ជាតិ
ក្រុមហ៊ុន Baowu Group ផលិត​ដែកថែប​ចិន​គ្រោង​ប្តូរ​ទីតាំង​ទៅ​ប្រទេស​កម្ពុជា​
28, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុមហ៊ុន Baowu Group ផលិត​ដែកថែប​កំពូល​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា  ក្រុមហ៊ុន កំពុង​សិក្សា​ផែនការ​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​របស់ខ្លួន​ចេញពី​តំបន់ Xinjiang ទៅ​ប្រទេស​កម្ពុជា​ដែលជា​គំរូ​នៃ​ការផ្លាស់ប្តូរ​ទីតាំង​ឧស្សាហកម្ម​ធុន​ធ្ងន់​របស់​ប្រទេស​ចិន​ទៅ​ក្រៅប្រទេស​។​

 
​ការផ្លាស់ប្តូរ ដែល​នឹង​បង្កើត​ផលិតកម្ម​របស់​ក្រុមហ៊ុន Baowu នៅក្រៅ​ប្រទេស​ដំបូង​គេ​នេះ បង្ហាញថា ក្រុមហ៊ុន​ផលិត​ដែកថែប​របស់​ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រក្សា​លំនឹង​កម្រិត​ផលិតកម្ម​បើទោះបីជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជំរុញ​ការកាត់បន្ថយ​ឧស្សាហកម្ម​នៅ​ចិនដីគោក​ក្តី​។​
 
​ក្រុមហ៊ុន Baowu កំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការដឹក​គ្រឿងចក្រ​ពីរ​គ្រឿង​ដែលមាន​សមត្ថភាព​ផលិត​រួមបញ្ចូល​គ្នា​ចំនួន​៣,១​លាន​តោន​រួម​ជាមួយនឹង​ម៉ាស៊ីន​ច្នៃ​ដែកថែប​យកទៅ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៩​។ ប្រភព​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​គាត់​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
 
​ក្រុមហ៊ុន Baowu មិនបាន​ឆ្លើយតប​ទៅនឹង​អ៊ី​ម៉ែ​ល​ដែល​សុំ​ការបញ្ជាក់​ទេ​។ 
 
​ប្រទេស​ចិន​បាន​បិទ​រោងចក្រ​មានលទ្ធភាព​ផលិត​ដែកថែប​១៥០​លាន​តោន ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទំនើបកម្ម​សេដ្ឋកិច្ច​របស់ខ្លួន ប៉ុន្តែ​ប្រទេស​ចិន​នៅតែមាន​ផលិតកម្ម​ដែកថែប​ស្មើ​ពាក់កណ្តាល​នៃ​ផលិតផល​ដែកថែប​ពិភពលោក​គឺ​ស្មើនឹង​៩៨០​លាន​តោន​ក្នុង​មួយឆ្នាំ​។ 
 
​រោងចក្រ​របស់​ក្រុមហ៊ុន Baowu នេះ​ដែល​គ្រោង​ផ្ទេរ​ទីតាំង​នេះ​មាន​មូលដ្ឋាន​នៅ ក្រុង Aksu ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​ចិន នៅ​ចម្ងាយ​ប្រហែល​៤០០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ រោងចក្រ​នេះ​បាន​បិទ​កាលពី​ឆ្នាំ​២០១៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com