ជាតិ
សង្គមជាតិ
លិខិតមិត្តអ្នកអាន៖ ខ្លឹម​សា​រ​ផ្សាយពាណិជ្ជ​ក​ម្មស្រា​បៀ​ ​មិនត្រូវហួស​ហេ​តុ​ពេ​ក​ឡើ​យ​
29, May 2019 , 1:32 pm        
រូបភាព
ដោយ: ថ្មីៗ
ការជួបជុំមិត្តភក្តិ នារីៗស៊ិចស៊ី សំណើច ក្អាកក្អាយ ទាំងអស់នេះជារូបភាពនៃការផ្សព្វផ្សាយស្រាបៀនៅតាមកញ្ចក់ទូរទស្សន៍ទាំងអស់នៅកម្ពុជា។ មើលទៅ ជីវិតដូចជារីករាយស្រស់បំព្រងមែនទែន!
 
ធម្មតាទេ អ្នកផលិតវីដេអូផ្សាយពាណិជ្ជកម្មស្រាបៀ ចង់ជំរុញឲ្យអ្នកទស្សនាឱ្យស្រេកឃ្លានពិសារស្រាបៀ។ គេមិនដែលថតវីដេអូផ្សាយពាណិជ្ជកម្មលក់ស្រាបៀ ជាមួយប្តីស្រវឹងវាយប្រពន្ធ និងបំផ្លាញលុយក្នុងគ្រួសារនោះឡើយ។

គេមិនដែលថតវីដេអូផ្សាយលក់ស្រាបៀ ដោយបង្ហាញក្រុមយុវជនជ្រួលជ្រើម ហក់លោតនៅក្នុងកន្លែងកម្សាន្តកំពុងរំខាននារីៗអ្នកបម្រើ ដែលត្រូវបង្ខំចិត្តញញឹមទទួលភ្ញៀវក្អេងក្អាង ដើម្បីកុំឱ្យថៅកែបញ្ឈប់ពីការងារនោះឡើយ។

គេមិនថតវីដេអូពាណិជ្ជកម្មស្រាបៀដោយមានបង្ហាញការឈឺចាប់របស់គ្រួសារទេសចរបរទេសដែលបានស្លាប់នៅក្នុងម៉ូតូកង់បី ដោយសារតែរថយន្តដែលបើកបរដោយមនុស្សស្រវឹង បុកពេញទំហឹង នៅកណ្តាលរាជធានីនោះដែរ។

គេក៏នឹងមិនថតទឹកភ្នែករបស់ម្តាយម្នាក់ដែលយំបោកប្រាណលើសពកូននៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីកូនគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែបរិភោគគ្រឿងស្រវឹងនៅក្នុងពិធីអាពាហ៍ពិពាហ៍មួយនោះឡើយ។
 
ទាំងនេះ គឺជាបច្ច័យដែលកើតចេញពីគ្រឿងស្រវឹង ជារឿងរាល់ថ្ងៃ។ ពិតណាស់ គេមិនអាចហាមឃាត់ធ្វើការពាណិជ្ជកម្មស្រាបៀ ឬសុរា ដែលអាចធ្វើឲ្យមនុស្សបរិភោគហួសហេតុ បំផ្លាញសុខភាព និងបង្កសោកនាដកម្មនៅក្នុងគ្រួសារ និងសង្គមនោះមែន។ ពិតណាស់ គេក៏មិនអាចហាមក្រុមហ៊ុនស្រាបៀ ឬសុរា មិនឱ្យរីកចម្រើន បន្ទាប់ពីពួកគេបានចាយលុយរាប់ពាន់ម៉ឺនដុល្លារនៅក្នុងយុទ្ធនាការផ្សព្វផ្សាយផលិតផលរបស់ពួកគេនោះឡើយ។
 
ប៉ុន្តែតើម្ចាស់ក្រុមហ៊ុនទាំងនោះអាចកាត់បន្ថយការផ្សាយពាណិជ្ជកម្មបែបបំផ្លើសដើម្បីតែទាក់ទាញជ្រុលហួសហេតុអតិថិជនវ័យក្មេង? តើម្ចាស់ក្រុមហ៊ុន ឬរដ្ឋាភិបាលអាចកំណត់ខ្លឹមសារ ឬកាត់បន្ថយយុទ្ធនាការផ្សព្វផ្សាយណាដែលជំរុញការបរិភោគហួសប្រមាណ ដោយសារតែការផ្សងសំណាង និងការចាប់ឆ្នោតយករង្វាន់នោះដែរឬទេ?
 
តើគេអាចជំរុញឲ្យក្រុមហ៊ុនស្រាបៀចំណាយថវិការបស់ពួកគេដើម្បីគាំទ្រយុទ្ធនាការផ្សព្វផ្សាយតាមទូរទស្សន៍ស្តីពីការការពារគ្រោះថ្នាក់នៃការបរិភោកជាតិអាល់កុលច្រើន? ដូចការអំពាវនាវដល់អាជីវករដែលលក់អាហារដែលគ្មានសុខភាព និងដែលមានជាតិស្កច្រើន ធ្វើឱ្យលើសទំងន់ ចូលរួមឧបត្ថម្ភគាំទ្រយុទ្ធនាការផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ ដើម្បីការពារ និងទប់ទល់ឃាតករលាក់មុខដែលមានដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសម្ពាធឈាមនោះ រដ្ឋាភិបាលក៏ត្រូវជំរុញឲ្យក្រុមហ៊ុនផលិតស្រាបៀ រួមវិភាគទាននៅក្នុងការផ្សព្វផ្សាយលើកស្ទួយសុខភាពសាធារណៈដែរ។

នៅក្នុងស្រាបៀ មានពពុះ និងភាពសប្បាយរីករាយ ប៉ុន្តែវាក៏មានឈាម និងទឹកភ្នែកផងដែរ៕
 

ដោយ កុក ប៉ុនធឿន ជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ

© រក្សាសិទ្ធិដោយ thmeythmey.com