ជាតិ
មហាផ្ទៃ​កំពុង​រៀបចំ​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ តែ​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ការ​រិត​ត្បិត​សេរីភាព​
28, May 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ កំពុងដំណើរការ​រៀប​ចំ​ច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ថែរក្សា​របៀបរៀបរយ​នៅក្នុង​សង្គម​។ តែ​សង្គម​ស៊ីវិល ហាក់ដូចជា​ព្រួយបារម្ភ​ពី​ការ​រិត​ត្បិត​សេរីភាព នៃ​ការជួបជុំ​តវ៉ា តាមរយៈ​ច្បាប់​ថ្មី​នេះ​។

 
​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​និយាយថា ការតាក់តែង​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ចង់​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​នៅតាម​ផ្លូវ ដូចជា​ដាក់វិន័យ​លើ​ការដាក់​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ និង​ការ​បញ្ហា​ចរាចរណ៍​ជាដើម​។ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​យើង​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​អ្វីដែល​ជាក់ស្ដែង ពី​បញ្ហា​កើតឡើង​នៅក្នុង​ប្រទេស​យើង​។ ហើយ​យើង​នឹង​ស្រាវជ្រាវ​យកតាម​ច្បាប់​គេ​មក​សិក្សា​មើល ដោយ​ធ្វើយ៉ាងណា​ឲ្យ​វា​សមមូល​នឹង​ច្បាប់​ប្រទេស​ដទៃ​»​។​
 
​ទាក់ទង​នឹង​ច្បាប់​នេះ មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធមនុស្ស​អាដហុក លោក សឹង សែន​ករុណា យល់ឃើញថា បើ​រដ្ឋាភិបាល​តែង​ច្បាប់​នេះ​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​នៅតាម​សាធារណៈ​ដូច​ការលើកឡើង​មែន​នោះ វា​ជា​រឿង​ល្អ ព្រោះ​បញ្ហា​យក​ចិញ្ចើមផ្លូវ ទៅធ្វើជា​កម្ម​សិទ្ធ​សម្រាប់​កន្លែង​រកស៊ី​នេះ កំពុង​ក្លាយជា​ប្រធានបទ​រសើប ដែល​រដ្ឋាភិបាល​ធ្លា​ប់រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ច្រើន​មកហើយ​។​
 
​លោក ករុណា បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​គិតថា​ច្បាប់​ដែល​បង្កើត​មក​ក្នុងន័យ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ហ្នឹង វា​ជា​រឿង​ល្អ​មួយ ព្រោះ​យើង​យល់ឃើញថា ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ក្នុង​រូបភាព​ផ្សេងៗ វា​នៅមាន​ភាពអនាធិបតេយ្យ​ច្រើន ដែល​អ្នកប្រើប្រាស់​ហ្នឹង មិនបាន​គោរព​ទៅ​សិទ្ធិ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវ ទីតាំង​សាធារណៈ​ផ្សេងៗ នៅក្នុង​រាជធានី​ក្តី ខេត្ត​ក្តី​នៅមាន​ការលំបាក​ច្រើន ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​គិតពី​ប្រយោជន៍​ខ្លួន ជាជាង​ប្រយោជន៍​សាធារណៈ​»​។ 
 
​តែ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក​រូបនេះ នៅតែ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​អាច​យក​ច្បាប់​នេះ ធ្វើជា​ខែល ដើម្បី​រិត​ត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ តាមរយៈ​ការ​ចងក្រង​ខ្លឹមសារ អំពី​ការជួបជុំ​បញ្ចេញមតិ និង​ការដើរ​ដង្ហែរ​ក្បួន​តវ៉ា​តាម​ដងផ្លូវ​ជាដើម​។​
 
«​បើ​និយាយ​ពី​ច្បាប់ វា​អាចជា​អាវុធ​មុខ​ពីរ​ដែរ ព្រោះ​កាល​យើ​បង្កើត​ច្បាប់​មួយ ដែល​មិនបាន​គិតគូ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ វា​ជាការ​រំលោភបំពាន​ហើយ​។ តែបើ​យើង​បង្កើត​ច្បាប់​មួយ ក្នុងន័យ​ការពារ​ផលប្រយោជន៍​រួម ការពារ​សិទ្ធ​សេរីភាព​ប្រជាពលរដ្ឋ ខ្ញុំ​ថា​វា​ជា​រឿង​ល្អប្រសើរ​។ តែបើ​យើង​និយាយ​ពី​ការប្រើប្រាស់​សណ្ដាប់ធ្នាប់​សាធារណៈ ពាក់ព័ន្ធ​នឹង​ការទាមទារ ការតវ៉ា​ទាំងអស់នោះ ខ្ញុំ​យល់ថា (​រដ្ឋាភិបាល​) គួរតែ​ពិនិត្យមើល​លើ​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ក្នុង​មាត្រា​១៩ ហើយក៏​មាន​សេចក្តីពន្យល់​របស់​អង្គការសហប្រជាជាតិ​មួយទៀត​។​…​។ នេះ​ជាការ​លើកឡើង​របស់លោក ករុណា ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល ដែលជា​ប្រទេស​ហត្ថលេខី​នៅក្នុង​អនុសញ្ញា​ទាំងនោះ ត្រូវ​រៀបចំ​ច្បាប់​ធ្វើយ៉ាងណា គិតពី​ប្រយោជន៍​ពលរដ្ឋ ជាង​ការពង្រឹង​អំណាច​ខ្លួន​។​
 
​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បដិសេធថា ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ នឹងមិន​ចែង​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម ឬ​តវ៉ា​តាមផ្លូវ​នោះទេ​។ បើតាម​លោក អ៊ុក គឹម​លេខ មុននឹង​សម្រេច​អនុម័ត​ច្បាប់​នេះ ក្រសួងមហាផ្ទៃ ក៏​នឹងដាក់​ឲ្យ​សង្គម​ស៊ីវិល និង​ដៃគូរ​ពាក់ព័ន្ធ​ទាង​អស់ ត្រួតពិនិត្យ និង​ផ្ដល់​មតិយោបល់​លើ​ច្បាប់​នេះ​ផងដែរ​។ «​ចំណងជើង​ច្បាប់​នេះ គឺ​វា​ងាយស្រួល​យល់​ទេ សណ្ដាប់ធ្នាប់​សាធារណៈ បានន័យថា យើង​ធ្វើ​អ្វីៗ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ គឺ​ត្រូវគោរព​ច្បាប់​។ ហើយ​វា​មិនមែនជា​ការហាមឃាត់​អី ការជួបជុំ​(​តាម​សាធារណៈ​) ក៏​មិន​ពាក់ព័ន្ធ​ដល់​ហ្នឹង​ទេ នេះ​គឺ​ទី​១​។ ហើយ​ទី​២ តាមច្បាប់​នេះ យើង​ដាក់​ឆ្លង​ជា​សាធារណៈ បានន័យថា យើង​មិនមែន​លួច​ធ្វើ​ទេ គឺ​យើង​ដាក់​ឆ្លង​ដើម្បី​មាន​ធាតុ​ចូល ដើម្បី​ឲ្យ​មាន​យោបល់​ចូលរួម​សហការ​ទាំងអស់​គ្នា គឺ​ធ្វើ​ដើម្បី​យើងទាំងអស់គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ​។​
 
​គួរ​បញ្ជាក់ថា គម្រោង​បង្កើត​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ ធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​ច្បាប់​ដោយឡែក ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​ចរាចរណ៍ នៅតាម​ដងផ្លូវ​សាធារណៈ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងមក​៕
 

Tag:
 អ៊ុក គឹម​លេខ​
  NGO
  សណ្ដាប់ធ្នាប់​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com