អន្តរជាតិ
លោក ម៉ាឌុយរ៉ូ សន្យាបង្ហាញជំហរស្មោះត្រង់ក្នុងការចរចាជាមួយក្រុមប្រឆាំងនៅន័រវ៉េស រូបភាព-AFP
× បេសកជនរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងតំណាងក្រុមប្រឆាំង នឹងជួបចរចាទទល់មុខជាលើកដំបូងនៅទឹកដីន័រវ៉េសក្នុងសប្ដាហ៍នេះ។ នៅថ្ងៃទី២៧ ខែឧសភា ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ សន្យាបង្ហាញជំហរសុចរិតក្នុងការចរចាជាមួយក្រុមប្រឆាំងដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រទេសជាតិ។ ការអូសបន្លាយវិបត្តិនយោបាយនៅវ៉េណេស៊ុយអេឡា កំពុងធ្វើឲ្យប្រជាជនរងគ្រោះធ្ងន់ធ្ងរ ហើយសេដ្ឋកិច្ចវ៉េណេស៊ុយអេឡាក៏ដុនដាបកាន់តែខ្លាំងដែរ។
តំណាងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌុយរ៉ូ និងតំណាងក្រុមប្រឆាំង នឹងធ្វើដំណើរទៅកាន់ទីក្រុងអូស្លូ ទឹកដីន័រវ៉េសដើម្បីបន្តការជជែកជុំទីពីរ សំដៅដោះស្រាយវិបត្តិនយោបាយនៅវ៉េណេស៊ុយអេឡា។ សម្រាប់ការចរចាជុំទីមួយ ភាគីទាំងពីរបានប្រាប់ន័រវ៉េសដែលកំពុងដើរតួនាទីសម្របសម្រួលពីជំហររៀងៗខ្លួន ប៉ុន្តែមិនបានជួបគ្នាតទល់ឡើយ។ ជំនួបសប្ដាហ៍នេះ នឹងក្លាយជាការជួបតទល់លើកទីមួយរវាងភាគីជម្លោះទាំងពីរ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ និយាយថា រដ្ឋមន្ត្រីគមនាគមន៍ Jorge Rodriguez និងអភិបាលរដ្ឋ Miranda លោក Hector Rodriguez នឹងដឹកនាំប្រតិភូតំណាងរដ្ឋាភិបាលទីក្រុងការ៉ាកាស។ លោក Jorge Arreaza រដ្ឋមន្ត្រីការបរទេសដែលអវត្តមានក្នុងការជជែកជុំទីមួយ ក៏នឹងចូលរួមការចរចាក្នុងសប្ដាហ៍នេះដែរ។ លោក ម៉ាឌុយរ៉ូ សន្យាថា ប្រតិភូរបស់លោក នឹងបង្ហាញពីទង្វើសុចរិត ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវសន្តិភាព និងប្រជាធិបតេយ្យ។
យ៉ាងណាមិញ មេដឹកនាំសង្គមនិយមរូបនេះ ចាត់ទុការចរចានៅទីក្រុងអូស្លូ ជាជំនួបរវាងរដ្ឋាភិបាល និងកងទ័ពស្របច្បាប់ជាមួយក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមផ្ដួលរំលំរដ្ឋាភិបាលដើម្បីប្រយោជន៍អាមេរិក។ លោក ម៉ាឌុយរ៉ូ ក៏ចាត់ទុកការចរចានេះ ជាឱកាសដើម្បីសន្តិភាពដែរ។
ចំណែកមេដឹកនាំប្រឆាំងលោក ហ័ន ក្វៃដូ បានស្វាគមន៍ការចរចានៅអូស្លូ តែលោកក៏ប្រាប់ទៅរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ ដែរថា ក្រុមប្រឆាំងនឹងមិនបណ្ដោយខ្លួនឲ្យធ្លាក់ចូលអន្ទាក់ពន្យារពេលឡើយ។ ក្រុមប្រឆាំងបានចោទរបបដឹកនាំលោក ម៉ាឌុយរ៉ូ ថា ប្រើប្រាស់ការចរចាដើម្បីតែអូសបន្លាយការកាន់កាប់អំណាចប៉ុណ្ណោះ។ ឯអាមេរិកវិញ ក៏ប្រកាសជំហរចង់ឲ្យការចរចាផ្ដោតលើលក្ខខណ្ឌមួយ គឺការចាកចេញពីតំណែងរបស់លោក ម៉ាឌុយរ៉ូ ។
វិបត្តិនយោបាយរវាងលោក ម៉ាឌុយរ៉ូ និងលោក ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្ននោះ ធ្វើឲ្យវ៉េណេស៊ុយអេឡាផុងខ្លួនវិបត្តិកាន់តែជ្រៅ។ លោក ម៉ាឌុយរ៉ូ បានបាត់ការគាំទ្រច្រើនពីសំណាក់សហគមន៍អន្តរជាតិងាកទៅរកក្រុមប្រឆាំង ប៉ុន្តែនៅមានរុស្ស៊ី ចិន និងអ៊ីរ៉ង់ជាសម្ព័ន្ធមិត្ត ឯក្នុងស្រុកមានយោធាជាខ្នងបង្អែកផង។ លោក ក្វៃដូ ត្រូវបានទទួលស្គាល់ជាមេដឹកនាំស្របច្បាប់ដោយប្រទេសជាង៥០ ប៉ុន្តែមិនអាចធ្វើអ្វីលោក ម៉ាឌុយរ៉ូ បានឡើយ៕
Tag:
វ៉េណេស៊ុយអេឡា
ន័រវ៉េស
នីកូឡាស់ ម៉ាឌុយរ៉ូ
ហ័ន ក្វៃដូ
© រក្សាសិទ្ធិដោយ thmeythmey.com