កីឡាអន្តរជាតិ
អន្តរជាតិ
Grealish ប្រធានក្រុម Aston បង្ហាញពីឥទ្ធិពលនៃស្បែកជើងកញ្ចាស់របស់ខ្លួន
× អាគមផ្សំអាយ៉ូស! កីឡាករ Jack Grealish មិនមែនជាមនុស្សដែលងប់ងុលនឹងជំនឿអរូបិយនោះឡើយ ប៉ុន្តែប្រធានក្រុម Aston Villa រូបនេះ បានមើលឃើញផលវិជ្ជមានជាបន្តបន្ទាប់នៅពេលពាក់ស្បែកជើងតម្លៃជាង៣០០ដុល្លារអាមេរិករបស់ខ្លួន បើទោះបីជាវារបកស្បែកដាច់ដោចក៏ដោយ។ នាជំនួបវគ្គផ្តាច់ព្រ័ត្រ Play-Off រវាង Aston Villa និង Derby County ខ្សែបម្រើ Greahlish បានបន្តពាក់វា ដែលក្រោយមក Aston បានឡើងទៅកាន់ក្របខណ្ឌ Premier League វិញជាមួយនឹងលទ្ធផល ២-១ បើទោះបីជាគ្មានចំណែកគ្រាប់បាល់របស់គេក៏ដោយ។
ស្បែកជើងម៉ាក Nikes Hypervenom Phantom III របស់ Grealish ដែលនៅថ្មីមានតម្លៃប្រហែល ២៤០ផោន (៣០៤ដុល្លារអាមេរិក) គឺស្ទើរតែត្រូវបោះចោលទៅហើយព្រោះវាដាច់ដោចរបកស្បែកខាងក្រៅចេញស្នាមប្រៀមជើងច្បាស់នឹងភ្នែក។ បើមើលពីស្ថានភាពខាងក្រៅ ស្បែកជើងមួយគូនេះគឺប្រើប្រាស់រយៈពេលយូរមកហើយ។
ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះ បានពន្យល់ពីរឿងដ៏អស្ចារ្យជុំវិញការប្រើស្បែកជើងកញ្ចាស់របស់ខ្លួនប្រាប់ Sky Sports នៅក្រោយបញ្ចប់ការប្រកួតនៅទីលាន Wembley ថា ស្បែកជើងនេះរូបគេពាក់តាំងពីដើមខែមីនាមកម្លេះ។
«ជាពីរបួសវិញភ្លាមខ្ញុំបានពាក់ស្បែកជើងថ្មីនេះ ដោយរកគ្រាប់ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឲ្យដៃគូសម្រេចទីបានបីបួនគ្រាប់ភ្លាម។ ខ្ញុំគិតថានេះជាស្បែកជើងនាំសំណាងរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែរក្សាវាទុក»។
១០ប្រកួតចុងក្រោយនៅក្របខណ្ឌ Championship ក្រុមដែលមានលោក John Terry ជាជំនួយការនេះឈ្នះទាំង១០ប្រកួតគួរឲ្យភ្ញាក់ផ្អើលតែម្តង រហូតបានកៅអីលេង play-off ក្នុងចំណោម៤ក្រុម។
ទីបំផុត Aston Villa ពិតជាបានឡើងទៅកាន់ក្របខណ្ឌកំពូល Premier League វិញ បន្ទាប់ពីចំណាយពេល៣រដូវកាលនៅក្របខណ្ឌ Championship តាមរយៈការឈ្នះ Derby County ២-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រវគ្គ Play-Off៕
Tag:
បាល់ទាត់
Jack Grealish
Aston Villa
© រក្សាសិទ្ធិដោយ thmeythmey.com