ជាតិ
នយោបាយជាតិ
នៅជប៉ុន សម្តេច ហ៊ុន សែន នឹងចែករំលែកទស្សនវិស័យលើការស្វែងរកសណ្តាប់ធ្នាប់ពិភពលោក និងការជម្នះភាពវឹកវរ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា បានដឹកនាំប្រតិភូទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី»។ នាឱកាសនោះ មេដឹកនាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យផ្សេងៗ។
«អនាគតរបស់អាស៊ី» (The Future of Asia) ជាសន្និសីទអន្តរជាតិ ដែលផ្តល់ឲ្យមេដឹកនាំនយោបាយ សេដ្ឋកិច្ច និងបញ្ញវន្ត នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចែករំលែកបទពិសោធន៍ និងទស្សនវិស័យរបស់ខ្លួនក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។ សន្និសីទនេះ ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Nikkei តាំងពីឆ្នាំ១៩៩៥មក។
នាសន្និសីទលើកទី២៥ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រី ស្ថិតក្នុងចំណោមមេដឹកនាំ និងបញ្ញវន្តផ្សេងទៀត ដែលត្រូវចែករំលែកបទពិសោធន៍ និងទស្សនវិស័យរបស់ខ្លួន។ វាគ្មិនផ្សេងទៀតមានដូចជា លោក Rodrigo Duterte (ប្រធានាធិបតីហ្វីលីពីន), លោក Mahathir Mohamad (នាយករដ្ឋមន្ត្រីម៉ាឡេស៊ី), លោកស្រី Sheikh Hasina (នាយករដ្ឋមន្ត្រីបង់ក្លាដែស), លោក Thongloun Sisoulith (នាយករដ្ឋមន្ត្រីឡាវ) លោក Malcolm Turnbull អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី រួមទាំងមន្ត្រីជាន់ខ្ពស់ម៉ុងហ្គោលី វៀតណាម សិង្ហបុរី ព្រុយណេ មីយ៉ាន់ម៉ា ថៃ ឥណ្ឌូណេស៊ី ចិន និងអ្នកជំនាញជប៉ុនជាច្រើនរូបទៀត។
សម្តេច ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ,ចក្ខុវិស័យនាពេលអនាគត ,មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។
ជាមួយគ្នានោះ សម្តេចនឹងមានជំនួបទ្វេភាគីជាមួយសមភាគីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com