ជាតិ
សង្គមជាតិ
មន្ត្រីសុខាភិបាល៖ ៥ខែឆ្នាំ២០១៩ ជំងឺគ្រុនឈាមនិងរាករូស រាតត្បាតខ្លាំងលើកុមារ លោក យិត ស៊ុនណារ៉ា ផ្តល់បទសម្ភាសដល់អ្នកកាសែត (រូបពី AKP)
× លោក យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាម និងជំងឺរាករូស កំពុងរាតត្បាតខ្លាំងទៅលើកុមារកម្ពុជា ហើយមានការកើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលគួរឲ្យបារម្ភ។ លោក លើកឡើងបែបនេះ ទៅកាន់អ្នកកាសែត បន្ទាប់ពីចូលរួមបើកសន្និសីទប្រចាំឆ្នាំ ស្ដីពីបច្ចុប្បន្នភាពរោគកុមារលើកទី៤ នៅកម្ពុជា ដែលរៀបចំនៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោក យិត ស៊ុនណារ៉ា បានអះអាងថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ៨ពាន់នាក់។ AKP បានស្រង់សម្តីរបស់លោក ទៅសរសេរថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍ទប់ស្កាត់និងព្យាបាលជំងឺនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនេះ បញ្ជាក់ថា ដើម្បីតាមដាននិងទប់ស្កាត់ការកើតឡើងនូវប្រភេទជំងឺថ្មីមកលើកុមារ សមាគមគ្រូពេទ្យកុមារកម្ពុជា តែងតែរៀបចំសន្និសីទនេះ យ៉ាងទៀងទាត់ក្នុងមួយឆ្នាំម្ដង ដើម្បីផ្ដល់វេទិកា ដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេសនិងក្រៅប្រទេស បានចែករំលែក និងផ្លាស់ប្ដូរបទពិសោធជាមួយគ្នា ក៏ដូចជា ជួយផ្ដល់ចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារ។ នេះបើតាមការចុះផ្សាររបស់ AKP ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com