ត​ចុះឈ្មោះ​ហើយ​ត្រូវតែ​រួមគ្នា​ដើម្បី​នាំ​ឲ្យ​កីឡា​គុន​ចម្រុះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ក្បាច់គុន​នេះ​ត្រូវតែ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ទង់ជាតិ​កម្ពុជា និង ក្នុង​បំណង​បង្ហាញ​មោទនភាព​ជាតិ​ក្នុង​កម្រិត​ពិភពលោក​។ លោក​អនុប្រធាន​កូន​ខ្មែរ​កើត​នៅ​បារាំង​រូបនេះ​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ ៖«​កីឡាករ​គ្រប់រូប​ត្រូវតែ​ចុះឈ្មោះ​ពេល​ស្ថិតនៅ​ក្លិប​ដែលជា​សមាជិក​។ ហើយ​ក្នុងនោះ​កីឡាករ​ខ្លះ​នៅក្រៅ​ប្រទេស​ដែលជា​កូនកាត់ ដូចជា កម្ពុជា​-​បារាំង​, កម្ពុជា​-​អាមេរិក​, ឬ កម្ពុជា​-​អូស្ត្រាលី ជាដើម​នោះ​ក៏​អាច​ចុះឈ្មោះ​ផ្ទាល់​ជាមួយ​ពួកយើង​បានដែរ​។ ក្លិប​នៅ​បរទេស​ក៏​ទទួល​ស្វាគមន៍​ជានិច្ច​»​។  បន្ទាប់ពី​ការចុះឈ្មោះ​រួចរាល់ គ្រូបង្វឹក ឬ កីឡាករ​ទាំងអស់​នឹង​លេចឡើង​នៅលើ វិ​ប​សាយ របស់​សហព័ន្ធ​ជាមួយ​កំណត់ត្រា​ការប្រកួត ដូចជា ចាន់ រតនា​, នៅ ស្រី​ពៅ ឬ រិ​ន សា​រ័ត្ន ជាដើម​។​
 
​ក្រៅពី​ប្រឹងប្រែង​ការងារ​នេះ សហព័ន្ធ​កំពុងតែធ្វើការ​ងារ​ជាច្រើន​ទៀត​ដើម្បី​ជំរុញ​ដល់​ក្លិប​នៅក្រោម​ឱវាទ និង កីឡាករ​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​នានា​។ សហព័ន្ធ​ក៏​នឹង​បង្កើត​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​កីឡាករ​ផងដែរ ក្នុង​គោលបំណង​ចង់​ឲ្យ​កីឡាករ​មាន​ស្មារតី​ប្រើប្រាស់​ការផ្សព្វផ្សាយ ការប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ ទំនាក់ទំនង​ល្អជា​មួយ​អ្នកគាំទ្រ និង វិធី​ឆ្លើយ​ក្នុង​បទសម្ភាសន៍​ផ្សេងៗ​។​
 
CMMAF ចូលរួម​អភិវឌ្ឍ​ថ្នាល​យុវជន​កីឡាករ​គុន​ចម្រុះ និង ជួយ​ឲ្យ​ក្លិប​នៅក្នុង​ស្រុក​មានការ​គ្រប់គ្រង​ច្បាស់លាស់ ថែមទាំង​បណ្ដុះបណ្ដាល​ឲ្យ​បាន​ជើង​ខ្លាំង​ជំនាន់​ថ្មី​យកទៅ​ប្រកួត​លំដាប់ថ្នាក់​អន្តរជាតិ​។ បើសិន​មាន​ក្លិប ឬ កីឡាករ​ចង់​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា សូម​ទាក់ទង​តាមរយៈ​អ៊ី​ម៉ែ​ល​៖ ឬ តាម​ទូរ​សព្ទ​លេខ +85578 63 16 54 និង ទាក់ទង WhatsApp: +33786221680៕ 




 

Tag:
 MMA
  CMMAF
© រក្សាសិទ្ធិដោយ thmeythmey.com