អន្តរជាតិ
លោក ត្រាំ សង្ឃឹមថា យោធា​ជប៉ុន​ជួយ​អាមេរិក​ទប់ទល់​ការគំរាមកំហែង​
29, May 2019 , 7:39 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ត្រួតពិនិត្យនាវា Kaga នៅមូលដ្ឋាន Yokosuka ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ត្រួតពិនិត្យនាវា Kaga នៅមូលដ្ឋាន Yokosuka ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋនៅ​ជប៉ុន​កាលពី​ថ្ងៃទី​២៨ ខែឧសភា​។ អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ត្រាំ ក៏​ឆ្លៀត​ចុះ​ត្រួតពិនិត្យ​នាវាចម្បាំង​ធំជាងគេ​របស់​ជប៉ុន ដែលមាន​សមត្ថភាព​ផ្ទុក​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប F-35 ផង​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​សង្ឃឹមថា ជប៉ុន នឹង​អាច​ធ្វើជា​ទ័ព​ជំនួយ​សម្រាប់​អាមេរិក​ក្នុងការ​ទប់ទល់​ការគំរាមកំហែង​ក្នុង​តំបន់ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​លើ​ពិភពលោក​។​

 
​ជប៉ុន​ដែលជា​មហាអំណាច​ក្នុង​តំបន់​មួយ ត្រូវបាន​គេ​មើលឃើញថា កំពុង​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​កាន់តែខ្លាំង​។ ពោល គឺ​មិនមែន​ត្រឹម​ធ្វើ​ប្រតិបត្តិការ​ក្រោម​ស្លាក​កង​ស្វ័យការពារ​ទៀតឡើយ តែ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បានដាក់​គោលដៅ​ធ្វើ​យ៉ាង​ឲ្យ​យោធា​ជប៉ុន​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​របស់ខ្លួន​ទៅទៀត​។ កំណែទម្រង់កងទ័ព ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់​ដែល​ត្រូវបាន​ជំរុញ​ដោយ​ថវិកា​យោធា​ច្រើន​សន្ធឹកសន្ធាប់​។​
 
​ស្រប​ពេលដែល​ជប៉ុន​ពង្រឹងសមត្ថភាព​កងទ័ព​របស់ខ្លួន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ប្រកាស​ក្ដី​រំពឹងថា ជប៉ុន​នឹង​ជួយ​យោធា​ក្នុងការ​ប្រតិបត្តិ​ការប្រឆាំង​ការគំរាមកំហែង​នានា​។ លោក ត្រាំ និយាយ​បែបនេះ អំឡុងពេល​ចុះ​ត្រួតពិនិត្យ​នាវាចម្បាំង​ជប៉ុន Kaga នៅ​ថ្ងៃទី​២៨ ខែឧសភា មុន​ចាកចេញ​ទៅកាន់​អាមេរិក​វិញ​។ Kaga ជា​នាវាចម្បាំង​ធំជាងគេ​របស់​ជប៉ុន និង​ត្រូវ​ប្រើ​ជានា​វា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ប្រមាញ់​នាវាមុជទឹក​។​
 
​សព្វថ្ងៃ ទីក្រុង​តូ​ក្យូ មាន​គម្រោង​អភិវឌ្ឍ​នាវាចម្បាំង​នេះ​ដើម្បី​មាន​សមត្ថភាព​ឲ្យ​យន្តហោះ​ចម្បាំង F-35B ឡើង​ចុះ​បាន​។ យន្តហោះ F-35B ជា​យន្តហោះ​ស៊េរី​ទំនើប​ដែល​អាច​ចុះចត​ដោយ​មិនត្រូវ​ការ​ផ្លូវ​រត​វែង និង​ហោះ​ឡើងលើ​ដោយ​ត្រង់​បាន​។ លោក ត្រាំ ប្រកាសថា ជប៉ុន​នឹង​ទិញ​យន្តហោះ​នេះ​ជាង​មួយរយ​គ្រឿង​បន្ថែមទៀត ដែល​វា​នឹងធ្វើ​ឲ្យ​ជប៉ុន​ក្លាយជា​សម្ព័ន្ធមិត្ត​អាមេរិក​ដំបូង​គេ​មាន​យន្តហោះ F-35 ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​។​
 
​ជាមួយនឹង​សម្ភារ​ថ្មី​ពិសេស Kaga នឹង​ជួយ​អាមេរិក​ដើម្បី​ការពារ​ប្រឆាំង​ការគំរាមកំហែង​ដ៏​ស្មុគស្មាញ​ជាច្រើន​នៅក្នុង​តំបន់ និង​នៅក្រៅ​តំបន់​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ដែល​ឈរ​ក្បែ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​។ 
 
​ការដំឡើង​សមត្ថភាព​នាវា Kaga និង​នាវាចម្បាំង​មួយទៀត Izumo ពិតជា​ជួយ​ដល់​ការធ្វើ​ប្រតិបត្តិការ​របស់​យោធា​អាមេរិក​ពី​ទឹកដី​ជប៉ុន ដោយ​នាវា​ទាំងពីរ​អាច​ដើរតួ​ជាទី​ស្ថានីយ​ចាក់​សាំង​សម្រាប់​យន្តហោះ F-35 បាន​។ ដើមឡើយ នាវា​ទាំងពីរ​នេះ ត្រូវបាន​កសាង​ត្រឹម​ជា​នាវា​ពិឃាត​ប៉ុណ្ណោះ ព្រោះ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ហាម​ប្រើប្រាស់​នាវា​ដែល​អាច​វាយប្រហារ​ប្រទេស​ផ្សេង​។ គម្រោង​កែប្រែ​នាវា​ទាំងពីរ​នេះ ត្រូវបាន ជំរុញ​ខ្លាំង​ដោយ​លោក អា​បេ ដែល​កំពុង​ព្យាយាម​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ផង​នោះ​៕ 
 

Tag:
 អាមេរិក​
  ជប៉ុន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com