អន្តរជាតិ
សិង្ហ​បុរី​៖ បុរស​ម្នាក់​រង​ពិន័យ​២១៨​ដុល្លារ ព្រោះ​បាញ់​កៅស៊ូកង​ធ្លាក់​លើផ្លូវ​សាធារណៈ​
28, May 2019 , 10:17 am        
រូបភាព
រូបភាព Lianhe Wanbao
រូបភាព Lianhe Wanbao
​បុរស​សិង្ហ​បុរី​ម្នាក់ បាន​រង​ការពិន័យ​ទឹកប្រាក់​ចំនួន​៣០០​ដុល្លារ​សិង្ហ​បុរី (២១៨​ដុល្លារ​អាមេរិក​) បន្ទាប់ពី​បាន​បាញ់​កៅស៊ូកង ហើយក៏​ធ្លាក់​លើផ្លូវ​សាធារណៈ​។ ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី​និយាយ​នៅ​ថ្ងៃទី​២៧ ខែឧសភា ថា បុរស​ម្នាក់នេះ ជាប់​ពិន័យ​ពីបទ​ចោល​សំរាម​នៅ​ទីសាធារណៈ​។​

 
​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី (NEA) បាន​ប្រាប់​ទូរទស្សន៍ Channel NewsAsia ថា ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​សប្ដាហ៍​មុន ហើយ​បុរស​បង្កកំហុស​នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ចេញ​វិក្កយបត្រ​ផាកពិន័យ​ចំនួន​២១៨​ដុល្លារ​អាមេរិក​តែម្ដង​។ រូបភាព​របស់​វិក្កយបត្រ​ផាកពិន័យ​នេះ​សរសេរ​ពី​កំហុស​ថា «​ការ​ចោល​កៅស៊ូកងនៅ​ទីសាធារណៈ​» ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​យ៉ាង​ទូលំទូលាយ​។​
 
​បើតាម NEA មន្ត្រី​អនុវត្ត​ច្បាប់​របស់ខ្លួន​បាន​ប្រទះឃើញ​បុរស​ម្នាក់​នោះ ដើរ​សំដៅ​រថយន្ត​របស់ខ្លួន ហើយ​បាញ់​កៅស៊ូកង​ចំនួន​ពីរ​ឡើងលើ​បន្តបន្ទាប់​គ្នា ហើយក៏​ធ្លាក់​លើផ្លូវ​សាធារណៈ​។ មន្ត្រី NEA ក៏បាន​ប្រាប់​បុរស​រូបនេះ​ពី​កំហុស​ចោល​សំរាម​ផ្ដេសផ្ដាស ហើយក៏​ចេញ​វិក្កយបត្រ​ផាកពិន័យ​ទៅ​។ បុរស​នេះ មាន​ពេល​ដល់​ថ្ងៃទី​៨ ខែកក្កដា ដើម្បី​បង់ថ្លៃ​ពិន័យ​។​
 
​ក្នុងករណី​ខកខាន​បង់ប្រាក់​ពិន័យ​នេះ បុរស​ដែល​មិនត្រូវ​បានបញ្ចេញ​អត្ត​សញ្ញា​ណដដែល​នេះ នឹងត្រូវ​ឡើង​តុលាការ​មិន​ខាន​។ រូបគេ​ប្រឈម​មុខការ​ជាប់ពន្ធនាគា​រ ឬក៏​រង​ការពិន័យ​ជា​ប្រាក់​កាន់​តែធ្ងន់​ជាង​មុខ​ទៅទៀត​។ ហើយ​បើ​នៅមិន​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ​ទៀត​នោះ ជនបង្ក​ហេតុ នឹងត្រូវ​ចាប់ខ្លួន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទឹកដី​សិង្ហ​បុរី ហើយ​ការពិន័យ​នោះ ក៏​រឹតតែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
​កាលពី​ថ្ងៃទី​១៦ ខែឧសភា បុរស​ពីរ​នាក់ ក៏​រង​ពិន័យ​ម្នាក់​២១៨​ដុល្លារ​អាមេរិក​ដែរ បន្ទាប់ពី​ទុក​កំប៉ុង​ភេសជ្ជៈ​របស់​ពួកគេ​លើ​ប្រអប់​ឈើ​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​មួយកន្លែង​។ បួន​ថ្ងៃក្រោយ បុរស​ទាំងពីរ​ក៏បាន​បង់ប្រាក់​ពិន័យ​។​
 
​ទី​ភ្នា​ក់​បរិស្ថាន​សិង្ហ​បុរី ក៏​ឆ្លៀត​រំឭក​ពី​ផលប៉ះពាល់​លើ​បរិស្ថាន​តាមរយៈ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល ហើយ​ការសំអាត​បរិស្ថាន​ដោយ​ការ​ទុកដាក់​សំរាម​ត្រឹមត្រូវ ជា​សកម្មភាព​សមសួន និង​ជាការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​ផង​៕ 
 

Tag:
 សិង្ហ​បុរី​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com