កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលីសចាប់ខ្លួនកីឡាករ និងប្រធានក្លិបនៅ La Liga ពីបទកំណត់លទ្ធផលទុកមុន
× ប៉ូលីសអេស្ប៉ាញបានចាប់ខ្លួនកីឡាករដែលប្រកបអាជីពក្នុងក្របខណ្ឌលីគកំពូល La Liga និងលំដាប់ទី២ division រួមទាំងអ្នកចាត់ការក្លិបមួយចំនួនដែលស្ថិតក្រោមការស៊ើបអង្កេតពីបទកំណត់លទ្ធផលការប្រកួតទុកមុន។
ប៉ូលីសដដែលអះអាងថាអ្នកជាប់ពាក់ព័ន្ធសរុបចំនួន ១១ នាក់នឹងត្រូវចាប់ខ្លួន។ អ្នកពាក់ព័ន្ធទាំងនោះកំពុងត្រូវបានស៊ើបអង្កេតជុំវិញការកំណត់លទ្ធផលក្នុងចំណោមការប្រកួត៣លើកចុងក្រោយនារដូវកាល ២០១៧-១៨ សម្រាប់ក្របខណ្ឌកំពូលទាំងបីកម្រិតនៅអេស្ប៉ាញ។
អ្នកនាំពាក្យរបស់ La Liga និយាយថាសកម្មភាពរបស់ប៉ូលីសគឺធ្វើទៅតាមពាក្យបណ្តឹងរបស់ស្ថាប័នខ្លួនដែលធ្វើឡើងក្នុងការប្រកួតតាំងពីខែឧសភា ឆ្នាំ២០១៨ម្លេះ។ សម្រាប់អ្នកដែលត្រូវចាប់ខ្លួនរួចហើយ គឺរួមមានកីឡាករដែលកំពុងប្រកបអាជីពសព្វថ្ងៃ និងកីឡាករចូលនិវត្តន៍ រួមទាំងប្រធាន និងនាយកក្លិបផងដែរ។
មេធាវីរបស់ក្លិប SD Huesca ដែលធ្លាក់ចេញពីក្របខណ្ឌ La Liga រដូវកាលនេះ បញ្ជាក់ថាមានកីឡាករ និងសមាជិកក្រុមខ្លួនមួយចំនួនត្រូវឃុំខ្លួនតាមដីការបស់តុលាការក្នុងប្រទេសអេស្ប៉ាញ។
ប៉ូលីសបានប្រាប់ហេតុផលដែលនាំឲ្យមានករណីកំណត់លទ្ធផលនេះថាមកពីទីផ្សារភ្នាល់បាល់កើនឡើង ដោយក្នុងនោះមានការភ្នាល់លើចំនួនគ្រាប់បាល់ និងហាងឆេងភ្នាល់ផ្សេងៗទៀត៕
Tag:
បាល់ទាត់
La Liga
កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com