ជាតិ
រថយន្ត
រថយន្ត​គ្រប់​ធុន​មិនអាច​ឆ្លងកាត់ផ្លូវ 5C រយៈពេល​៧០​ថ្ងៃ ព្រោះ​អាជ្ញាធរ​ដាក់លូ​
28, May 2019 , 8:05 pm        
រូបភាព
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ​៖ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ  តា​មបណ្តោយផ្លូវ 5C ចាប់ពីផ្លូវ ២៧១ នឹងមិន​អនុញ្ញាត​ឲ្យមាន​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​រយៈពេល​៧០​ថ្ងៃ លើកលែងតែ​ទោចក្រយាន​ប៉ុណ្ណោះ​។ មូលហេតុ​ផ្អាក​ការ​ចរាចរ​ក្នុង​តំបន់​នេះ ដោយសារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹងផ្លូវ ចំនួន​បី​ជួរ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​។


 
​ល្ងាច​ថ្ងៃទី​២៨ ឧសភា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ជុំវិញ ការផ្អាក​ចរាចរ​នៅតាម​បណ្តោយ​ផ្លូវ​ 5C ដោយសារ​បញ្ហា​ដាក់លូ​ប្រអប់​រំដោះ​ទឹក​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់​មូលហេតុ​យ៉ាង​ដូច្នេះ​៖ «​ដោយ​ពិនិត្យឃើញ​ស្ថានភាព​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ​ចាស់​ទ្រុឌទ្រោម​, មាន​ទំហំ​តូច ដែល​ធ្វើ​ឲ្យ​ស្ទះផ្លូវ​បង្ហូរទឹក និង​ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ទឹក​ភ្ញៀ​ង​នៅ​រដូវវស្សា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹងផ្លូវ​»​។ 
 
​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹងផ្លូវ​លេខ​5C ទំហំ​មុខកាត់ ២,៥​ម៉ែត្រ x ២,៥​ម៉ែត្រ ចំនួន​បី​ជួរ ដោយ​ភ្ជាប់​ពី​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រំដោះ​ទឹក​ពី​តំបន់​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ​ ជាពិសេសពីតំបន់​ផ្លូវ​២០០៤, ផ្លូវ​សឡា​, ផ្លូវ​ណ័​រ​ប្រ៊ិ​ត និង​ផ្លូវ​ឌួង​ងៀប។

ដូច្នេះ រាល់ការដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ 5C នឹងត្រូវផ្អាករយៈពេល ៧០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ទាក់ទង​នឹង​បញ្ហា​ផ្អាក​ចរាចរណ៍​ក្នុង​តំបន់​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ផ្លូវ​ពង្វាង​ចេញពី​ទីតាំង​ខាងលើ​ទៅតាម​ផែនទី​ពង្វាង​ចរាចរ​ដែរ​៕
 
 

Tag:
 សាលា​រាជធានី​ភ្នំពេញ​
 លូ​
 ទឹក​ជន់​លិច​
 រដូវវស្សា​
© រក្សាសិទ្ធិដោយ thmeythmey.com