ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន អះអាងប្រាប់វិនិយោគិនជប៉ុនពីសក្តានុពលទីផ្សារកម្ពុជា
× «សូមអ្នកទាំងឡាយអញ្ជើញទៅកម្ពុជា ចូលរួមជាមួយយើងខ្ញុំក្នុងការអភិវឌ្ឍន៍កម្ពុជាផង និងប្រាក់ចំណេញផង»។ នេះជាសំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់វិនិយោគិនជប៉ុន នាសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលរៀបចំនៅក្រុងតូក្យូ នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា នេះ។
នៅចំពោះមុខវិនិយោគិនជប៉ុន សម្តេច ហ៊ុន សែន បានអះអាងថា ជប៉ុន មានលទ្ធភាពខ្ពស់ក្នុងការចាប់យកទីផ្សារកម្ពុជា ជាពិសេសលើវិស័យកសិឧស្សាហកម្ម និងការប្រើប្រាស់វត្ថុធាតុដើមរបស់កម្ពុជា ទៅកែច្នៃទៅជាផលិតសម្រេចដើម្បីនាំចេញទៅជប៉ុនផ្ទាល់ និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។
បច្ចុប្បន្នទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ឈានដល់ប្រមាណ២ពាន់លានដុល្លារអាមេរិក ដោយសម្តេចវាយតម្លៃថា ជាការកើនឡើងយ៉ាងឆាប់រហ័ស។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានជួបជាមួយអ្នកវិនិយោគជប៉ុនច្រើនជាងគេក្នុងចំណោមអ្នកវិនិយោគ បើទោះបីជាការវិនិយោគរបស់ជប៉ុនមិនមែនស្ថិតនៅលំដាប់កំពូលក៏ដោយ។
ទាក់ទងនឹងការវិនិយោគរបស់ប្រទេសផ្សេងទៀត ដែលក្នុងនោះមានចិនដែលវិនិយោគភាគច្រើនលើផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងអគ្គិសនី រីឯកូរ៉េខាងត្បូង វិនិយោគលើផ្នែកសេវាកម្ម បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ជាដើមនោះ ជប៉ុននៅតែមានលទ្ធភាពក្នុងការសម្រេចបោះទុនវិនិយោគនៅកម្ពុជា ដោយកម្ពុជាសំបូរទៅដោយវត្ថុធាតុដើម និងមានផលិតផលទៅលើទីផ្សារពិភពលោករួចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com