Lampard ថា​នៅតែ​បន្ត​ជាមួយ Derby ហើយ​ច្រានចោល​ព័ត៌មាន​ទៅ​ដឹកនាំ Chelsea
កីឡាអន្តរជាតិ
អន្តរជាតិ
Lampard ថា​នៅតែ​បន្ត​ជាមួយ Derby ហើយ​ច្រានចោល​ព័ត៌មាន​ទៅ​ដឹកនាំ Chelsea
28, May 2019 , 11:01 am        
រូបភាព
Frank Lampard ចេញមក​អះអាងថា​លោក​នៅតែ «​ស្រឡាញ់​» ក្នុងការ​ធ្វើការ​នៅ Derby County បន្តទៀត បើទោះជា​ខកខាន​នាំ​ក្រុម​ឡើងទៅ​កាន់ Premier League បន្ទាប់ពី​ចាញ់  Aston Villa ២-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វគ្គ Play-Off នៅ​ថ្ងៃទី​២៧ ខែឧសភា​។​



​ការលើកឡើង​របស់ Lampard បែបនេះ​គឺ​នៅក្រោយពី​មានការ​លេចលឺ​ថា​រូបគេ​កំពុងមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​ទៅកាន់​ក្លិប​ចាស់ Chelsea វិញ​ដើម្បី​ជំនួស​លោក Maurizio Sarri ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​។ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី Sarri នៅ​រដូវ​កាល​ដំបូង ក្រុម​តោ​ខៀវ​ធ្វើ​មិនសូវ​បានល្អ​ឡើយ​បើទោះជា​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ទិញ​កីឡាករ​ល្អៗ​ក្តី​។​
 
​យ៉ាងណាក៏ដោយ​បើ​ទោះ​មាន​ព័ត៌មាន​បែបនេះ​ក្តី ប៉ុន្តែ​អតីត​ខ្សែបម្រើ​ឆ្មើ​ម Chelsea និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៤០​ឆ្នាំ ដែល​ឡើង​ដឹកនាំ Derby កាលពីដើម​រដូវ​កាល​មុន បាន​ចេញមក​បដិសេធ​អំពី​ការវិលត្រឡប់​ទៅ Stamford Bridge ដោយ​អះអាងថា​លោក​គ្មានអ្វី​ពាក់ព័ន្ធ​រឿង​ខាងលើ​ឡើយ​។​
 
«​ខ្ញុំ​មិនមាន​ការពិភាក្សា​អ្វី​ជាមួយ​នរណា​ផ្សេង​ទៀតឡើយ​។ ខ្ញុំ​ជា​អ្នកចាត់ការ​ក្លិប (Derby) ហើយ​ខ្ញុំ​មាន​មោទកភាព​ខ្លាំងណាស់​ដែល​បាន​ក្លាយជា​អ្នកចាត់ការ​ក្លិប​នេះ​។ ខ្ញុំ​មាន​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ ខ្ញុំ​ស្រឡាញ់​ការធ្វើការ​នៅទីនេះ ហើយ​ខ្ញុំ​ចង់​បន្តធ្វើ​ការងារ​នេះ​ដដែល​ដើម្បី​ជួយ​ក្លិប​ឲ្យ​រីកចម្រើន​»​។​
 
​ក្រុម Derby County ត្រូវ​បន្ត​លេង​នៅ​ក្របខណ្ឌ Championship រដូវ​កាល​ក្រោយ និង​ជា​រដូវ​កាល​ទី​១២​របស់ខ្លួន​ចាប់តាំងពី​ធ្លាក់​ពី​លី​គ​កំពូល​អង់គ្លេស​តាំងពី​ឆ្នាំ​២០០៨​មក​។ រីឯ Aston Villa ត្រូវ​បង្ហាញ​វត្ត​មាននៅ​ក្របខណ្ឌ Premier League ក្រោយ​ចំណាយពេល​៣​រដូវ​កាល​នៅ​ក្របខណ្ឌ Championship៕

Tag:
 បាល់ទាត់​
  Frank Lampard
  Derby County
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com