ONE Championship
កីឡាជាតិ
ជាតិ
អ្នកជំនាញ​៖ វិន័យ របប​អាហារ​ត្រឹមត្រូវ និង​ការ​ប្រឹង​ហាត់​នាំ រតនា ឈ្នះ​ផ្ទួនៗ​នៅ ONE
28, May 2019 , 9:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី  

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី លោក Lorenzo និង ក្រុមការងារ LLFitnes បាន​ដើរ​តួច​យ៉ាងសំខាន់​ដើម្បី​ជួយ​ពង្រឹងកម្លាំង​កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ ចាន់ រតនា ឲ្យ​កាន់តែ​ខ្លាំងក្លា​ទើប​ទទួល​ជ័យជម្នះ ២ លើក​ជាប់​គ្នា​ចុងក្រោយ​នៅ​សង្វៀន ONE Champinship​។ ទន្ទឹមគ្នានេះ រតនា ហ្វឹកហាត់​ខ្លាំង មាន​វិន័យ ស្មារតី និង មាន​របប​អាហារ​ត្រឹមត្រូវ​ផង​។

 

 
​លោក Lorenzo ដែល​មក​ស្រុក​ខ្មែរ​តាំងពី ៥ ឆ្នាំមុន​បាន​រៀបរាប់ថា​៖«​ដំបូង​ឡើយ​ខ្ញុំ​មក​កម្ពុជា​គ្រាន់តែ​ថ្ងៃ​សម្រាក​របស់ខ្ញុំ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ខ្ញុំ​បាន​ដក់ចិត្ត​ស្រលាញ់​ប្រទេស​នេះ ហើយក៏​សម្រេចចិត្ត​ស្នាក់នៅ​តែម្ដង​។ ចំណុច​ទី​១ ការ​ពិតណាស់​ជ័យជម្នះ​២ លើក​របស់​ចាន់ រតនា បានមក​ដោយសារ ការលះបង់ និង មាន​វិន័យ​ផ្ទាល់ខ្លួន រួមទាំង​ទំនាក់ទំនង​ល្អ​រវាង គេ​[​រតនា​] និង ខ្ញុំ​។ យើង​បាន​ក្លាយជា​មិត្ត​ដ៏​ល្អ​អស់​ពេល​ជាច្រើន​ឆ្នាំ​។ ចំណុច​ទី​២ ខ្ញុំ​ដឹងថា គេ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន ដូច្នេះហើយ​ខ្ញុំ​សង្ឃឹមថា​រូបគេ​ផ្ដល់​ឲ្យ​នូវ​លទ្ធផល​ដ៏​ល្អ រាល់ ការប្រកួត រួមទាំង​ការហ្វឹកហាត់​បានល្អ​សម្រាប់​ខ្ញុំ​។ ចំណុច​ទី​៣ គេ​មាន​កម្លាំងចិត្ត និង មាន​វិន័យ​ច្បាស់លាស់​នៅ​ពីក្រោយ​រូបគេ ដែល​នាំ​ក្លាយជា​កំពូល​កីឡាករ​គុន​ចម្រុះ​នៅ​កម្ពុជា​។ រតនា ខ្លាំង​ទាំង​កាយសម្បទា និង ស្មារតី​ល្អ​។ ក្នុងនោះ លំ​ហាត់​កាយសម្បទា និង របប​អាហារ គឺមាន​ការត្រួតពិនិត្យ​ដោយ​គ្រូបង្វឹក​នៅ LLFitness»​។​


 
​រតនា ទទួល​បានការ​បង្វឹក​ជា​ក្រុម​គ្រូៗ​នៅ LLfitness ជាច្រើន​ដូចជា Joshua និង Sov ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ល្អប្រសើរ​រហូតមក ហើយ ក៏​ទទួល​ការយកចិត្តទុកដាក់​ពី​គ្រូបង្វឹក​ផ្នែក​កាយ​វប្បកម្ម លោក​Jeppe ទៀតផង​។ ក្នុងនោះ​លោក ខូវ វិ​វ​ឌ្ឍ​នា បង្ហាត់ ជី​ជិត​ស៊ូ ហើយ​លោក Rolando បង្ហាត់​ប្រដាល់សកល​។ គ្រូបង្វឹក Lorenzo ជឿជាក់ថា រតនា នឹង​អាច​ឈ្នះ​ការប្រកួត​បន្ទាប់​តាមរយៈ​ការត្រៀម​រួចរាល់​។ ការងារ​របស់​គ្រូបង្វឹក​មួយទៀត គឺ​ត្រូវ​សិក្សា​អំពី​គូប្រកួត និង រៀបចំ​ឲ្យ​រតនា វ៉ៃ​របៀប​ណា​លើក​ក្រោយ​។ 
 
LLFitness និង ក្លិប «​សិល្បៈ​» មិន​ត្រឹមតែ​ដៃគូ​សហការ ប៉ុន្តែ​ជា​គ្រួសារ និង ជា​ដៃគូ​ជំនួញ​ផងដែរ​។  រតនា បច្ចុប្បន្ន​ចូលរួម​ជាមួយ LLFitness ក្នុងនាម​គ្រូបង្វឹក​ក្បាច់គុន ហើយ ក្រុមហ៊ុន និង កីឡាករ​សុទ្ធតែ​សប្បាយចិត្ត​ដោយបាន​ហ្វឹកហាត់​ជាមួយ​កីឡាករ​កំពូល​រូបនេះ​។ 
 
​ក្នុងនាម​ជា​ស្ថាបនិក LLFitness គ្រូបង្វឹក​ដដែល​នេះ​មាន​មោទនភាព​ចំពោះ​លទ្ធផល​ល្អ​ក្នុងនាម​ជា​ក្រុម​។ LLFitness មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផ្ដល់​លំ​ហាត់​កាយសម្បទា​កម្រិត​កំពូល​នោះទេ ប៉ុន្តែ ក៏​ជា​អ្នក​បង្វឹក​ផ្ទាល់ និង ផ្ដល់យោបល់​ផ្នែក​របប​អាហារ​ទៀតផង​។ គោលបំណង​របស់​ក្រុមហ៊ុន​គឺ​ដើម្បី​ក្លាយជា​ក្រុម​បង្វឹក​ជាច្រើន​ប្រភេទ​កីឡា​ដែល​ធ្វើការ​ជាមួយ​កីឡាករ​អន្តរជាតិ​ទូទាំង​តំបន់​អាស៊ាន​។ ជាមួយគ្នា​នោះ​គ្រូបង្វឹក ខូវ វិ​ឌ្ឍ​នា និង ចាន់ រតនា កំពុងតែ​រៀប​គម្រោង​ដើម្បី​បង្វឹក​កីឡាករ​អាជីព​នៅ​តំបន់​អាស៊ាន​។ ក្រុមការងារ​រំពឹងថា​ទទួលបាន​កីឡាករ​ប្រកួត​នៅ ONE Championship កាន់តែច្រើន និង អាចជា​កីឡាករ​បរទេស​ទៀតផង​។ 


 
​ជាមួយគ្នា​នោះ ចាន់ រតនា បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ក្រុមការងារ និង ក្រុម​គ្រូបង្វឹក​នៅ LLFitness ជា​ដើមចម​ក្នុង​ជ័យជម្នះ​ជា​បន្តបន្ទាប់​នៅ​សង្វៀន ONE ចំនួន ២ លើក​ជាប់​គ្នា​មកនេះ​ដោយ​ឈ្នះ​លើ​កីឡាករ​ឥណ្ឌូណេស៊ី Abrou Fernandes កាល​ខែ ធ្នូ ឆ្នាំ ២០១៨ និង​ឈ្នះ Rudy Agustian នា​ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​នៅ​សង្វៀន ONE:FOR HONOR នា​ប្រទេស​ឥណ្ឌូណេស៊ី​។ ម្ចាស់​ក្លិប «​សិល្បៈ​» ទទួលបាន​ការហ្វឹកហាត់​ផ្នែក​កម្លាំង និង កាយសម្បទា​យ៉ាង​ដិតដល់​ពី​សំណាក់ LLFitness ជា​រៀងរាល់ថ្ងៃ​យ៉ាង​ដិតដល់​មុន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ម្ដងៗ​។ គិត​ត្រឹម​ពេលនេះ ចាន់ រតនា ឡើង​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន ៩ ដង ក្នុងនោះ​ឈ្នះ ៦ ដង និង ចាញ់​៣​ដង​៕ 
 

Tag:
 MMA
  ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com