កីឡាអន្តរជាតិ
អន្តរជាតិ
​មេ Real ដាក់​គោលដៅ​យក Hazard ឲ្យ​បាន និង​បន្ត​ប្រមាញ់ Neymar និង Mbappe
28, May 2019 , 8:59 pm        
រូបភាព
​ប្រធាន​ក្លិប Real Madrid លោក Florentino Perez សង្ឃឹមថានឹង​យក​ខ្សែបម្រើ Eden Hazard ពី Chelsea ទៅ​រួម​ក្រុម​នៅ​រដូវ​ក្រោយនេះ​។ ក្លិប​តោ​ខៀវ​ចង់បាន ១៤៤​លាន​ដុល្លារ​អាមេរិក​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​បើសិន​ចង់បាន Hazard ទៅ​ទឹកដី Santiago Bernabeu​។ Kylian Mbappe និង Neymar ក៏​ជា​គោលដៅ​សំខាន់​របស់លោក Perez ផងដែរ​។


 
​លោក Perez មានការ​ទើសទាល់​បន្តិច​ក្នុងការ​ចរចា​លើ​តម្លៃ​ខ្លួន Hazard ខណៈដែល Chelsea កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League ជាមួយ​ក្រុម Arsenal នៅ​ក្រុង​បា​គូ នៅ​យប់​ថ្ងៃទី​៣០ ខែឧសភា​នេះ​។ ប៉ុន្ដែ​យ៉ាងណា ប្រធាន​ក្លិប​ស្តេច​ស​នៅតែ​ប្រុងប្រៀប​វាយឆ្មក់​ដើម្បី​យក​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​ទៅ​រួម​ក្រុម​ឲ្យ​បាន​។
Hazard ត្រូវបាន​គេ​ដឹងថា​មាន​ទំនាក់ទំនង​ជាមួយ Real Madrid ពេញ​មួយ​រដូវ​កាល​មកហើយ ខណៈដែល​ខ្សែបម្រើ​វ័យ​២៨​ឆ្នាំនេះ​កំពុង​ចរចា​តម្លៃ​ផ្ទេរ​ពី Stamford Bridge ទៅ Bernabeu ក្នុង​កិច្ចព្រមព្រៀង​មួយ​តម្លៃ ១៤៤​លាន​ដុល្លារ​។​
 
​ស្របពេល​ការចរចា​មិនទាន់​ជោគជ័យ លោក Perez ដែល​ត្រូវបាន​ទូរទស្សន៍​អេ​ស្ប៉ា​ញ Onda Cero El Transistor សម្ភាសន៍​នោះបាន​លើកឡើងថា លោក​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ​ក្នុង​ការនិយាយ​ជាមួយ​ក្លិប​ដែល​កំពុង​ត្រៀមខ្លួន​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​។​
 
«​យើង​បាន​ព្យាយាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ Hazard ក្លាយជា​កីឡាករ​របស់ Real Madrid ប៉ុន្តែ​យើង​មិនទាន់​សម្រេចបាន​នៅឡើយ​ទេ​។ ខ្ញុំ​ពិតជា​ចូលចិត្ត​និង​ចង់បាន Hazard មកកាន់​ក្រុម​របស់​យើង ហើយ​សង្ឃឹមថា​គាត់​ពិតជា​ចង់​មកកាន់​ទីនេះ​ដូចគ្នា​។ គាត់​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ម្នាក់​លើ​លោក​»​។ នេះ​ជាការ​អះអាង​រប​ស់បុរ​ស​អ្នកជំនួញ​វ័យ​៧២​ឆ្នាំ​។​

  
 
​នេះ​ជា​រដូវ​កាល​ដ៏​មមាញឹក​សម្រាប់ Real ក្នុងអំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ ខណៈដែល​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane ត្រៀមខ្លួន​ដើម្បី​ធ្វើកំណែទម្រង់​ក្រុម​ឡើងវិញ​បន្ទាប់ពី​ធ្លាក់កូដ​ខ្លាំង​រដូវ​កាល​នេះ​។ Real បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៣​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ La Liga ដោយ​តាម​ពីក្រោយ​ក្រុម​គូប្រជែង Barcelona ចំនួន​១៩​ពិន្ទុ​ឯណោះ​។
​មិន​ត្រឹមតែ​ចង់បាន Hazard នោះទេ ម្ចាស់​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​អឺរ៉ុប​១៣​សម័យមួយ​នេះ​ថែមទាំង​មាន​មហិច្ឆតា​ធំ​ក្នុងការ​នាំយក​កំពូល Super Star របស់ Paris Saint-Germain ទាំង​២​រូប​គឺ Kylian Mbappe និង Neymar ទៅ​រួម​ក្រុម​រដូវ​កាល​ក្រោយ​ទៀតផង​។​
 
​សម្រាប់ Real នេះ​មិនមែនជា​រឿង​ចម្លែក​នោះឡើយ ដូចដែល​យើង​បានដឹង​នាពេល​កន្លងមក ពួកគេ​តែងតែ​ប្រមូល​កីឡាករ​ល្បីៗ​លំដាប់​ពិភពលោក​ទៅ​រួម​ក្រុម​បើទោះជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​បែបណា​ដ៏​ដោយ​៕

Tag:
 បាល់ទាត់​
  Real Madrid
  Florentino Perez
  Eden Hazard
© រក្សាសិទ្ធិដោយ thmeythmey.com