ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ថូ​ង ធីតា អភិរក្ស​របរ​ដូនតា និង​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ស្គាល់​អំបិល​កំពត
30, May 2019 , 8:39 am        
រូបភាព
ដោយ:
​កំពត​៖ កញ្ញា ថូ​ង ធីតា គឺជា​ម្ចាស់​សហគ្រាស ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ (Thaung Enterprise) ស្ថិតនៅ​ទី​រួម​ខេត្តកំពត​។ ក្រោយ​ញ្ច​ប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​នៅ​ភ្នំពេញ កញ្ញា ថូ​ង ធីតា​ដែល​បច្ចុប្បន្ន​មាន​វ័យ ២៩​ឆ្នាំ បាន​ត្រឡប់មក​ស្រុកកំណើត​នាង​វិញ ដើម្បី​បន្ត​របរ​ផលិត​អំបិល​របស់​គ្រួសារ និង​ជួយ​ជ្រោមជ្រែង​អំបិល​កំពត​ដែលជា​កេរ​ដូនតា​មួយ​នេះ ឲ្យ​មាន​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។ កញ្ញា ថូ​ង ធីតា មាន​មហិច្ឆតា​កសាង​យីហោ​អំបិល​កំពត ឲ្យ​បាន​ចុះ​ក្នុង​បញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ដូច​ម្រេច​កំពត​ដែរ​។​

 
 
កម្ពុជា ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​ការធ្វើ​ស្រែចម្ការ ឬ​ការប្រកប​ការងារ​រក​ស៊ី ក្នុង​វិស័យ​កសិកម្ម ហាក់​នៅ​ឆ្ងាយ​ពី​គោលដៅ​របស់​យុវជន​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ននេះ​ណាស់​។ មាន​យុវជន​ខ្មែរ​តិចតួច​ ដែល​បាន​ចាប់យក​ជំនាញ​ពាក់ព័ន្ធ​នឹង​កសិកម្មនៅសាកលវិទ្យាល័យ និងបាន​ត្រឡប់​ទៅធ្វើការ​ពាក់ព័ន្ធនឹងកសិកម្ម ឬទៅរក​ស៊ីក្នុង​វិស័យ​កសិកម្ម​នេះ​វិញ​។  

កញ្ញា ថូ​ង ធីតា ជា​អ្នក​សំឡឹង​ឃើញ​សក្តានុពល​វិស័យ​កសិកម្ម​នេះ​។ មិនសូវ​ខុសគ្នា​ពី​យុវជន​ទូទៅ​ឡើយ យុវតី​រូបនេះ គ្មាន​បំណង​ទៅ​ធ្វើការ​ហាលភ្លៀង ហាលខ្យល់ និង​ក្រោយ​កម្តៅថ្ងៃ​នោះឡើយ​។ កើត​ក្នុង​ត្រកូល​អ្នក​ផលិត​អំបិល​នៅក្នុង​ខេត្តកំពត នាង បាន​ចាប់យក​ជំនាញ​ច្បាប់ និង​ចង់​ក្លាយជា​មេធាវី​ផ្នែក​ពាណិជ្ជកម្ម​។ ប៉ុន្តែ​ក្រោយ​បានដឹងថា​ផលិតផល​អំបិល​របស់​គ្រួសារ និង​សហគមន៍ ប្រឈម​នឹង​កង្វះខាត​ទីផ្សារ ធីតា ដែលជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​៥​នាក់​រូបនេះ ក៏បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដើម្បី​ពង្រីក​អាជីវកម្ម​អំបិល​ឲ្យ​ធំ​ជាង​មុន​។ 
 


 
​ស្ថិតនៅ​សហគ្រាស​របស់ខ្លួន ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អ​ណ្តូ​រ​ខ្មែរ ក្រុង​កំពត កញ្ញា ថូ​ង ធីតា រំឭកដូច្នេះ​៖«​នៅពេល​ខ្ញុំ​មកលេង​ផ្ទះ​ម្តងៗ ម៉ាក់​តែងតែបាន​ប្រាប់ថា អំបិល​នៅ​ពេញ​ឃ្លាំង​អត់​មាន​ទីផ្សារ​សោះ​។ ចំណែក​កសិករ​ផ្សេងទៀត ក៏​ជួប​ញ្ហា​នេះដែរ​។ យើង​ក្នុងនាម​ជា​កូន​កសិករ​ម្នាក់​ដែល​ផលិត​អំបិល យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ដែរ ហេតុ​អីយើ​ង​មិន​ព្រមធ្វើ​វា​ដើម្បី​ជួយ​គ្រួសារ​និង​កសិករ​ផ្សេងទៀត​? នេះ​ជាការ​ជំរុញ​ទឹកចិត្ត​ខ្ញុំ ដើម្បី​ជួយ​ដល់​សហគមន៍​ខ្ញុំ​វិញ​»​។  
 
​បើតាម​សហគ្រិន​វ័យក្មេង​រូបនេះ ការ​មក​ពង្រីក និង​ពង្រឹង​មុខរបរ​ផលិត​អំបិល​នេះ ក៏​ព្រោះតែ​នាង​មាន​មហិច្ឆតា ចង់​កសាង​យីហោ​អំបិល​កំពត ឲ្យ​បាន​ចុះ​ក្នុង​បញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ដូច​ម្រេច​កំពត​ដែរ​។ ដូច្នេះហើយ​ទើប​ធីតា បោះបង់​ជីវភាព​ស៊ីវីល័យ​នៅ​ភ្នំពេញ វិល​មក​កែប្រែ​អាជីវកម្ម​អំបិល​លក្ខណៈ​គ្រួសារ​មួយ​នេះ ទៅជា​សហគ្រាស​ខ្នាតតូច និង​មធ្យម ឈ្មោះថា​សហគ្រាស ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ តាំងតែ​ពី​ឆ្នាំ​២០១៦​មក និង​បានចាប់ផ្តើម​ផលិត​អំបិល​ឲ្យ​មាន​គុណភាព​ខ្ពស់ ដើម្បី​ប្រជែង​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​បាន​ជ្រៀតចូល​ចំណែក​ទីផ្សារ​ក្រៅប្រទេស​។ មកទល់បច្ចុប្បន្ន កញ្ញា ថូ​ង ធីតា បាន​ក្លាយជា​សហគ្រិន​ស្ត្រី​វ័យក្មេង​មួយរូប ដែល​កំពុងតែ​ជួយ​លើកកម្ពស់ និង​បង្កើន​ស្តង់ដារ​ផលិតផល​អំបិល​ខេត្តកំពត ឲ្យ​មានមុខ​មាន​មាត់​ទាំង​នៅក្នុង​ស្រុក និង​ឆាក​អន្តរជាតិ​។​ 
 
​ផ្សព្វផ្សាយ​អំបិល​ដូនតា​ឲ្យ​ពិភពលោក​បាន​ស្គាល់ យ៉ាង​មោទកភាព 
 
គ្រួសារ​របស់​កញ្ញា ថូ​ង ធីតា មាន​ស្រែអំបិល​៥០​ហិកតា និង​សហការ​ជាមួយ​កសិករ​១៥​គ្រួសារ​ផ្សេងទៀត ដែល​សរុប​មាន​ផ្ទៃដី​ផលិត​អំបិល​ជាង​១០០​ហិកតា ស្ថិតនៅ​ភូមិ​ត្រើយ​កោះ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​។ បើតាម កញ្ញា ថូ​ង ធីតា កញ្ញា​ទទួល​ទិញ​អំបិល​របស់​កសិករ នៅក្នុង​តម្លៃ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ និង​បាន​ចែករំលែក​ចំណេះដឹង​ថ្មីៗ និង​ព័ត៌មាន​ទីផ្សារ​ដល់​កសិក​រ​យ៉ាង​ទូលំទូលាយ​ផងដែរ ដើម្បី​ឲ្យ​កសិករ ខិតខំ​ផលិត​អំបិល​ធម្មជាតិ​ឲ្យ​កាន់តែ​មានគុណ​ភាពល្អ ស្របតាម​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។  


 
​បច្ចុប្បន្ន​សហគ្រាស ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ មាន​សមត្ថភាព​ផលិត​អំបិល​បាន​១​ម៉ឺន​តោន នៅក្នុង​មួយឆ្នាំ និង​បាន​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ជប៉ុន ព្រមទាំង​កំពុង​ផ្សព្វផ្សាយ ទៅកាន់​ប្រទេសស្វី​ស និង​កាណាដា​ថែមទៀត​។ កញ្ញា ថូ​ង ធីតា បាន​ថ្លែង​ដោយ​មោទកភាព​ថា ការផលិត​អំបិល​ធម្មជាតិ​របស់ខ្លួន មិន​ត្រឹមតែ​បាន​ចូលរួមចំណែក​ថែរក្សា​សុខភាព​របស់​ព​ល​រដ្ឋ​នោះទេ ប៉ុន្តែ​តាមរយៈ​អាជីវកម្ម​មួយ​នេះ ពិភពលោក​អាច​ស្គាល់​កម្ពុជា ស្គាល់​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ផលិត​អំបិល​របស់ពលរដ្ឋកម្ពុជា​។​
 
 
​អភិរក្ស​បច្ចេកទេស​ផលិត​អំបិល​ដែល​ចេះ​ពី​ដូនតា តែ​អភិវឌ្ឍ​គុណភាព​

​បើទោះជា​សម័យកាល​ជឿនលឿន​ក៏ដោយ សហគ្រាស​ផលិត​អំបិល​របស់​កញ្ញា ធីតា នៅតែ​ប្រើប្រាស់​បច្ចេកទេស​ផលិត​អំបិល​ធម្មជាតិ ដែល​ចេះត​ពី​ជីដូន​ជីតា​មក​ដដែល​។ គ្រួសារ​របស់​នាង បានចាប់ផ្តើម​ផលិត​អំបិល តាំងតែ​ពី​ឆ្នាំ​១៩៨៦ រហូតមក នៅលើ​ផ្ទៃដី​ស្រែអំបិល ប្រមាណ​៥០​ហិកតា​នេះ​។ យុវតីវ័យ២៩ឆ្នាំរូបនេះ ​លម្អិត​ពី​ការផលិត​អំបិល​ធម្មជាតិដែលបានចេះដឹងពីដូនតាមក​​ដូច្នេះ​៖«​យើង​យក​ទឹក​ពី​ក្នុង​សមុទ្រ មក​ចិញ្ចឹម​រយៈពេល​មួយ​ទៅ​ពីរ​ខែ ដើម្បី​ឲ្យ​ទឹក​នោះ ប្រៃ​ដល់​កម្រិត​ដែល​អាច​ផលិត​អំបិល​បាន​។ បន្ទាប់មក បង្ហូរទឹក​ពី​ស្រែ​ចិញ្ចឹម ទៅក្នុង​ស្រែ​បណ្តុះ មុន​ខែ​១(​មករា​) ដោយ​ផ្តើម​លាង​សម្អាត បុកដី កោស​ស្លែ ដែល​បន្សល់​កាលពី​ខែវស្សា តាំងពី​ខែ​១០​ម្ល៉េះ​។ សម្រាប់​អំបិល​ក្រួស មុន​ដាក់​ទឹក​ចូលក្នុង​ស្រែ​បណ្តុះ គេ​លាង​សម្អាត​ម្តង​សិន រួច​គេ​បញ្ចូល​ទឹក​ម្តងទៀត​។ ទុក​មួយ​សប្តាហ៍ ទើប​វា​ប្រមូល​ផល​បាន​។ សម្រាប់​ផ្កាអំបិល គឺ​ស្ថិតនៅ​ស្រទាប់​ខាងលើ​ផ្ទៃ​ទឹក ទាល់​តែមាន​ខ្យល់ មាន​ពន្លឺព្រះអាទិត្យ មាន​កំដៅថ្ងៃ ទើប​មាន​ផ្កាអំបិល ហើយ​យើង​ប្រមូល​ផល​បាន​តិច​មែនទែន​។ ការប្រមូល​ផល​ដែល​ល្អ និង​ច្រើន​បំផុត គឺ​ចន្លោះ​នៅ​ម៉ោង​១២ ដល់​ម៉ោង​២(​រសៀល​)»​។  


 
​កញ្ញា ថូ​ង ធីតា ឲ្យ​ដឹង​ទៀតថា ការផលិត​អំបិល​ធម្មជាតិ នៅតែ​ពឹង​ផ្អែកលើ​អាកាសធាតុ​។ អំបិល អាច​ប្រមូល​ផល​បាន ចន្លោះ​ខែមករា ដល់​ខែមេសា​ប៉ុណ្ណោះ ដូច្នេះហើយ បានជា​សហគ្រិន​វ័យ​ក្មេង ថូ​ង ធីតា ដែលមាន​ឫកពារ​ម៉ឹងម៉ាត់ ហ្មត់ចត់ បានរៀបចំ​ផែនការ​ប្រមូល​ផល​យ៉ាង​ល្អិតល្អន់ ក្នុងការប្រមូល​ផល​អំបិល​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ទុក​ផ្គត់ផ្គង់​​​ការបញ្ជា​ទិញ​នៅ​រដូវវស្សា​។ 
 
​ដ្បិតតែ​សហគ្រាស​ផលិត​អំបិល​មួយ​នេះ នៅ​អភិរក្ស​របៀប​របរ​ផលិត​អំបិល​ពី​ដូនតា​មែនពិត ប៉ុន្តែ​កញ្ញា ថូ​ង ធីតា មិនអាច​មើលរំលង​ ការអភិវឌ្ឍន៍​គុណភាព​អំបិល​ធម្មជាតិ​របស់ខ្លួន​នោះឡើយ​។ ដើម្បី​ឲ្យ​ត្រូវ​សមស្រប​តាម​ស្តង់ដារ ដែល​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន សហគ្រាស ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ បាន​អភិវឌ្ឍន៍​ការផលិត​អំបិល​ឲ្យ​កាន់​តែមាន​គុណភាព តាមរយៈ​ការបំពាក់​ឧបករណ៍​សូ​ឡា​ក្នុង​រោងចក្រ​ដើម្បី​ស​ម្ងួ​ត​អំបិល ការជ្រើសរើស​ដោយ​ដៃ​នូវ​ភក់​ឬ​កំទេចកម្ទី​ដែល​ជាប់​ជាមួយ​អំបិល និង​បំពាក់​នូវ​បច្ចេកទេស​វេច​ខ្ចប់​ទំនើប និង​ការ​រចនា​ឲ្យ​មាន​ភាព​ទាក់ទាញ​ជាដើម​។ ក្រៅពីនេះ គឺ​ការពន្យល់​កសិករ ពី​បច្ចេកទេស​ផលិត​អំបិល​ធម្មជាតិ​។
 
 
​ទោះ​ពើបប្រទះ​បញ្ហា​ខ្លះ តែ​ធីតា មិន​រួញរា​រុញច្រាន​អំបិល​កំពត ឲ្យ​ឈរជើង​នៅ​ឆាក​អន្តរជាតិ 
 
​តំបន់​ត្រើយ​កោះ​ខេត្តកំពត ជា​តំបន់​មាន​សក្តានុពល​ខ្ពស់ និង​បាន​ក្លាយជា​កន្លែង​ផលិត​អំបិល​ល្អ​ជាងគេ​នៅ​កម្ពុជា​។ ប៉ុន្តែ​ការផលិត ក៏​កំពុង​ពើបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ដែរ ដូចជា​ការប្រែប្រួល​អាកាសធាតុ កង្វះ​កម្មករ និង​ចរន្ត​ដី​ឡើងថ្លៃ​នៅ​តំបន់​ស្រែអំបិល ដែល​ធ្វើ​ឲ្យ​កសិករ​មួយចំនួន បាន​លក់​ស្រែអំបិល​ទាំងនោះ​។ 
 
​យ៉ាងណា​ក៏ដោយ ឧបសគ្គ​ទាំងនេះ មិនអាច​រារាំង​ការតាំង​ចិត្ត​របស់​កញ្ញា ថូ​ង ធីតា ដែលមាន​មហិច្ឆតា ធ្វើ​ឲ្យ​អំបិល​កំពត​ឈរជើង​នៅលើ​ឆាក​អន្តរជាតិ ដូច​ម្រេច​កំពត​បានឡើយ​។ កញ្ញា ធីតា អះអាងថា ខ្លួន​នៅតែ​បន្តការងារ​នេះ រហូត​អំបិល​កំពត មានឈ្មោះ​បោះ​សំឡេង មានឈ្មោះ បោះ​សំឡេង ឬ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI​។ ទន្ទឹមនឹង​ការប្តេជ្ញាចិត្ត​នេះ កញ្ញា ថូ​ង ធីតា ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជួយ​គាំទ្រ​ផលិត​អំបិល​ធម្មជាតិ ដើម្បី រួមចំណែក​ផ្តល់​ការ​ការងារ​ដល់​ពលរ​ដ្ឋ​ក្នុងស្រុក និង​កាត់បន្ថយ​ចំណាកស្រុក ជាពិសេស  គឺ​លើកទឹកចិត្ត​កសិករ​ផលិត​អំបិល ឲ្យ​ប្រក​បរបរ​នេះ​បន្តទៀត​៕
 
    





Tag:
 ថូ​ង ធីតា​
  អំបិល​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com