ជាតិ
សង្គមជាតិ
កម្ពុជានាំចូលជ្រូកពីថៃជិត២ពាន់ក្បាលក្នុងមួយថ្ងៃ ខណៈជ្រូកនៅវៀតណាមមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ កម្ពុជាបិទការនាំចូលជ្រូកពីប្រទេសវៀតណាមជាង៣ខែមកហើយ ក្រោយពីវៀតណាមមានផ្ទុះជំងឺជ្រូកប៉េស្តអាហ្រិ្វកកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។ គិតត្រឹមខែឧសភានេះ អាជ្ញាធរវៀតណាមបានសម្លាប់ជ្រូកជិត២លានក្បាល ដើម្បីទប់ស្កាត់ជំងឺប៉េស្តដែលកំពុងរាលដាលខ្លាំង។ បច្ចុប្បន្នកម្ពុជានាំចូលជ្រូកជិត២ពាន់ក្បាលពីប្រទេសថៃក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។
លោក តាន់ ផាន់ណារ៉ា ប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រសួងបានបង្គាប់ឲ្យអាជ្ញាធរដែលនៅព្រំដែនជាប់ប្រទេសវៀតណាមបិទការនាំចូលជ្រូកពីវៀតណាមហើយ ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូក។ ចំពោះរាល់ការនាំចូលជ្រូកពីវៀតណាមនោះ លុះត្រាតែមានលិខិតបញ្ជាក់ត្រឹមត្រូវពីពេទ្យសត្វវៀតណាម ដែលធានាថាជ្រូកទាំងនោះ គ្មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ លោកផាន់ណារ៉ា បានបញ្ជាក់ថា៖ «បើមានការនាំចូលជ្រូកពីវៀតណាមខុសច្បាប់ យើងនឹងចាត់វិធានការតាមច្បាប់»។
ក្រៅពីប្រាប់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់ខេត្ត-ក្រុងទាំងអស់ ពង្រឹងការត្រួតពិនិត្យការនាំចូលជ្រូកពីវៀតណាមនេះ ក្រសួងកសិកម្ម ក៏បានប្រាប់ឲ្យម្ចាស់អាជីវកម្ម ក្រុមហ៊ុននាំចូលជ្រូកផ្អាកការនាំចូលពីប្រទេសវៀតណាម ដោយងាកទៅយកជ្រូកពីប្រទេសថៃវិញផងដែរ។ បើតាមប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរូបនេះ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ហើយក្នុងការបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានី-ខេត្តក្រុង បន្ទាប់ពីមានការនាំចូលជ្រូកពីប្រទេសថៃពី១៥០០ក្បាល ទៅ២០០០ក្បាលក្នុងមួយថ្ងៃ។
«យើងនៅតែបន្តការតាមដាន និងទប់ស្កាត់ករណីប៉េស្តជ្រូកអាហ្វ្រិកនេះបន្ថែមទៀត»។ នេះបើតាមការបញ្ជាក់របស់លោក ផាន់ណារ៉ា ដែលបានបន្ថែមថា ពុំមានករណីជ្រូកប៉េស្តអាហ្រិ្វកកើតឡើងនៅកម្ពុជាទៀតទេ។
បើគិតត្រឹមខែឧសភានេះ អាជ្ញាធរវៀតណាមបានសម្លាប់ជ្រូកជិត២លានក្បាលដែលផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកហើយ ដើម្បីរារាំងកុំឲ្យជំងឺនេះរាតត្បាតឲ្យកាន់តែខ្លាំងឡើង ខណៈពេលដែលជំងឺនេះកំពុងរាលដាលដល់ខេត្តចំនួន៤២ក្នុងចំណោមខេត្តទាំង៦៣របស់ប្រទេសវៀតណាម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មវៀតណាមដែលចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងលើកដំបូងនៅឆ្នាំ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក និងចុងក្រោយ ជំងឺនេះបានផ្ទុះឡើងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៨ រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន។ បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម៕
Tag:
ជ្រូក
កម្ពុជា
ថៃ
វៀតណាម
ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com