ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ប្រកាសលុបចោលពន្ធកាត់ទុក ដើម្បីឲ្យអ្នកវិនិយោគសម្លឹងមើលកម្ពុជា
× ភ្នំពេញ៖ ពីសិក្ខាសាលាស្តីពីការវិនិយោគកម្ពុជា នាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ឧសភានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលពន្ធកាត់ទុក ដើម្បីបើកផ្លូវ និងទាក់ទាញវិនិយោគិន មកបោះទុនរកស៊ីនៅកម្ពុជា។
សក្ដានុពលសំខាន់ៗ លើគ្រប់វិស័យធុរកិច្ចនោះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា លើកយកទៅបរិយាយនៅចំពោះមុខអ្នកវិនិយោគ និងធុរកិច្ចជនជប៉ុន ដើម្បីទាញការចាប់អារម្មណ៍របស់ពួកគេ ឲ្យសម្លឹងមើលការបោះទុនរកស៊ីនៅកម្ពុជា។ តាមរយៈការឆ្លើយសំនួររបស់អ្នកសម្របសម្រួលជុំវិញវឌ្ឍនភាពកម្ពុជានោះ សម្ដេច ហ៊ុន សែន បានប្រាប់ជប៉ុនពីវិស័យឧស្សាហកម្ម សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងរីកចម្រើន តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនចិន។ តែយ៉ាងណាសម្ដេច ហ៊ុន សែន ក៏បង្ហាញទស្សនថា កម្ពុជាពិតជាចង់បានការវិនិយោគបន្ថែមពីជប៉ុន ដើម្បីជួយដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសកម្ពុជា។
រៀបរាប់ពីគោលបំណងខ្លួនហើយ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសលុបចោលពន្ធកាត់ទុក ដើម្បីបើកផ្លូវ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ មកបោះទុនរកស៊ីនៅកម្ពុជាផងដែរ។«ខ្ញុំយកឱកាសនេះប្រកាសចេញពីទីក្រុងតូក្យូថា ពន្ធកាត់ទុក១ភាគរយ ត្រូវបានលុបចោលនៅថ្ងៃនេះ ព្រោះពន្ធកាត់ទុកវាជាប្រភេទបំណុល ដែលរដ្ឋទៅខ្ចីក្រុមហ៊ុនឯកជនយកទុក។ អាហ្នឹង(ពន្ធកាត់ទុក) ការពិតវាជាប្រភេទបំណុល។ អ៊ីចឹងឥឡូវរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពហើយមិនចាំបាច់ទៅកាត់ពន្ធទុក។ ប៉ុន្តែអ្វីដែលលំបាកក្រុមហ៊ុនត្រូវការបញ្ចេញទុនទៅរកស៊ីផង ហើយមួយផ្នែកទៀតយកលុយមកឲ្យរដ្ឋាភិបាល។បើសិនជាខ្ញុំជាអ្នករកស៊ីក៏ខ្ញុំតវ៉ាដែរ ព្រោះមិនទាន់បានរកស៊ីផង មិនទាន់ដឹងចំណេញឬខាតផង ត្រូវបង់ពន្ធអស់១ភាគរយបាត់»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការលុបចោលពន្ធកាត់ទុកនេះ គឺដើម្បីបញ្ចប់បំណុលរវាងរដ្ឋ និងវិស័យឯកជន ជាពិសេសបើកឱកាសឲ្យពួកគេមានទុនពង្រីកការរកស៊ីកាន់តែមានភាពជឿជាក់ ស្របតាមទិសដៅប្រកួតប្រជែង។ បើតាមលោកនាយករដ្ឋមន្ត្រី ការលុបចោលពន្ធនេះ នឹងអាចអនុវត្តនៅមុន ឬក្រោយបំណាច់ឆ្នាំ២០១៩នេះ ។
ក្រៅពីលុបចោលពន្ធកាត់ទុកនេះ រដ្ឋាភិបាលកម្ពុជា និងជប៉ុន ក៏កំពុងបង្កើតព្រមព្រៀងស្តីពីពន្ធត្រួតស៊ីគ្នា ដើម្បីកាត់បន្ថយបន្ទុកពន្ធដល់ធុរកិច្ចជប៉ុន ឲ្យពួកគេអាចមានលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនទៀតផង៕
Tag:
ហ៊ុន សែន
ពន្ធកាត់ទុក
© រក្សាសិទ្ធិដោយ thmeythmey.com