ជាតិ
យុវជន​កម្ពុជា​បង្កើត​វេទិកា​បង្ហាញ​ពី​អច្ឆរិយ​ភាព​និង​បញ្ហា​ប្រឈម​នៃ​ទន្លេមេគង្គ​
29, May 2019 , 8:19 am        
រូបភាព
សមាជិកក្រុមមេគង្គយុវទូតបានធ្វើដំណើរទស្សនកិច្ចសិក្សានៅស្ទឹងត្រែងតាមបណ្តោយទន្លេមេគង្គ កាលពីខែកក្កដា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យដោយអេកូយុវទូត)
សមាជិកក្រុមមេគង្គយុវទូតបានធ្វើដំណើរទស្សនកិច្ចសិក្សានៅស្ទឹងត្រែងតាមបណ្តោយទន្លេមេគង្គ កាលពីខែកក្កដា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យដោយអេកូយុវទូត)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ បញ្ហា​បរិស្ថាន​មិនមែនជា​បញ្ហា​តូច​ដែល​យុវជន​កម្ពុជា​អាច​ព្រងើយកន្តើយ ហើយ​រំពឹងថា​អ្វីៗ​នឹង​ផ្លាស់ប្តូរ​ដោយ​ខ្លួនឯងបាន​នោះទេ​។ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ មានការ​កើនឡើង​នៃ​ចំនួន​យុវជន ដូចជា​អេកូ​យុវ​ទូត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​ពី​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។​

 
​អេកូ​យុវ​ទូត ដែលជា​ក្រុមយុវជន​វ័យក្មេង​និង​ខ្នះខ្នែង​ពី​បរិស្ថាន​នៅ​កម្ពុជា មាន​សមាជិក​ចំនួន​១០០​នាក់​។ ពួកគេ​បាន​ចំណាយពេល​ច្រើន​ដើម្បី​សិក្សា ចែករំលែក​ចំណេះដឹង និង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​បរិស្ថាន​នានា​នៅ​ប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ អេកូ​យុវ​ទូត​ក៏ត្រូវ​បានទទួល​ស្គាល់​យ៉ាងច្រើន​ពី​សាធារណជន លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ក្នុងការ​ប្រមូលផ្តុំ​យុវជន​និង​សាធារណជន​ឲ្យ​ថែរក្សា​ការពារ​បរិស្ថាន​និង​ផែនដី​។​
 
​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ពួកគេ អេកូ​យុវ​ទូត នឹង​រៀបចំ​កម្មវិធី «​ដំណើរ​ផ្សងព្រេង​របស់​មេគង្គ​យុវ​ទូត​» ស្តីពី​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​និង​កូរ៉េ​នៅក្នុង​ទីក្រុង​ភ្នំពេញ ពី​ម៉ោង​៩​ព្រឹក​ដល់​៧​ល្ងាច នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​កម្មវិធី​នេះ​ធ្វើឡើង ដើម្បី​បញ្ចប់​គម្រោង​ស្តីពី​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដែលមាន​រយៈពេល​១៥​ខែ​។ គម្រោង​នេះ​មាន​អ្នកចូលរួម​ជា​យុវជន​ប្រហែលជា ៣០ នាក់ ដោយ​ពួកគាត់​បានធ្វើ​ដំណើរ​ដើម្បី​សិក្សា​ស្វែងយល់ និង​លើកកម្ពស់​តម្លៃ​ដ៏​សំខាន់​នៃ​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡុ​ស៊ី​របស់​ទន្លេមេគង្គ តាមរយៈ​ការចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ សិក្ខាសាលា ការបណ្តុះបណ្តាល ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំនាញ​និង​ការធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​ទន្លេមេគង្គ​។​
 
 
​កញ្ញា អាំង សិរី​រតន៍ ដែលជា​សហ​ស្ថាបនិក​និង​អ្នកសម្របសម្រួល​មួយរូប​របស់​អេកូ​យុវ​ទូត បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ​មានបំណង​ដើម្បី​បង្ហាញ​នូវ​សមិទ្ធផល​របស់​មេគង្គ​យុវ​ទូត ក្នុងការ​អប់រំ​និង​អភិរក្ស​បរិស្ថាន ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ ដើម្បី​ជូនដំណឹង​ទៅដល់​ប្រជាជន​កម្ពុជា​អំពី​សារប្រយោជន៍​នៃ​ទន្លេមេគង្គ​។​
 
​កញ្ញា សិរី​រតន៍ បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា​៖
 
«​នៅក្នុង​កម្មវិធី «​ដំណើរ​ផ្សងព្រេង​របស់​មេគង្គ​យុវ​ទូត​» ស្តីពី​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​នេះ យើង​ចង់​ផ្តោត​សំខាន់​ធ្វើ​យ៉ាងម៉េច​ឲ្យ​គម្រោង​ដែល​យុវជន​ដែល​បានធ្វើ​កន្លងមក​នឹង​បាន​ឲ្យ​អ្នកដទៃ​ផ្សេងទៀត​បានដឹង​។ ពួក​ខ្ញុំ​នឹក​ឃើញថា គម្រោង​ដែល​យុវជន​ដែល​បានធ្វើ​នឹង​សុទ្ធតែជា​សកម្មភាព​ដែល​អ្នក​ដទៃទៀត គាត់​អាច​ចូលរួម​បានដែរ​។ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​អ្នកចូលរួម​ទាំង​យុវជន​ទាំង​សាលា និង​ទាំង​ស្ថាប័ន​ផ្សេងៗ​គាត់​បាន​ចូលរួម​កាន់តែច្រើន​បានឃើញ​ពី​ការងារ​ទាំងអស់នេះ ហើយ​គាត់​អាច​នឹងចូលរួម​សហកា​រ​ជាមួយ​យើង​ក្នុងការ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ទន្លេមេគង្គ​ត​ទៅមុខទៀត​»​។​
 
​ទន្លេមេគង្គ​គឺជា​ប្រភព​ទ្រទ្រង់​ជីវិត​ដ៏​សំខាន់បំផុត​សម្រាប់​ប្រជាជន​ជាង​៧០​លាន​នាក់​នៅ​បណ្តា​ប្រទេស​ដែល​ទន្លេមេគង្គ​ហូរ​កាត់ ដែល​ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ លោក សៀត លី​ឃាង ដែលជា​អ្នកសម្របសម្រួល​របស់​អេកូ​យុវ​ទូត បាន​ប្រាប់ VOA ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទន្លេមេគង្គ​បាន​ជួបប្រទះ​នឹង​បញ្ហា​ដូចជា​ការនេសាទ​ត្រី​ហួស​កម្រិត ការចុះអន់ថយ​នៃ​ទី​ជម្រាល​ទឹកទន្លេ​មេគង្គ សំរាម​ប្លា​ស្ទិ​ក និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​គំរាមកំហែង​ជីវចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេមេគង្គ​។​


សត្វផ្សោត​ហែល​លេង​ក្នុង​ទន្លេ​មេគង្គ​របស់​កម្ពុជា​នា​ពេល​កន្លង​ទៅ។ ​(រូបថត៖ WWF)
 
​អ្នកនេសាទ​នៅតែ​ប្រមូល​ផល​ដោយ​មិន​រើសមុខ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដោយ​មិន​គិតពី​ទំហំ​និង​ប្រភេទ​ត្រី​។ ជា​លទ្ធផល ប្រភេទ​ត្រី​ដែល​ធំ​និង​កម្រ​បំផុត ដូចជា​ត្រី​យក្ស​និង​ផ្សោត​ទន្លេ​កំពុង​ត្រូវបាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។ ការសាងសង់​ទំនប់​វារិ​អគ្គិសនី​ក៏បាន​ធ្វើ​ឲ្យ​បញ្ហា​ទាំងអស់នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយបាន​រំខាន​ដល់​សន្តិសុខ​អាហារ​ធម្មជាតិ​ក្នុង​តំបន់​។​
 
​លោក ប្រាជ្ញ សឿង​ជាលី ដែលជា​អ្នកសម្របសម្រួល​ផ្នែក​ចំណេះដឹង​របស់​អេកូ​យុវ​ទូត បាន​មើលឃើញ​ស្ថានភាព​ជាក់ស្តែង​នៃ​ទន្លេមេគង្គ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​ទន្លេមេគង្គ​។ លោក​ក៏បាន​កត់សម្គាល់​ឃើញថា ទន្លេមេគង្គ​ត្រូវបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​ការ​បោះចោល​សំរាម​មិនបាន​ត្រឹមត្រូវ​ផងដែរ​។​
 
​លោក ជាលី បាន​និយាយថា​៖
 
«​សុខភាព​របស់​ទឹកទន្លេ​របស់​យើង​អត់​សូវ​ល្អ​ទេ​។ ឃើញ​ទឹកទន្លេ​រង​ការបំពុល​ខ្លាំង​មែនទែន បំពុល​ដោយ​សំរាម​បំពុល​ដោយ​បង្ហូរទឹក​កខ្វក់​។ វា​ប៉ះពាល់​ខ្លាំង​មែនទែន​ទៅដល់​ធនធាន​និង​ជីវចំរុះ​នៅក្នុង​ទន្លេ​នឹង​ទាំងមូល​ហើយ​ទៅដល់​ប្រជាជន​ដែល​គាត់​យក​ផលប្រយោជន៍​ចេញពី​ទន្លេមេគង្គ​នេះ​ផ្ទាល់​ផងដែរ​»​។​
 
​បើតាម​ស​ន្ទ​ស្សន៍​នៃ​ការបំពេញ​ការងារ​ផ្នែក​បរិស្ថាន​ឆ្នាំ ២០១៨ ដែល​បាន​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ច្បាប់​និង​គោលនយោបាយ​បរិស្ថាន​នៃ​សាកលវិទ្យាល័យ Yale នៅ​សហរដ្ឋអាមេរិក ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ១៥០ ក្នុងចំណោម​ប្រទេស​ចំនួន ១៨០ ដែល​នេះ​ជាការ​ធ្លាក់​ពី​ចំណាត់​ថា្នក់​លេខ ១១៤ កាលពី​ប្រហែល ១០ ឆ្នាំមុន​។ ការណ៍​នេះ​បង្ហាញ​ពី​ភាពអវិជ្ជមាន​នៃ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​។​
 
​កញ្ញា អ៊ុំ រស្មី​ធីតា ដែលជា​សមាជិក​ម្នាក់រ​បស់​អេកូ​យុវ​ទូត បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ចម្បង​នៃ​បញ្ហា​ប្រឈម​ខាង​បរិស្ថាន​នៅ​កម្ពុជា​គឺ ការខ្វះ​ចំណេះដឹង​អំពី​បរិស្ថាន​របស់​ប្រជាជន​កម្ពុជា​។​
 
​កញ្ញា ធីតា បាន​និយាយថា​៖
 
«​គោល​បញ្ហា​ធំ​នឹង គឺ​ដោយសារតែ​ការ​ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា​នឹង​នៅមានកម្រិត​។ យើង​អត់​សូវ​បានដឹង​ច្បាស់​ពី​ថា​ការប៉ះពាល់​នៃ​បញ្ហា​បរិស្ថាន​នឹង​ថា​វា​ប៉ះពាល់​អ្វីខ្លះ​មកដល់​ការរស់នៅ​រាល់ថ្ងៃ​របស់​ពួកយើង​។ ឧទាហរណ៍​ដូចជា ការប្រើ​ប្លា​ស្ទិ​ក ពួកគាត់​អត់​ដឹងថា នៅពេលដែល​ប្រើ​ទៅ​វា​ប៉ះពាល់​យ៉ាងម៉េច គាត់​អត់​ទាន់​ឃើញនឹងភ្នែក​នោះទេ​។ ឥឡូវនេះ​គម្រោង​មេគង្គ​ដែល​ពួកយើង​កំពុង​ធ្វើ​នឹង​ក៏​យើង​បាន​បញ្ជ្រាប​ពី​បញ្ហា​ប្លា​ស្ទិ​ក​ដែរ ពីព្រោះ​អី​ប្លា​ស្ទិ​ក​ដែល​ប្រជាជន​យើង​ប្រើ​ភាគច្រើន​គាត់​ក៏បាន​បោះចោល​ចូលទៅក្នុង​ទន្លេមេគង្គ​។ អញ្ចឹង នេះ​អាច​ប៉ះពាល់​ទៅនឹង​ជីវចម្រុះ​ផ្សេងៗ​នៅក្នុង​ទន្លេ​នឹង​ដូចជា​ត្រី​និង​រុក្ខជាតិ​ផ្សេងៗ​»​។​


សមាជិកក្រុមអេកូយុវទូតបានធ្វើដំណើរទស្សនកិច្ចសិក្សានៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង តាមបណ្តោយទន្លេមេគង្គ ដើម្បីផ្សព្វផ្សាយពីអច្ចរិយភាពនៃទន្លេមេគង្គ កាលពីខែកក្កដា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យដោយអេកូយុវទូត)


សមាជិកក្រុមមេគង្គយុវទូតបានធ្វើដំណើរទស្សនកិច្ចសិក្សាមជ្ឈមណ្ឌល​អភិរក្ស​អណ្ដើក កន្ធាយ​មេគង្គគ កាលពីខែកក្កដា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យដោយអេកូយុវទូត)
 
​លោក ជាលី ក៏បាន​បន្ថែម​ដែរ​ថា បញ្ហា​បរិស្ថាន​គួរតែ​ត្រូវបាន​ដោះស្រាយ ពីព្រោះ​បរិស្ថាន​មាន​សារប្រយោជន៍​ណាស់​ក្នុងការ​ទ្រទ្រង់​ជីវិត​នៅលើ​ភពផែនដី​។ លោក​សង្កត់ធ្ងន់ថា មនុស្ស​ម្នាក់ៗ ដោយ​មិន​គិតពី​អាយុ កម្រិតសិក្សា​និង​ការងារ សុទ្ធ​តែមាន​តួនាទី​ក្នុងការ​ការពារ​បរិស្ថាន​។​
 
​លោក ជាលី បាន​បន្តទៀតថា​៖
 
«​រាល់ថ្ងៃ​នឹង បរិស្ថាន​ប្រៀបដូចជា​បេះដូង​របស់ខ្ញុំ​អញ្ចឹង​។ បើសិនជា​ខ្ញុំ​អត់​មាន​បរិស្ថាន​ទេ មានន័យថា ខ្ញុំ​មិនអាច​រស់នៅ​បាន​។ បញ្ហា​បរិស្ថាន​មិនមែនជា​បញ្ហា​ដែល​អ្នកធ្វើការ​ខាង​បរិស្ថាន​គាត់​ត្រូវតែ​ទទួលខុសត្រូវ​តែម្នាក់ឯង​នោះទេ​។ ប៉ុន្តែ​វា​ជា​ទំនួល​ខុសត្រូវ​របស់​មនុស្ស​គ្រប់គ្នា របស់​អ្នក​ទាំងអស់គ្នា របស់ខ្ញុំ ហើយនឹង​របស់​សង្គម​ជាតិ​របស់​យើង​ទាំងមូល​»​។​
 
​អេកូ​យុវ​ទូត​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រជាជន​គ្រប់រូប​អាចធ្វើ​សកម្មភាព​តូចៗ ដូចជា​ការផ្លាស់ប្តូ​រទ​ម្លា​ប់​ប្រើប្រាស់​ទំនិញ ជាពិសេស​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការមិន​បោះចោល​សំរាម​ផ្តេសផ្តាស ដែល​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​បរិស្ថាន​ល្អប្រសើរ​ហើយក៏​ជួយ​ថែរក្សា​ធនធានធម្មជាតិ​ផងដែរ​។​
 
​កញ្ញា សិរី​រតន៍ បាន​ប្រាប់ VOA ថា អេកូ​យុវ​ទូត​កំពុងធ្វើការ​ផ្លាស់ប្តូរ​ផ្នែក​បរិស្ថាន​តាមរយៈ​ការអប់រំ និង​ការចូលរួម​របស់​យុវជន ពីព្រោះ​ពួកគេ​ជឿថា យុវជន​មាន​សមត្ថភាព​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​ភាព​ច្នៃប្រឌិត​ចំពោះ​បញ្ហា​បរិស្ថាន​ដែល​កំពុងតែ​កើនឡើង​។​
 
​កញ្ញា សិរី​រតន៍ សង្ឃឹមថា កម្មវិធី «​ដំណើរ​ផ្សងព្រេង​របស់​មេគង្គ​យុវ​ទូត​» ស្តីពី​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​នេះ នឹង​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា ជាពិសេស​យុវជន​យល់ដឹង​កាន់តែច្បាស់​ពី​បញ្ហា​បរិស្ថាន ស្គាល់​ពី​តម្លៃ​ធនធានធម្មជាតិ​ដ៏​ច្រើន​របស់​ទន្លេមេគង្គ និង​ចូលរួម​កាន់តែច្រើន​ក្នុងការ​ការពារ​បរិស្ថាន​។​
 
​កម្មវិធី​នេះ​នឹងមាន​ការសម្តែង​ចម្រៀង​ពី​ក្រុម​តូច Small World Small Band និង​របាំ​សហ​សម័យ ដើម្បី​ឆ្លុះបញ្ចាំង​ពី​តថភាព​ដែលថា សកម្មភាព​មនុស្ស​កំពុង​បង្ក​អន្តរាយ​ដល់​ត្រី​និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេមេគង្គ​។ បន្ថែម​ពីលើ​ស​នេះ​ទៅទៀត ក៏មាន​សិក្ខាសាលា ការតាំង​ពិ​ពរ​ណ៌ និង​ការធ្វើ​ត្រាប់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន និង​លើកទឹកចិត្ត​ទស្សនិកជន​ចូលរួម​ក្នុងការ​អភិរក្ស​បរិស្ថាន​។​

 
 
​ក្រុម​អេកូ​យុវ​ទូត​នេះ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៥ មាន​គោលបំណង​ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​និង​ការផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​អប់រំ​បុគ្គល​និង​សង្គម​ពី​ការរស់នៅ​ដោយមាន​និរន្ត​ភាព និង​ប្រមូលផ្តុំ​សហគមន៍ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​អាកប្ប​កិរិយា​ដ៏​ចាំបាច់​ដើម្បី​ថែរក្សា​បរិស្ថាន​។​
 
​ចាប់តាំងពី​ឆ្នាំ ២០១៥ មក ដោយ​ទទួលបាន​ការគាំទ្រ​និង​ជំនួយ​មូលនិធិ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា អេកូ​យុវ​ទូត បាន​ផ្តួចផ្តើម​គម្រោង​បរិស្ថាន​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​ទឹក សត្វព្រៃ ព្រៃឈើ ប្លា​ស្ទិ​ក ថាមពល ការដឹកជញ្ជូន​និង​ចំណីអាហារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com