ជាតិ
២៥ខេត្ត/រាជធានី
អ្នកជំនាញកំពុងសិក្សានាំ«ផ្កាអំបិល»ខេត្តកំពតជិត១០តោនទៅជប៉ុន និងអឺរ៉ុប
× កំពត៖ កំពត គឺជាខេត្តផលិតអំបិលធំជាងគេនៅក្នុងប្រទេសកម្ពុជា។ គុណភាពអំបិលខេត្តកំពត ដែលផលិតដោយដៃជាលក្ខណៈប្រពៃណីរបស់ប្រជាកសិករ នៅក្នុងសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ត្រូវបានឈ្មួញនៅប្រទេសបារាំងបញ្ជាទិញចំនួន១០៨តោន តាមរយៈក្រុមហ៊ុន Confirel កាលពីមុខែមេសា ឆ្នាំ២០១៩នេះ។ ទន្ទឹមនឹងភាពល្បីល្បាញពីអំបិលកំពតនេះ «ផ្កាអំបិល» ដែលជាប្រភេទអំបិលដ៏កម្រ និងមានអត្ថប្រយោជន៍ច្រើននេះ ត្រូវបានក្រុមកសិករ ១០គ្រួសារ ប្រមូលផ្កាអំបិលបានជិត១០តោន ហើយពួកគាត់កំពុងសិក្សាពីការនាំចេញទៅសហភាពអឺរ៉ុប និងទៅប្រទេសជប៉ុន។
សម្រាប់សហគមន៍អ្នកផលិតអំបិលកំពត-កែប ការប្រមូលផលផ្កាអំបិល គឺជារឿងថ្មី ប៉ុន្តែ លោក ប៊ុន រិន ប្រធានបច្ចេកទេសនៃសហគមអ្នកផលិតអំបិលកំពត-កែប បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ នេះ មានសមាជិកចំនួន ១០គ្រួសារ ប្រមូលផ្កាអំបិលបានជិត១០តោន។ ហើយពួកគាត់ កំពុងសិក្សាពីការនាំផ្កាអំបិលទាំងនោះ ទៅសហភាពអឺរ៉ុប និងទៅប្រទេសជប៉ុន»។
កាលពីឆ្នាំ២០១៨កន្លងទៅ លោក ប៊ុន រិន បានបញ្ជាក់ថា ក្រុមកសិករទាំងនោះ បាននាំផ្កាអំបិលទៅប្រទេសជប៉ុនបានប្រមាណ៥០០គីឡូក្រាម ដោយ លក់ក្នុងតម្លៃរង្វង់ពី៦ទៅ៧ដុល្លារក្នុងមួយគីឡូក្រាម។ ដោយឡែកផ្កាអំបិល លក់រាយក្នុងស្រុកទៅឱ្យភោជនីដ្ឋានធំៗ មានតម្លៃពី១០ទៅ១៥ដុល្លារក្នុងមួយគីឡូក្រាម។
ផ្កាអំបិល គឺជាអំបិលកម្រមួយប្រភេទ ដែលអណ្តែតលើផ្ទៃទឹកក្នុងស្រែអំបិល ប៉ុន្តែ មិនសូវមានអ្នកចាប់អារម្មណ៍ និងដឹងពីអត្ថប្រយោជន៍របស់វាឡើយ។ លក្ខណៈពិសេសនៃ «ផ្កាអំបិល» គឺមានសារធាតុសូដ្យូមតិច និងមិនសូវមានជាតិប្រៃខ្លាំង។ លោក ប៊ុន រិន ប្រធានបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប បានប្រាប់ ThmeyTmey 25 ថា គេអាចប្រើប្រាស់ដើម្បីថែរក្សាសម្រស់នារី និងជួយដល់សុខភាពបានច្រើន ហើយផ្កាអំបិលជាទូទៅគេយកខ្ចប់ធ្វើជាកាដូ ឬអំណោយសម្រាប់ឱ្យអ្នកធំៗ ឬភ្ញៀវបរទេស។ សម្រាប់ផ្កាអំបិលនេះ សហគមន៍ ក៏បានយកទៅចូលរួមតាំងពិព័រណ៍នៅបរទេសផងដែរ។
សហគ្រិនស្ត្រីវ័យក្មេង ថូង ធីតា ដែលមានស្រែអំបិលផ្ទាល់ខ្លួន និងជាអ្នកទិញផ្កាអំបិលពីកសិករផងនោះ បានពន្យល់ពីការផលិតផ្កាអំបិលនេះថា ដើម្បីផលិត «ផ្កាអំបិល» បាន កសិករដែលរស់នៅភូមិស្រែ ឃុំត្រើយកោះ ក្រុងកំពត ខេត្តកំពត ត្រូវយកអំបិលដែលអណ្តែតនៅលើផ្ទៃទឹកក្នុងស្រែអំបិលនោះ មកហាលឲ្យស្ងួត ដើម្បីឲ្យក្លាយជាផ្កាអំបិល។ ការដាក់ហាលនេះ គឺមានរយ:ពេលកំណត់យូរថ្ងៃជាងការហាលអំបិលធម្មតា ដែលមានរយៈពេលត្រឹមតែ៣ទៅ៤ថ្ងៃប៉ុណ្ណោះ។
កញ្ញា ថូង ធីតា ម្ចាស់សហគ្រាសផលិតអំបិលធម្មជាតិថូង អ៊ិនធឺប្រៃស៍ (Thaung Enterprise) នៅខេត្តកំពត បានបញ្ជាក់ប្រាប់ ThmeyThmey25 ថា ការយកអំបិលអណ្តែតលើផ្ទៃទឹកក្នុងស្រែអំបិលនោះ មកហាលបន្ថែម គឺត្រូវការកម្ដៅថ្ងៃក្ដៅល្មម រួមផ្សំនឹងខ្យល់ធម្មជាតិ និងអាកាសធាតុល្អប្រសើរ ទើបផលិតបានជាផ្កាអំបិលដែលមានគុណភាពល្អ។ ផ្កាអំបិលនេះ មិនមែនកើតមាននៅគ្រប់រដូវទេ ពោលគឺវាមានផ្កានៅអំឡុងខែមេសា ឬឧសភា ប៉ុណ្ណោះ ដែលគេហៅថា ខែចែត្រក្ដៅខ្លាំង។ «ផ្កាអំបិល» មិនមែនជាអំបិលក្រួសនោះទេ ពោលគឺវាជាគ្រាប់អំបិលល្អិតៗ និងសជាងអំបិលធម្មតា៕
Tag:
ផ្កាអំបិល
អំបិលកំពត
ជំនួញ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com