សុខភាព
អន្តរជាតិ
WHO ទទួលស្គាល់​ផ្លូវការ​ថា ការ​តប់ប្រមល់​នឹង​ការងារ​បរាជ័យ (Burn-out) ជា​ជំងឺ​
28, May 2019 , 8:19 pm        
រូបភាព
ដោយ:
​ពាក្យ «Burn-out» ត្រូវបាន​ប្រើប្រាស់​ជា​លើកដំបូង​កាលពី​ឆ្នាំ​១៩៧៤ ដោយ​អ្នក​ចិត្តសាស្ត្រ​ជនជាតិ​អាមេរិក ដើមកំណើត​អាល្លឺម៉ង់ ម្នាក់​ឈ្មោះថា​លោក Herbert Freudenberger ។ កាលនោះ និយមន័យ​នៃ​ពាក្យ Burn-out នេះ សំដៅលើ​អាកា​រៈ​ម្យ៉ាង ដែល​កើត​មកពី​បុគ្គលិក មាន​អារម្មណ៍​ស្ត្រេ​សនឹង​ការងារ ដែល​ពួកគេ ពុំ​អាច​សម្រេច​ជោគជ័យ ទោះបីជា​រយៈពេល​វែង​ក្តី​។

 
​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែឧសភា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានទទួល​ស្គាល់​ជា​លើកដំបូង​ថា «burn-out» នេះ ជា​ជំងឺ​ម្យ៉ាង ដែល​ចាំបាច់​ឲ្យ​អ្នករងគ្រោះ​ដោយសារ​ជំងឺ​នេះ ស្វះ​ស្វែងរក​ការប្រឹក្សា​ព្យាបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន  AFP ។​
 
​ដាក់បញ្ចូល​ជា​ផ្លូវការ​ក្នុង​បញ្ជី​ការចាត់​ថ្នាក់​អន្តរជាតិ​សម្រាប់​ជំងឺ (ICD) អង្គការ WHO ឲ្យ​និយមន័យ Burnout ថា «​ជា​អាកា​រៈ​ម្យ៉ាង ដែល​កើតឡើង​ព្រោះតែ អារម្មណ៍​ស្ត្រេ​ស​នៅ​កន្លែងធ្វើការ​រ៉ាំរ៉ៃ ដែល​បុគ្គលិក​ខ្លួនឯង ពុំ​អាច​ដោះស្រាយ​ឲ្យ​បាន​ជោគជ័យ​»​។ 
 
​តាម WHO អាកា​រៈ​ជំងឺ Burn-out នេះ លេចឡើង​ក្រោមរូបភាព​ចំនួន​បី​ធំៗ ទី​១៖ «​មាន​អារម្មណ៍​ហត់នឿយ​អស់កម្លាំង​», ទី​២៖«​កើនឡើង​អារម្មណ៍​ធុញទ្រាន់​នឹង​ការងារ ឬ​មាន​អារម្មណ៍​អវិជ្ជមាន ឬ​បាត់បង់​ទំនុកចិត្ត​លើ​ការងារ​» និង​ទី​បី​៖ «​ផលិតភាព​ការងារ​ថយចុះ​»​។​
 
​សូមបញ្ជាក់ថា បញ្ជី ICD កំណែទម្រង់​ថ្មី ដែល​ស្គាល់​ថា ICD-11 ត្រូវបាន​តាក់តែងឡើង​កាលពី​ឆ្នាំមុន ក្រោយពី​ទទួល​ការស្នើសុំ​ពី​សំណាក់​ក្រុម​អ្នកជំនាញ​សុខភាព​នៅ​ជុំវិញ​ពិភពលោក និង​ត្រូវ​បានអនុម័ត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ឧសភា​ផងដែរ​។​
 
​បញ្ជី​ជំងឺ ICD-11 ដែល​គ្រោង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នា​ខែមករា ឆ្នាំ​២០២២ ក៏​ទទួលស្គាល់​ជា «​អាកា​រៈញៀ​ន​នឹង​ការ​រួមភេទ​» ជា​បញ្ហា​ផ្លូវចិត្ត​ផងដែរ​។ ហើយ​កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ WHO ក៏បាន​ទទួលស្គាល់​ជា​ផ្លូវការ «​ការ​ញៀន​លេង​ហ្គេម​» ជា​បញ្ហា​ផ្លូវចិត្ត​ដូចគ្នា​នឹង​ការ​ញៀន​ល្បែងស៊ីសង និង​គ្រឿងញៀន​៕
 

Tag:
 WHO
  Burn-out
  ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com