ជាតិ
សង្គមជាតិ
លោក​រ៉ាត់ រត្ន​មុនី ត្រូវ​កាត់ក្តី​ចុងខែ​នេះ​, លោក​សុខ ឥសាន ថា​ជ្រៀតជ្រែក​តុលាការ បើ​មានមតិ
28, May 2019 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​សំណុំរឿង​របស់លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​បិទ​បញ្ចប់​ហើយ ក្រោយ​ឆ្លងកាត់​ការ​ស៊ើបសួរ​ជាង​កន្លះ​ឆ្នាំ​។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេចយក​សំណុំរឿង​របស់លោក ទៅ​ជំនុំជម្រះ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។


 
​លោក រ៉ាត់ រត្ន​មុនី បាន​រង​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​» ក្រោយពី​លោក​ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ឯកសារ​មួយ ដែលមាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​។ ខ្សែភាពយន្ត​នេះ ចាប់ផ្តើម​ផ្ទុះឡើង និង​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​តាមដាន បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​មួយ​របស់​រុស្ស៊ី​ឈ្មោះ RT យកទៅ​ផ្សព្វផ្សាយ នៅ​ចុងឆ្នាំ​២០១៨​។​
 
​លោក សំ ទិ​ត្យ​សីហា មេធាវី​របស់លោក រ៉ាត់ រត្ន​មុនី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការចោទប្រកាន់​របស់​តុលាការ ហាក់​មិនសូវ​ច្បាស់​ឡើយ​។ លោក បកស្រាយ​ថា កូនក្តី​របស់លោក គ្រាន់តែ​ជា​អ្នក​ប្រែ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​អង់គ្លេស និង​ពី​ភាសា​អង់គ្លេស មកជា​ភាសា​ខ្មែរ នៅក្នុង​ខ្សែភាពយន្ត​នេះ​ប៉ុណ្ណោះ គឺ​មិនមែនជា​អ្នក​ផលិត​ឬ​ដឹកនាំ​សម្តែង​នោះទេ​។ 
 
​លោក​មេធាវី បន្តថា កូនក្តី​របស់លោក ក៏​មិនមាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬក៏​ធ្វើ​ឲ្យ​ខូច​មុខមាត់​ប្រទេសជាតិ​ដែរ ហើយ​ម្យ៉ាងទៀត កូនក្តី​របស់លោក ថែមទាំង​បាន​សុំ​ការអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ មុននឹង​ចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​នេះ​។ «​ខ្ញុំ មិន​ហ៊ាន​និយាយ​យ៉ាងម៉េច​ទេ ព្រោះ​ការសម្រេច គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ តែ ក្នុងនាម​ខ្ញុំ​ជា​មេធាវី ខ្ញុំ​សង្ឃឹមថា កូនក្តី​របស់ខ្ញុំ នឹង​រួច​ផុតពី​ការចោទប្រកាន់ នៅក្នុង​សវនាការ​»​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​បញ្ចេញយោបល់​ខ្លី​អំពី​សំណុំរឿង​របស់លោក រ៉ាត់ រត្ន​មុនី ដែល​ជិត​នឹង​ឈានដល់​ការជំនុំជម្រះ​។ លោក បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា «​ការ​មានមតិ​ទាំងឡាយ​ពាក់​ព័​ន្ធឹ​ង​តុលាការ គឺជា​ការជ្រៀតជ្រែក​កិច្ចការ​តុលាការ ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ​»​។​
 
​អាជ្ញាធរ​ខ្មែរ អះអាងថា ភាពយន្ត​ឯកសារ​ខាងលើ ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ គឺជា​រឿងប្រឌិត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​។ ដោយមាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា សមត្ថកិច្ច​ថៃ បាន​ចាប់បញ្ជូន​លោក រ៉ាត់ រត្ន​មុនី ពី​ថៃ មក​កម្ពុជា​វិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៨​។ 
 
​កន្លងមក ភរិយា​របស់លោក រ៉ាត់ រត្ន​មុនី និង​ប្រជាពលរដ្ឋ​មួយចំនួន ខិតខំ​សុំ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍​ជា​ញឹកញាប់​ដែរ តែ​មិនបាន​ទទួលផល​វិជ្ជមាន​ឡើយ​៕
 

Tag:
 រ៉ាត់ រត្ន​មុនី​
  តុលាការ​
 ​មេធាវី​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com