សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុង​នៅ​ចិន ដាក់ «​សំឡេង​សារ​» ដើម្បី​ប្រាប់ថា​ម្ចាស់​ទូរ​សព្ទ​នោះ ជា​ជន​ជាប់បំណុល​
28, May 2019 , 9:19 am        
រូបភាព
ដោយ: ធីតា
​នៅ​តំបន់​មួយចំនួន​នៅ​ប្រទេស​ចិន ពលរដ្ឋ​ដែល​ជាប់បំណុល​ត្រូវ​ប្រឈម​ទណ្ឌកម្ម​តាមរយៈ​សំឡេង​សារ​ពិសេស​នៅក្នុង​ទូរ​សព្ទ​។ យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន និង​កាសែត Le Figaro របស់​បារាំង សំឡេង​សារ​នោះ នឹង​បញ្ជាក់​ឲ្យ​ដឹងថា មនុស្ស​ទូរ​សព្ទ​កំពុង​ជំពាក់​បំណុល​របស់​រដ្ឋ​។

 
 
​សំឡេង​សារ «Laolai» ឬ​មានន័យថា សំឡេង​សារ​ដែល​នាំ​ឲ្យ​មានការ «​ខ្មាសអៀន​» ត្រូវ​ប្រើប្រាស់​សម្រាប់​អ្នក​ជាប់បំណុល​ដែល​ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ​។ គណៈកម្មការក្រុង Guanyun នៃ​ខេត្ត Jiangsu សហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ទូរគមនាគមន៍  និង​តុលាការ​មូលដ្ឋាន លើ​ការដាក់​ដំណើរ​សំឡេង​សារ​ពិសេស​នេះ​។​
 
​ជំនួស​ឲ្យ​សំឡេង «​ទី​ត​! ទី​ត​! ទី​ត​!» អ្នក​ដែល​ទូរ​សព្ទ​ទៅ​ចំ​លេខ​បុគ្គល​ដែល​ជាប់បំណុល​វ័ណ្ត​ក នឹង​ឮ​សំឡេង​សារ​ថា «​បុគ្គល​ដែល​លោក​-​អ្នក​កំពុង​ទូរ​សព្ទ​ទៅ ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ​របស់​តុលាការក្រុង Guanyun​។ សូម​លោក​-​អ្នក ណែនាំ​បុគ្គល​រូបនេះ ទៅ​បំពេញ​កាតា​ព្វ​កិច្ច​តាមផ្លូវ​ច្បាប់​ផង​។ ក្រុមការងារ​នៅ​តុលាការ រីករាយ​ចំពោះ​កិច្ចសហការ​របស់លោក​-​អ្នក​។ សូម​អរគុណ​!»​។​
 
​ក្រៅពី​ក្រុង Guanyun ក្រុង Huangshi នៃ​ខេត្ត Hubei និង​ក្រុង Degfend នៃ​ខេត្ត Henan ក៏មាន​ចំណាត់ការ​ស្រដៀង​គ្នា​នេះ​ផងដែរ ពីព្រោះ​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​មាន​ចំនួន​កាន់តែច្រើន​។ ក្នុងករណី​ដែល​ពួកគេ​បំពេញ​កាតា​ព្វ​កិច្ច​រួចហើយ ឬ​ចេញពី​បញ្ជីខ្មៅ តុលាការ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​នឹង​កាត់ផ្តាច់​សំឡេង​នោះ​ចេញ​។​
 
​ចាប់ពី​ឆ្នាំ​២០១៤​មក រដ្ឋាភិបាល​ចិន បាន​កែប្រែ​ប្រព័ន្ធ «​ឥណទាន​សង្គម​» ដោយ​វាយតម្លៃ​ជាប្រចាំ​លើ​ឥរិយាបថ​ពលរដ្ឋ​។ ទិន្នន័យ​កន្លងមក បាន​បង្ហាញថា ពលរដ្ឋ​មួយចំនួន​បាន​គេចវេស​ការបង់​បំណុល បើទោះបីជា​ពួកគេ​មានលទ្ធភាព​បង់​ក៏ដោយ​។ ជាមួយគ្នានេះ រដ្ឋ​បាន​ចាត់វិធានការ​ផ្សេងៗ ប៉ុន្តែ​នៅតែ​មិនមាន​ប្រសិទ្ធភាព ទើប​សម្រេចចិត្ត​សហការ​ជាមួយ​តុលាការ​មូលដ្ឋាន និង​ក្រុមហ៊ុន​ទូរគមនាគមន៍​។​
 
​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​ជាតិ រដ្ឋាភិបាល​ចិន កាលពី​ឆ្នាំមុន បាន​រារាំង​ការទិញ​សំបុត្រ​យន្តហោះ ១៧,៧​លាន និង​សំបុត្រ​រថភ្លើង ៥,៥​លាន សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ណ​ឥណទាន ទាំង​ខ្លួន​មិនទាន់​ដោះស្រាយ​បំណុល​។​
 
​កាសែត South China Morning Post ក៏បាន​ផ្សាយ​ឲ្យ​ដឹងផង​ដែរ​ថា តុលាការ​កំពូល​ចិន ក៏​ធ្លាប់​បានបង្ហាញ​ឈ្មោះ​ជា​សាធារណៈ​ចំពោះ​១៣​លាន​នាក់  ដោយ​ភ្ជាប់​ឈ្មោះ​ពេញ លេខ​អត្តសញ្ញាណ អាយុ ទីលំនៅ និង​ចំនួន​លុយ​ដែល​ជាប់បំណុល​។ ឈ្មោះ​ទាំងនោះ ត្រូវបាន​បិទ​ផ្សាយ​តាម​ទីសាធារណៈ វ៉ិ​ប​សាយ និង App ផងដែរ​៕
 

Tag:
 ចិន​
 ​បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com