កីឡាអន្តរជាតិ
អន្តរជាតិ
ចូលនិវត្តន៍​មិនបាន​១​ខែ​ផង Xavi ក្លាយជា​គ្រូបង្វឹក Al Sadd នៃ​លី​គ​កំពូល​កាតា​
29, May 2019 , 3:21 pm        
រូបភាព
Xavier Hernandez អតីត​ខ្សែបម្រើ​ឆ្នើម Barcelona និង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម Al Sadd SC លី​គ​កីឡាបាល់ទាត់​កំពូល​របស់​កាតា (Q-League) ក្រោយ​ប្រកាស​ចូលនិវត្តន៍​មិនទាន់បាន​១​ខែ​ផង​នោះ​។ បើតាម​ការប្រកាស​រប​ស់​ក្លិប Al Sadd លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​២៨ ខែឧសភា Xavi ត្រូវ​ជំនួស​តំណែង​លោក Jesualdo Ferreira​។​


 
​មុន​ឡើងជា​គ្រូបង្វឹក​នេះ Xavi ធ្លាប់ជា​សមាជិក​កីឡាករ​របស់ Al Sadd ចំនួន​៣​ឆ្នាំ​រួចមកហើយ ដោយ​បង្ហាញខ្លួន​លើសពី ១០០​ប្រកួត​មុនពេល​ប្រកាស​ចូលនិវត្តន៍​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល ២០១៨-១៩ នេះ​។​
 
​បុរស​វ័យ​៣៩​ឆ្នាំ ដែលជា​វីរបុរស​របស់ Barca ផង​នោះ បាន​នាំ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ឈ្នះ​ពាន La Liga ដល់​ទៅ​៨​លើក និង Champions League ចំនួន​៤​ដង ព្រមទាំង​ជួយ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ឈ្នះ World Cup ឆ្នាំ​២០១០ ផងដែរ​។​
 
​បន្ទាប់ពី​បានប្រកាស​ពី​ការចូលនិវត្តន៍ ក្រោយ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល​២១​ឆ្នាំ​នោះ Xavi ក៏បាន​អះអាងថា​លោក​នឹង​ក្លាយជា​គ្រូបង្វឹក​វិញ​នាពេល​អនាគត​ដ៏​ខ្លី​។ «​អ្វីដែល​ខ្ញុំ​សម្រេចបាន​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​គឺជា​បច្ច័យ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ដើម្បី​បន្ត​ក្នុង​វិស័យនេះ​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​វា​គឺជា​កាតព្វកិច្ច​របស់ខ្ញុំ​ក្នុងការ​ត្រឡប់​ចូល​កីឡាបាល់ទាត់​វិញ​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​
 
​ចុងក្រោយ​បំណង​របស់ Xavi ពិតជា​បាន​លទ្ធផល​ភ្លាមៗ​មែន បន្ទាប់ពី​ក្លិប Al Sadd SC តែងតាំង​ជា​គ្រូ​របស់​ពួកគេ​៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com