កីឡាអន្តរជាតិ
អន្តរជាតិ
Sarri ដើរ​ចេញពី​ទីលាន ដោយសារ​មិនអាច​សម្រួល Higuain និង Luiz ឲ្យ​ត្រូវ​គ្នា​វិញ​?
29, May 2019 , 10:58 am        
រូបភាព
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League កាន់តែ​ខិតចូល​មកដល់ ខណៈ Chelsea ដែល​ត្រូវ​តតាំង​ជាមួយ Arsenal បែរ​ជាមាន​បញ្ហា​តានតឹង​អំឡុងពេល​ហ្វឹកហាត់​នៅ​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់​។ តោ​ខៀវ និង​កាំភ្លើង​ធំ ត្រូវ​ប្រជែង​ពាន​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប នៅ​រាត្រី​ថ្ងៃទី​៣០ ខែឧសភា ក្នុង​ពហុ​កីឡដ្ឋាន​អូឡាំពិក ក្រុង​បា​គូ វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​លោក Maurizio Sarri អ្នកចាត់ការ​ទូទៅ Chelsea នៅ​ថ្ងៃទី​២៩ ខែឧសភា បាន​ដើរ​ចេញពី​ជំរំ​ហ្វឹកហាត់​ភ្លាមៗ​តែម្តង​ដោយ​មិនត្រូវ​បាន​គេ​ដឹង​ពី​មូលហេតុ​ច្បាស់​ឡើយ ខណៈពេលដែល​កូនក្រុម​លោក​ក៏មាន​ការទាស់ទែង​គ្នា​។​


Gonzalo Higuain និង David Luiz ដែលទាស់សម្តីគ្នាពេលហ្វឹកហាត់
 
​នា​អំឡុងពេល​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​ដណ្តើមពាន​លំដាប់​ទី​២​អឺរ៉ុប ពោលគឺ​នៅសល់​ប្រមាណ ២៤​ម៉ោង​ទៀត​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ Gonzalo Higuain និង​ខ្សែការពារ David Luiz បាន​ទាស់សម្តី​យ៉ាងខ្លាំង​ទៀតផង​។ យ៉ាងណា​ក្លិប Chelsea បានលើកឡើង​ជុំវិញ​ប្រតិកម្ម​របស់ Sarri រហូត​ដើរ​ចេញពី​កន្លែង​ហ្វឹកហាត់​នេះ គឺ​មិន​ទាក់ទង​ទៅនឹង​កីឡាករ​ឈ្លោះ​គ្នា​ឡើយ​។​
 
 
​ក្លិប​បាន​អះអាងថា គ្រូ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិន​សប្បាយចិត្ត​ដែល​កូនក្រុម​លោក​មិនអាច​អនុវត្ត​ការទា​ត់បាល់ Set piece (​ទាត់​បាល់​ពិន័យ និង​ទាត់​បាល់​ជ្រុង​) នា​ការហ្វឹកហាត់​ដែល​បើកចំហ​ឲ្យ​មាន​ក្រុម​អ្នកសារព័ត៌មាន​ចូល​ដែរនោះ​។​
 
​ហេតុផល​ផ្សេងទៀត ត្រូវបាន​គេ​ជឿជាក់ថា​អាចមកពី​ភាពមិនច្បាស់លាស់​ពី​អនាគត​របស់លោក Sarri នៅ Stamford Bridge ក្រោយ​ដឹកនាំ​តោ​ខៀវ​មិន​សមប្រកប​សម្រាប់​រដូវ​កាល​ដំបូង​។ អតីត​អ្នកចាត់ការ Napoli នេះ​ក៏បាន​លើកឡើងថា លោក​នឹង​និយាយ​ជាមួយ​ក្លិប​ពី​អនាគត​របស់លោក បន្ទាប់ពី​បញ្ចប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Europa League៕





Tag:
 បាល់ទាត់​
  UEFA Europa League
  Maurizio Sarri
© រក្សាសិទ្ធិដោយ thmeythmey.com