ជាតិ
នយោបាយជាតិ
លោក សុខ ឥសាន៖ កម្ពុជាក្រោមជាទឹកដីរបស់ខ្មែរតែក្នុងអារម្មណ៍ប៉ុណ្ណោះ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម (ឆ្វេងដៃ) បង្ហាញឯកសារទាក់ទងនឹងកម្ពុជានាពេលកន្លងមក
× ស្របពេលពិធីរម្លឹកខួប៧០ឆ្នាំ ដែលវៀតណាមគ្រប់គ្រងកម្ពុជាក្រោម ជិតឈានមកដល់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ចេញមតិយោបល់។ លោក អះអាងថា បច្ចុប្បន្ន កម្ពុជាក្រោម មិនមែនជាទឹកដីរបស់ខ្មែរទៀតទេ។
លោក សុខ ឥសាន បកស្រាយថា អាណានិគមបារាំង បានសម្រេចប្រគល់កម្ពុជាក្រោមឲ្យទៅប្រទេសអណ្ណាម (វៀតណាម) នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ តាមការអនុម័តពីសភាកូសាំងស៊ីន និងសភាបារាំង ព្រមទាំងសេចក្តីសម្រេចរបស់ប្រធានាធិបតីបារាំងនាសម័យនោះ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ការសម្គាល់ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ គ្រាន់តែស្ថិតនៅក្នុងអារម្មណ៍តែប៉ុណ្ណោះ ដោយគ្មានលទ្ធភាពណាមួយអាចយកមកវិញបានឡើយ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បន្តថា ការបាត់បង់ទឹកដីពីអតីតកាល គឺបណ្តាលមកពីខ្មែរចុះខ្សោយ ដោយសារបែកបាក់គ្នាមិនឈប់ឈរ ដោយសារឥទ្ធិពលនិងសិទ្ធិអំណាចបរទេស ដកទឹកដីខ្មែរទៅឲ្យបរទេសផ្សេង។ លោក បានហៅរឿងអតីតកាលត្រង់ចំណុចនេះ ថាជាកាកសំណល់នៃប្រវត្តិសាស្ត្រ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច សង្កត់ធ្ងន់ថា «ការលើកឡើងពីការឈ្លានពានរបស់ប្រទេសជិតខាង វាគ្រាន់តែយកឈើឆ្កឹះដំបៅចាស់ មកធ្វើជារឿងថ្មី ដែលអត់ចំណេញទាល់តែសោះ»។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ គឺមានរយៈពេល៧០ឆ្នាំហើយ ដែលបារាំង ប្រគល់កម្ពុជាក្រោម ទៅឲ្យវៀតណាម កាន់កាប់។ អង្គការ-សមាគមខ្មែរកម្ពុជា នឹងប្រារព្ធពិធីរម្លឹកខួប៧០ឆ្នាំនៃការបាត់បង់អធិបតីកម្ពុជា នៅទីលានប្រជាធិបតេយ្យថ្មី ក្នុងសង្កាត់ឫស្សីកែវ។
សេចក្តីអំពាវនាវរបស់សហគមន៍ខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ពិធីនេះ មានការរាប់បាត្រព្រះសង្ឃជិត២ពាន់អង្គ។ សេចក្តីអំពាវនាវ ដែលចេញដោយលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានអំពាវនាវឲ្យសាធារណជន ជួយឧបត្ថម្ភថវិកានិងសម្ភារផ្សេងៗ។
«កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្មារតីកូនខ្មែរស្នេហាជាតិសុទ្ធសាធ ដើម្បីសម្តែងគារវកិច្ច និងដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់អ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងសាសនា ព្រមទាំងកូនខ្មែរគ្រប់រូបចងចាំទិវាប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះក្នុងន័យកុំឲ្យដានប្រវត្តិសាស្ត្រអតីតកាលនៃការបាត់បង់ទឹកដីនិងសោកនាដកម្មដ៏សែនខ្លោចផ្សា វិលមករកកូនខ្មែរជាថ្មីទៀត»។ នេះជាខ្លឹមសារនៅក្នុងសេចក្តីអំពាវនាវ។
ពិធីរម្លឹកខួប៧០ឆ្នាំនេះ នឹងមានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ យាងធ្វើជាអធិបតី ដូចឆ្នាំមុនៗដែរ៕
Tag:
កម្ពុជា
ខួប៧០ឆ្នាំ
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com