ជាតិ
បោះឆ្នោត
បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី​៣ គ្មាន​បណ្តឹង​ណាមួយ​សោះ​
29, May 2019 , 2:28 pm        
រូបភាព
រូបពីគ.ជ.ប.
រូបពីគ.ជ.ប.
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) មិនបាន​ទទួលបាន​ពាក្យបណ្តឹង​ពី​ភាគី​ណាមួយ​ឡើយ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​អាណត្តិ​ទី​៣​នេះ​។


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩​ឧសភា គ​.​ជ​.​ប​. បញ្ជាក់ថា «​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការរាំងស្ទះ គ្មាន​អំពើហិង្សា គ្មាន​គំរាមកំហែង ហើយ​ស្ថិតក្នុង​បរិយាកាស​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ល្អ​»​។​
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​. ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​គ្មាន​ពាក្យបណ្តឹង​នេះ ពាក់ព័ន្ធ​នឹង​ការរាប់​សន្លឹកឆ្នោត​។ លោក អះអាងថា គ្រប់ភាគី អាច​ប្តឹង​ជំទាស់​ទាក់ទង​នឹង​លទ្ធផល​បណ្តោះអាសន្ន​។ លោក បន្ថែមថា ប្រសិនបើ​នៅតែ​គ្មាន​ពាក្យបណ្តឹង​ទៀត​នោះ លទ្ធផល​ផ្លូវការ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩​។ 
 
​យោងតាម​លទ្ធផល​បឋម ក្នុងចំណោម​អ្នកបោះឆ្នោត​សរុប​១១៥៧២​នាក់ អ្នក​ដែល​បាន​ទៅ​បោះឆ្នោត មាន​១១៥៦៥​នាក់ (​បាត់​៧​នាក់​)​។ អ្នកបោះឆ្នោត គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ​គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​បោះ​ឲ្យ ដល់​ទៅ​១១១២៣​នាក់​ឯណោះ ដែល​ស្មើនឹង​៩៦,១៧​ភាគរយ​។ គេ អាច​សន្និដ្ឋានថា អាសនៈ​ក្រុមប្រឹក្សា​ទាំង​៤១១៤ (​អាសនៈ​រាជធានី ខេត្ត មាន​៥៥៩ ហើយ​អាសនៈ​ក្រុង ស្រុក ខណ្ឌ មាន​៣៥៥៥) នឹង​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទើរ​ទាំងអស់​។ 
 
អត្ថបទទាក់ទង


​យ៉ាងណាក៏ដោយ គ​.​ជ​.​ប​. មិនទាន់​បែងចែក​អាសនៈ​ក្រុមប្រឹក្សា ដែល​គណបក្សនយោបាយ ត្រូវ​ទទួលបាន​នោះទេ​។ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ការបែងចែក​អាសនៈ នឹងត្រូវ​បង្ហាញ​នាពេលនោះ​។​
 
​មាន​គណបក្ស​៧ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច គណបក្ស​ខែ្មរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​បាន​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ​។ 
 
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​គណបក្ស​របស់លោក ត្រូវបាន​រំលាយចោល​កាលពី​ចុងឆ្នាំ​២០១៧ បាន​ហៅ​ការបោះឆ្នោត​ក្រុមប្រឹក្សា ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ​លើក​ទី​៣​។ លោក រៀបរាប់ថា ការបោះឆ្នោត​ក្លែងក្លាយ​លើក​ទី​១ គឺជា​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ហើយ​ការបោះឆ្នោត​ក្លែងក្លាយ​លើក​ទី​២ គឺជា​ការបោះឆ្នោត​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ 
 
​ហេតុផល​ដែល​ធ្វើ​ឲ្យ​លោក ចាត់ទុក​ការបោះឆ្នោត​ទាំង​៣​លើក​នេះ ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ គឺ​ដោយសារតែ​អតីត​គណបក្សប្រឆាំងរ​ប​ស់លោក ពុំបាន​ចូលរួម​។ លោក អះអាងថា ការបោះឆ្នោត​ក្លែងក្លាយ​ទាំងនេះ គឺ​នាំ​កម្ពុជា​ទៅរក​ប្រព័ន្ធ​ឯក​បក្ស​។ 
 
​លោក បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ការបោះឆ្នោត​ក្លែងក្លាយ​ទាំង​៣​លើក​នេះ ធ្វើ​ឲ្យ​គណបក្សកាន់អំណាច ទទួលបាន​កៅអី​១០០​ភាគរយ នៅ​គ្រប់​ស្ថាប័នរដ្ឋ ពី​ថ្នាក់ជាតិ ដល់​ថ្នាក់មូលដ្ឋាន​»​។  
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច និយាយ​ការពារ​ថា ការបោះឆ្នោត​ក្រុមប្រឹក្សា ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់បោះឆ្នោត ហើយ​ក៏មាន​លក្ខណ​:​ប្រជាធិបតេយ្យ​ដែរ​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់​ទំ​ង​តេ​ឡេ​ក្រាម​បែបនេះ​ថា «​ការបោះឆ្នោត​ក្លែងក្លាយ គឺ​អ្នក​ថា​និង​អ្នក​ផ្សាយ​ទេ ដែល​ក្លែងក្លាយ​នោះ​។ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​៤០​ឆ្នាំ ជា​គណបក្ស​ខ្លាំង មា​នក​ម្មិ​ធី​នយោបាយ​ត្រឹមត្រូវ មានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​ច្រើន​លើសលុប​»៕ 
 
 

Tag:
 បោះឆ្នោតក្រុមប្រឹក្សា​
  បណ្តឹង​
  គ​.​ជ​.​ប​.
© រក្សាសិទ្ធិដោយ thmeythmey.com