កីឡាជាតិ
ជាតិ
រស់ សំអឿន បង្កើន​ការព្យាបាល​ហើយ​រំពឹង​អាច​លេង​បាន​នៅ​ជុំ​ទី​២
29, May 2019 , 8:39 am        
រូបភាព
កីឡាករ រស់ សំអឿន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌ ពេលចូលរួមជាមួយវិសាខាកាលពីឆ្នាំ២០១៨
កីឡាករ រស់ សំអឿន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌ ពេលចូលរួមជាមួយវិសាខាកាលពីឆ្នាំ២០១៨
ដោយ:
​ក្រោយ​សម្រាក​ព្យាបាល​របួស​វះកាត់​សរសៃពួរ​ជង្គង់​ប្រមាណ​១​ឆ្នាំ ខ្សែការពារ រស់ សំអឿន អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​វិញ​ហើយ​។ ក្រៅ​ហ្វឹកហាត់​ស្តារ​សមត្ថភាព សំអឿន កំពុង​ផ្តោតលើ​ការពង្រឹង​ផ្នែក​ស្មារតី និង​អារម្មណ៍ ដើម្បី​ត្រៀម​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​ក្នុងពេល​ឆាប់ៗ​ខាង​មុននេះ​។ អតីត​សមាជិក​ក្លិប​បឹងកេត​រូបនេះ នឹង​ទៅ​ពិគ្រោះ​ចុងក្រោយ​ជាមួយ​គ្រូពេទ្យ​នៅ​វៀតណាម នា​ខែក្រោយ ដើម្បី​ធានាថា រូបគេ​អាច​លេង​បាន ឬ​មិនបាន​។

 
​គ្រូបង្វឹក​ក្រុម​វិសាខា​លោក ហុក សុ​ជីវ័ន ជឿជាក់ថា កីឡាករ រស់ សំអឿន ដែល​រងរបួស​ដាច់​ស​រ​សៃ​ពួរ​ជង្គង់ នឹង​អាច​បង្ហាញខ្លួន​ជាមួយ​ក្រុម​វិសាខា​ឡើងវិញ នា​ជំនួប​ជុំ​ទី​២​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ស្ថានភាព​របួស​គេ​បច្ចុប្បន្ន មាន​ភាពល្អប្រសើរ​ស្ទើរ​១០០​ភាគរយ និង​អាច​ចូល​ហ្វឹកហាត់​ពេញ​ជាមួយ​ក្រុម​បាន​ទៀតផង​។ ក្រៅពី​ហ្វឹកហាត់​ពង្រឹង​ផ្នែក​កាយសម្បទា និង​សមត្ថភាព អតីត​សមាជិក​ក្រុម​បឹងកេត​រូបនេះ កំពុង​ផ្តោត​ខ្លាំង​លើ​ការហ្វឹកហាត់​ផ្នែក​ស្មារតី និង​អារម្មណ៍ ដើម្បី​ស្តារ​សតិអារម្មណ៍​ដែល​ដិត​ជាប់​នឹង​បញ្ហា​របួស​ឲ្យ​មាន​ភាពល្អប្រសើរ​។​
 
«​គាត់​(​រស់ សំអឿន​)​ចូល​ហ្វឹកហាត់​វិញ​ហើយ តែ​គាត់​ត្រូវការ​ពេលវេលា​ដើម្បី​ពង្រឹងស្មារតី និង​អារម្មណ៍ ដែល​ពាក់ព័ន្ធ​នឹង​របួស​របស់គាត់​។ តាមពិត​របួស​គាត់​ជា​ហើយ តែ​គាត់​ត្រូវការ​ពង្រឹងសមត្ថភាព​និង​បច្ចេកទេស​ឡើងវិញ​។ ព្រោះ​បញ្ហា​របួស​ជង្គង់ យើង​ត្រូវ​ពេលវេលា​ច្រើន ក្រោយពី​គាត់​ជា​ពីរ​បួស យើង​ត្រូវ​ឲ្យ​គាត់​ហ្វឹកហាត់​ពង្រឹង​ផ្នែក​ធ្លាប់​រងរបួស​ឲ្យ​ខ្លាំង​ឡើងវិញ ពិសេស​ពង្រឹង​ផ្នែក​អារម្មណ៍ កុំ​ឲ្យ​គាត់​បារម្ភ​ទៅលើ​បញ្ហា​របួស​កន្លងមក​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជីវ័ន​។ 
 
​តាម​វេជ្ជបញ្ជា​អតីត​កីឡាករ​ជួយ​ឲ្យ​ក្លិប​បឹងកេត​លើក​ពាន​ឆ្នាំ​២០១៦ និង​២០១៧​រូបនេះ ត្រូវ​ទៅ​ពិគ្រោះ​ចុងក្រោយ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​វៀតណាម​នៅ​អំឡុង​ខែមិថុនា ខាងមុខ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​របួស​ឲ្យ​ដឹងថា រូបគេ​អាច​លេង​បាន​១០០​ភាគរយ ឬ​ត្រូវការ​ពេល​បន្ថែម ដើម្បី​សម្រាក​ព្យាបាល​បន្ត​។ 
 
​គិត​តាំងពី​វះកាត់​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨ បញ្ហា​របួស​ដាច់​សរសៃ​ពួរ​របស់ រស់ សំអឿន បាន​ចំណាយពេល​ប្រមាណ​ជិត​១​ឆ្នាំ​ហើយ​ក្នុងការ​សម្រាក​ព្យាបាល​។ សំអឿន បាន​រងរបួស​នេះ​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ អំឡុងពេល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ទីលាន​បាល់ទាត់ KMH Park៕ 
 

Tag:
 បាល់ទាត់​
  ហុក សុ​ជីវ័ន​
  វិសាខា​
  រស់ សំអឿន
© រក្សាសិទ្ធិដោយ thmeythmey.com