ក្រោយជ័យជម្នះបើកឆាក ១-០ លើអគ្គិសនីកម្ពុជា ក្រុមខេត្តកំពង់ចាមបានបរាជ័យយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់មកដល់សប្តាហ៍ទី៩នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ កាលពីថ្ងៃអាទិត្យ ពួកគេបានចាញ់ក្រុមកំពូលណាហ្គាវើលរហូតដល់១៨-០ ដែលធ្វើឲ្យ៨ប្រកួតចុងក្រោយ ពួកគេត្រូវរបូតគ្រាប់បាល់ដល់ទៅ៨២គ្រាប់។ កីឡាករប្រមាណ១០នាក់បានស៊ុតបាល់បញ្ចូលទីយ៉ាងហោចណាស់ Hat-trick (បីគ្រាប់) លើក្រុមដែលបានឡើងមកកាន់ក្របខណ្ឌកំពូលដោយស្វ័យប្រវត្តិមួយនេះ។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esho Omogba សម្រេចបាន៧គ្រាប់ម្នាក់ឯង ដើម្បីរួមចំណែកជួយឲ្យណាហ្គាវើលលត់ក្រុមចំណូលថ្មីកំពង់ចាមក្នុងលទ្ធផលដ៏កម្រ ១៨-០។ ជ័យជម្នះដ៏ធំធេងនេះ ជួយឲ្យណាហ្គាបន្តគ្រងកំពូលតារាងក្របខណ្ឌខេមបូឌានលីគក្នុងសប្តាហ៍ទី៩។ សម្រាប់ជំនួបកាលពីថ្ងៃអាទិត្យនោះដែរ ម្ចាស់ផ្ទះភ្នំពេញក្រោន ភ្ញៀវសូលទីឡូអង្គរ និងព្រះខ័នរាជស្វាយរៀងបានម្នាក់៣ពិន្ទុរៀងៗខ្លួន ដើម្បីពង្រឹង និងរំកិលទីតាំងខ្លួន។
ក្រុមចំណូលថ្មីកំពង់ចាមកំពុងក្លាយជាផ្ទាំងស៊ីប សម្រាប់ក្រុមខ្លាំងៗក្នុងលីគកំពូលដូចជា ណាហ្គាវើល វិសាខា ព្រះខ័នរាជស្វាយរៀង ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងបឹងកេតជាដើម បាញ់ដើម្បីបង្កើនគ្រាប់បាល់ចំណេញ។ ពិសេសវាបានបង្កឱកាសល្អសម្រាប់កីឡាករក្នុងការរកគ្រាប់បាល់ ដើម្បីប្រជែងដណ្តើមតំណែងអ្នករកគ្រាប់បាល់បានច្រើនជាងគេប្រចាំរដូវកាលឆ្នាំ២០១៩។ កីឡាករខ្លះអាចរកគ្រាប់បាល់បានចន្លោះពី៥ទៅ៧គ្រាប់ ពេលក្រុមរបស់ពួកគេប៉ះជាមួយក្រុមចំណូលថ្មីមួយនេះម្តងៗ។
ជាក់ស្តែងក្នុងជំនួបសប្តាហ៍ទី៩ កាលពីថ្ងៃអាទិត្យ ទី២៦ ឧសភា ក្រុមណាហ្គាវើលបានលត់កំពង់ចាមក្នុងលទ្ធផល ១៨-0 ដែលអ្នកគាំទ្រកីឡាបាល់ទាត់មិននឹកស្មានកើតមាននៅលីគកំពូលកម្ពុជាបច្ចុប្បន្ន។ តាមរយៈគ្រាប់បាល់នេះ ជួយឲ្យណាហ្គាវើល អាចបំបែកកំណត់ត្រាវិសាខា ដែលរកបាន១៤គ្រាប់ពីកំពង់ចាម ដើម្បីសាងកំណត់ត្រាអ្នករកគ្រាប់បានច្រើនជាងគេក្នុង១ប្រកួត។
ជ័យជម្នះដ៏ធំធេងរបស់ណាហ្គាវើល ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esho Omogba សម្រេចបាន៧គ្រាប់ ខណៈ Athuheire Kipson រកបាន៥គ្រាប់ រីឯ Zogbe Gbayoro Anderson សម្រេចបានពីរគ្រាប់ និងរួមចំណែកម្នាក់១គ្រាប់ពី គួច សុកម្ភៈ, គួច ដានី, ឈន ដារ៉ា និង សុះ ស៊ូហាណា។ ជ័យជម្នះនេះ ជួយឲ្យណាហ្គាវើល បន្តឈរកំពូលតារាងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៩ មាន២៤ពិន្ទុ ជាមួយជ័យជម្នះ៨លើក និងចាញ់១លើក។
បើមើលពី៦ប្រកួតធំៗ កំពង់ចាមបានរហូតគ្រាប់បាល់រហូត៧៤គ្រាប់ ក្នុងនោះចាញ់អង្គរថាយហ្គឺរ ១១-០, ក្រសួងការពារជាតិ ១១-០, បឹងកេត ៧-០, វិសាខា ១៤-០, ព្រះខ័នរាជស្វាយរៀង ១៣-០ និងណាហ្គាវើល ១៨-០។ ប៉ុន្តែបើមើលពីលទ្ធផលរួម គិតត្រឹមសប្តាហ៍ទី៩ ក្រុមនេះរបូតគ្រាប់បាល់រហូត៨២គ្រាប់ ហើយរកបានតែមួយគ្រាប់ប៉ុណ្ណោះ។
កីឡាករ៦រូបអាចសម្រេចគ្រាប់បាល់បានចន្លោះពី៣ទៅ៧គ្រាប់ពីជ័យជម្នះទាំង៦ខាងលើ។ កីឡាករទាំងនោះរួមមានខ្សែប្រយុទ្ធ Oiboh Julius របស់បឹងកេត, Dzarma Bata និង រ៉ឹង ប៊ុនហៀង របស់ក្រសួងពារពារជាតិ និង Yudai Ogawa របស់អង្គរថាយហ្គឺរ ដោយពួកគេសម្រេចបាន៣គ្រាប់។ ចំណែកខ្សែប្រយុទ្ធវិសាខា កែវ សុខផេង និងខ្សែប្រយុទ្ធ Jean Marie Privat របស់ព្រះខ័នរាជស្វាយរៀងរកបានម្នាក់៧គ្រាប់។
ក្រុមកំពង់ចាមត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ជ្រើសរើសឲ្យឡើងមកលេងក្នុងក្របខណ្ឌកំពូលកម្ពុជា ដោយមិនបានឆ្លងកាត់ការប្រកួតជម្រើសជើងឯកលីគលំដាប់ទី២។ ការអនុញ្ញាតឲ្យនេះ បន្ទាប់ពីក្រុមនេះបានបង្ហាញពីមហិច្ឆតាចង់ប្រកួតក្នុងលីគទី២ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានខកខានរៀបចំនៅឆ្នាំ២០១៨។
សម្រាប់ការប្រកួតនៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីកាលពីថ្ងៃអាទិត្យនោះដែរ ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀនបានយកឈ្នះម្ចាស់ផ្ទះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៣-០។ ជ័យជម្នះនេះជួយឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ទទួលបាន៣ពិន្ទុបន្ថែម ដើម្បីពង្រឹងទីតាំងទី២ ដោយមាន២៣ពិន្ទុ។ កីឡាករ សឿយ វិសាល, ហួយ ផល្លីន និង Jean Marie Privat ជាអ្នករកគ្រាប់បាល់ឲ្យព្រះខ័នរាជស្វាយរៀង។
ចំណែកនៅកីឡដ្ឋាន EDC ក្រុមភ្ញៀវសូលទីឡូអង្គរបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-២ ដោយកីឡាករ ប្រាក់ ចាន់រតនា, លី មស្លីម, Yuta Kikuchi និង Fumiya Kogure ជាអ្នករកគ្រាប់បាល់ឲ្យសូលទីឡូអង្គរ ខណៈពីរគ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ មួន ណារ៉ា។ ជ័យជម្នះលើកទី៣នេះជួយឲ្យសូលទីឡូអង្គររំកិលពីលេខរៀងទី១០ឡើងទៅឈរលេខរៀងទី៧ដោយមាន១២ពិន្ទុ។
នាជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Smart R.S.N កីឡាករ ប្រាក់ ធីវ៉ា បានរកគ្រាប់បាល់នាំមុខ ១-0 ឲ្យម្ចាស់ផ្ទះនៅនាទីទី២៤។ ភាពសប្បាយរីករាយរបស់អ្នកគាំទ្រភ្នំពេញក្រោនត្រូវបានរលត់ទៅវិញ បន្ទាប់ពីកីឡាករ ដាវ នីម សម្រេចគ្រាប់បាល់តាមស្មើឲ្យភ្ញៀវគីរីវង់សុខសែនជ័យនៅនាទីទី៨៩។ ប៉ុន្តែសម្រែកហ៊ោកញ្ច្រៀវរបស់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះបានបន្លឺឡើងសាជាថ្មី បន្ទាប់ពីកីឡាករ អ៊ន ចាន់ប៉ូលីន សម្រេចគ្រាប់បាល់ជ័យជម្នះ ២-១ ឲ្យភ្នំពេញក្រោននៅនាទីទី៩០+៣៕