ការចិញ្ចឹមគោយកទឹកដោះរបស់រាជបណិ្ឌត្យសភាកម្ពុជា នៅឧទ្យានឫស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ គឺមានបំណងស្រាវជ្រាវបច្ចេកទេសចិញ្ចឹមគោសម្រាប់ពលរដ្ឋកម្ពុជា និងបំពេញតម្រូវការក្នុងស្រុក ជាពិសេស គឺអាចលើស្ទួយជីវភាពប្រជាកសិករ។
គោផើមពូជហូឡង់១០០ក្បាល បាននាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ឧសភា ឆ្នាំ២០១៩ ទៅកាន់ «ឧទ្យានរាជបណ្ឌិត្យសភាពកម្ពុជា តេជោ សែន ឫស្សីត្រឹប» ហើយប្រមាណពីរខែក្រោយនឹងកើតកូន ដែលអាចផលិតទឹកដោះបាន។ គោមួយក្បាលតម្លៃ២ពាន់ដុល្លារ។ ប៉ុន្តែ មេគោមួយក្បាលក្នុងចំណោម១០០ក្បាល ដែលដឹកមកត្រូវបានរលូតកូន ដោយសារការដឹកតាមឡាន បូករូមនិងបញ្ហារផ្លូវ។
ជាលើកដំបូងសម្រាប់កម្ពុជា ដែលបាននាំចូលគោចិញ្ចឹមយកទឹកដោះ។ ហើយបច្ចេកទេសនៃការរៀបចំថែទាំតាមរបៀបគោអឺរ៉ុប មានចំណីអាហារ ទឹកផឹក និងកន្លែងដេក។ ទាំងនេះ គឺដើម្បីស្រាវជ្រាវ រួមចែករំលែកដល់កសិករនៅពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅថ្ងៃទី២៧ឧសភានេះថា «សម្រាប់បច្ចេកទេសចិញ្ចឹមគោ ចង់កែប្រែការចិញ្ចឹមគោតាមយថាកម្ម ដែលលែងពីព្រឹកដល់ល្ងាច ឲ្យទៅជាការចិញ្ចឹមថែទាំផ្ដល់ការស្រលាញ់ដល់សត្វ។ ការចងក្រងឯកសាររាជបណ្ឌិតសភា នឹងសិក្សាស្រាវជ្រាវជាលទ្ធផលជាក់ស្ដែងទុកឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ បង្កើតផលិផលក្នុងស្រុក ជាទូទៅមនុស្សគ្រប់គ្នាត្រូវការទឹកដោះគោសម្រាប់ទទួលទាន ដូច្នេះកម្ពុជាគួរតែផលិតជាជាងនាំចូល។ ផ្នែកហិរញ្ញវត្ថុ ពលរដ្ឋកម្ពុជាមិនទាន់មានជំនាញនៅឡើយក្នុងការចិញ្ចឹមគោ ហើយខណៈពេលនេះរាជបណ្ឌិត្យសភាកម្ពុជានឹងសិក្សាទុកឲ្យប្រជាពលរដ្ឋ ដើម្បីមិនឲ្យមានការខាតបង់។ ប្រជាជនក្រីក្រ អាចមានលទ្ធភាពទទួលទានទឹកដោះគោបាន នេះជាកត្តាធ្វើឲ្យធនធានមនុស្សលូតលាស់បានល្អ»។
ប្រធានរាជបណ្ឌិត្យសភារូបនេះ បានឲ្យដឹងទៀតថា រោងគោបានសាងសង់អស់១៥ម៉ឺនដុល្លារ ហើយនៅសល់បីដំណាក់ គឺរោងស្មៅ រោងរឹតយកទឹកដោះគោ និងរោងវិចខ្ចប់។ ចំពោះរោងស្មៅ គោមួយក្បាលត្រូវការស៊ី៤០គីឡូក្នុងមួយថ្ងៃ។ កសិដ្ឋានបានដាំស្មៅ១៥ហិកតា រួចនឹងឈានដាំដល់២០០ហិកតា។ រីឯរោងរឹត និងរោងវិចខ្ចប់់ ដែលគម្រោងនឹងសាងសងចំណាយអស់ជាង៦០ម៉ឺនដុល្លារ។
តាមការបញ្ជាក់របស់លោក ក្នុងខែកក្កដាខាងមុខនេះ គោ២០ក្បាលដំបូលនឹងប្រមូលទឹកដោះ៣០០លីត ដែលជាផលិតផលសម្រេចលើទីផ្សារក្នុង១លីត១ដុល្លារ។ បីខែបន្ទាប់ គោ៦០ក្បាលទៀតនឹងត្រូវប្រមូលផលបន្ត ដែលគោមួយក្បាលអាចមានទឹកដោះ១៥លីត។
សម្រាប់បច្ចេកទេសនៃការមើលថែគោ លោក សុខ ទូច បានឲ្យដឹងថា លោកបានបញ្ជូនមនុស្សពីកម្ពុជាទៅរៀនបច្ចេកទេសនៅថៃ។ ឥឡូវអ្នកបច្ចេកទេសថៃ ក៏បានមកបង្រៀនជួយមើលថែផងដែរ។ កន្លែងចិញ្ចឹមគោសព្វថ្ងៃមានយុវជនកម្ពុជាអ្នកជំនាញខាងចំណី ពេទ្យសត្វ និងដាំស្មៅ កំពុងមើលថែនិងសិក្សាស្រាវជ្រាវបន្ថែមទៀតផងដែរ។
ក្រៅពីការចិញ្ចឹមគោយកទឹកដោះ តំបន់ឧទ្យានរាជបណ្ឌិត្យសភាពកម្ពុជា តេជោ សែន ឫស្សីត្រឹប នឹងក្លាយជាតំបន់ អភិរក្សសត្វព្រៃ ដាំដើមឈើនិងជីកស្រះស្ដុកទឹក។ អភិរក្សវប្បធម៌ដែលជាតំបន់ផលិតដែកនាសម័យអង្គរសតវត្សទី១១ដល់១៣ និងប្រែក្លាយជាតំបន់ប្រមូលផលនិរន្តរភាព។ ដើម្បីឲ្យប្រជាជនឈប់បរបាញ់សត្វព្រៃនិងកាប់ឈើ ដោយផ្អែកលើ ភ្ញៀវទេសចរ ដែលអាចឲ្យប្រជាជនមានមុខរបរជាអ្នកនាំភ្ញៀវដើរទស្សនា រួមជាមួយនឹងការដាំដំណាំដោយគ្មានប្រើជាតិគីមី។
គួរបញ្ជាក់ថា ក្នុងតំបន់ «ឧទ្យានរាជបណ្ឌិត្យសភាពកម្ពុជា តេជោ សែន ឫស្សីត្រឹប» មានទំហំប្រមាណ១ម៉ឺនហិកតា ហើយត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ២០១៤។ រាជបណ្ឌិត្យសភាពកម្ពុជា និងក្រុមហ៊ុនជប៉ុនមួយ បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០១៨ ដើម្បីនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះ មានអូរមួយឈ្មោះ អូរដាលាស់ ដែលជាអូរពីបុរាណកាល។
កាលពីពេលថ្មីៗនេះ លោក សុខ ទូច បញ្ជាក់ថា កំពុងស្វែងរកជំនួយពីប្រទេសកូរ៉េខាងត្បូង ដើម្បីស្ដារអូរបុរាណនេះ សម្រាប់អភិរក្សសត្វព្រៃ និងសត្វកម្រ ព្រមទាំងសម្រាប់កសិកម្មរបស់កសិករនៅតំបន់ក្បែរឧទ្យាននោះ៕