កីឡាជាតិ
ជាតិ
កម្ពុជា​បញ្ជូន​កីឡាករ​៦​រូប​ទៅ​ពង្រឹងសមត្ថភាព​នៅ​ចិន ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​
28, May 2019 , 4:11 pm        
រូបភាព
កីឡាករកីឡាការិនីថតជាមួយថ្នាក់ដឹកនាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនចេញដំណើរ
កីឡាករកីឡាការិនីថតជាមួយថ្នាក់ដឹកនាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនចេញដំណើរ
ដោយ:
​កម្ពុជា​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៦​រូប ឲ្យ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ពួកគេ​ទាំង​៦​រូប​នឹង​ហ្វឹកហាត់​នៅ​ទីនោះ រហូតដល់​ការប្រកួត​តែម្តង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន ដែល​អមដំណើរ​ជាមួយ​កីឡាករ​ទាំងនេះ ទៅ​ប្រទេស​ចិន​។ តាមរយៈ​ការហ្វឹកហាត់​នៅ​ចិន កម្ពុជា​រំពឹងថា ពួកគេ​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​។

 
 
​កីឡាករ​កីឡាការិនី​លើ​ប្រភេទ​កីឡា​ចំបាប់ និង​កាយសម្ព័ន្ធ​ចំនួន​៦​នាក់ ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ចិន​រយៈពេល​៦​ខែ គឺ​ចន្លោះ​ពី​ខែឧសភា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ការ​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន​នេះ គឺ​ដើម្បី​ត្រៀម​ការ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩ ខាងមុខនេះ​។ 
 
​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលជា​អ្នក​ជូន​ដំណើរ​កីឡាករ​ទាំង​៦​រូប​ទៅ​ប្រទេស​ចិន កីឡាករ​កីឡាការិនី​កម្ពុជា​ទាំងនេះ នឹង​ហ្វឹកហាត់​នៅ​ទីនោះ​រហូតដល់​ការប្រកួត​តែម្តង​។ ពោលគឺ​ពួកគេ​នឹង​ចាក​ចេញពី​ប្រទេស​ចិន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​តែម្តង​។ 


 
​អគ្គលេខាធិការ​រូបនេះ​រំពឹងថា កីឡាករ​ទាំង​៦​រូប​នឹង​ទទួលបាន​បទពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​និង​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ ក្នុង​ការឈាន​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ស៊ី​ហ្គេម​ជូន​ជាតិ​នៅ​ឆ្នាំនេះ​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍ​សមត្ថភាព គោរព​វិន័យ និង​ចៀសវាង​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្លួនឯង និង​ប្រទេសជាតិ​។ 
 
​កីឡាករ​កីឡាការិនី​ទាំងនេះ​រួមមាន​កីឡាការិនី​ចំបាប់ ឌន ស្រស់​, ជា កញ្ញា​, ឌិ​ត សំណាង​, សឿន នឿន​, យុន ដា​ណេ និង​កីឡាករ​កាយសម្ព័ន្ធ អៀ សៀវ​មីង​។ ពួកគេ​ទាំងនេះ​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ដោយមាន​លោក វ៉ា​ត់ ចំរើន និង​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ អមដំណើរ​ជាមួយ​។ សម្រាប់​ការហ្វឹកហាត់​នៅ​ប្រទេស​ចិន​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​ទាំងស្រុង​ពី​លោក ថា​ង ហ្គោ​ដុង (Tang Gordon) អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​កម្ពុជា ក៏មាន​គម្រោង​បញ្ជូន​កីឡាករ​កីឡាការិនី​ទ្រង់ទ្រាយ​ធំ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស​រយៈ​វែង ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ផងដែរ​។ «​បន្ទាប់ពី​១​ក្រុម​នេះ ប្រហែលជា​២​ទៅ ៣​ខែ​ខាងមុខ យើង​នឹងមាន​រៀបចំ​១​ក្រុម​ធំ​ប្រមាណ​ជាង​១០០​នាក់​ទៀត ទៅ​ហ្វឹកហាត់​នៅ​ចិន កូរ៉េ និង​ជប៉ុន ដើម្បី​ជំរុញ​គុណភាព​ហ្វឹកហាត់​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការហ្វឹកហាត់​នេះ​គ្រោង​នឹង​ចាប់ផ្តើម​ពី​ឆ្នាំនេះ​ដល់​ឆ្នាំ​២០២៣​តែម្ដង​»​។​
 
​កីឡាករ អៀ សៀវ​មីង ជា​កីឡាករ​កាយសម្ព័ន្ធ​ទី​២ ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​ចិន​ឆ្នាំនេះ ក្រោយ​កីឡាករ វៃ ភ័​ក្ត្រា ត្រូវបាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ប្រទេស​នេះ​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​។ មិន​ខុសពី សៀ​មីង នោះទេ ការហ្វឹកហាត់​របស់ ភ័​ក្ត្រា ក៏​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ផងដែរ​៕ 






 

Tag:
 ចំបាប់​
  កាយសម្ព័ន្ធ​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com