ជាតិ
២៥ខេត្ត/រាជធានី
ទោះ​មាន​វ័យ​៨០​ឆ្នាំ​លោកយាយ រឿន នៅតែ​អាច​ដាំ​បន្លែ​សរីរាង្គ​លក់​ឲ្យ​អ្នក​ភ្នំពេញ​ហូប
28, May 2019 , 11:41 am        
រូបភាព
​កំពង់ស្ពឺ​៖ មាន​វ័យ​៨០​ឆ្នាំ លោកយាយ​ម៉ែន សារឿន ប្រកប​របរ​ដាំ​បន្លែ​សរីរាង្គ​សម្រាប់​ផ្គត់ផ្គង់​ដល់​អតិថិជន​នៅក្នុង​ភូមិ និង​ផ្គត់ផ្គង់​មក​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​។ ទោះ​មាន​វ័យ​ចំណាស់ និង​កម្លាំង​ខ្សោយ​ក៏ដោយ លោកយាយ​ម៉ែន សារឿន នៅតែ​អាច​ថែទាំ និង​ដាំ​បន្លែ​សរីរាង្គ​បាន​យ៉ាង​ល្អ​។ កសិករ​វ័យ​៨០​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ អាច​រកចំណូលបាន​ពី ៥០ ទៅ​៦០​ម៉ឺន​រៀល​ក្នុង​មួយខែ​ពី​បន្លែ​សរីរាង្គ​។​



​ស្ថិតក្នុង​ភូមិ​អូរ​វែង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ លោកយាយ​ម៉ែន សារឿន ជា​កសិករ​ម្នា​ក់មាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​ក្រុម​កសិករ​ស្ត្រី ដែល​ដាំ​បន្លែ​សរីរាង្គ​លក់​នៅក្នុង​មូលដ្ឋាន និង​រាជធានី​ភ្នំពេញ​។ កសិករ សារឿន បាន​ដាំ​បន្លែ​សរីរាង្គ​ជាង​១០​ឆ្នាំ​មកហើយ ដោយ​ទទួលបាន​ការបណ្ដុះបណ្ដាល និង​ជំរុញ​ពី​អង្គការ​សេ​ដាក​។ កសិផល​ដែល​លោកយាយ សារឿន បាន​ដាំ​ត្រូវ​ផ្គត់ផ្គង់​មកកាន់​ផ្សារ​កសិផល​សេ​ដាក និង​ភោជនីយដ្ឋាន​អូ​ក្រា​ក្នុង​រាជធានី​ភ្នំពេញ​។ បន្លែ​សរីរាង្គ​របស់លោក​យាយ សារឿន បាន​ដាំ​រួមមាន​៖ សាឡាដ​, ស្ពៃក្រញាញ់​, ស្ពៃចង្កឹះ និង​ស្ពៃ​តឿ​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោកយាយ ម៉ែន សារឿន កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ដូចតទៅ​៖ 

 
​លោកយាយ សារឿន ត្រូវ​ដើរមក​ស្រោច​បន្លែ​សរីរាង្គ ដែល​ដាំ​នៅ​វាលស្រែ​ជិត​ផ្ទះ ២​ដង ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក និង​ពេល​ល្ងាច​។ ដូនចាស់​រូបនេះ លើកឡើងថា របរ​ដាំ​បន្លែ​សរីរាង្គ​បាន​ជួយ​ជីវភាព​លោកយាយ ដោយ​មិនចាំបាច់​កូនចៅ​ចិញ្ចឹម​ឡើយ​។ ម្យ៉ាងវិញទៀត ចំណូល​ដែល​លោកយាយ​រកបាន អាច​ផ្គត់ផ្គង់​តម្រូវ​ខ្លួនឯង និង​ទុក​មួយចំណែក​សម្រាប់​ធ្វើបុណ្យ​ទាន​ផងដែរ​។ កសិករ​វ័យ​៨០​ឆ្នាំ​រូបនេះ ចាត់ទុក​ការដាំ​បន្លែ គឺ​ជួយ​ដល់​សុខភាព​។ លោកយាយ សារឿន បញ្ជាក់ថា ទាល់តែ​រែក​ទឹក​ស្រោច​បន្លែ​លែងរួច​ទើប​លោកយាយ​ឈប់​ដាំ​បន្លែ​សរីរាង្គ​នេះ​លក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com