កីឡាករកីឡាការិនីហាប់គីដូចំនួន១៤រូបទទួលបានការដំឡើងកម្រិតខ្សែក្រវាត់ខ្មៅចន្លោះពី១ដល់៣ដាន់។ បើតាមលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ កីឡាករកីឡាការិនី ត្រូវហ្វឹកាហាត់ចន្លោះពី២ទៅ៤ឆ្នាំ តាមកម្រិតនីមួយៗ ដើម្បីទទួលបានការដំឡើងដាន់។ ពិធីប្រគល់សញ្ញាបត្របញ្ចាក់ដាន់ធ្វើឡើងក្រោមវត្តមានលោក ម៉ក់ សំអុល ប្រធានសហព័ន្ធ។
កីឡាករកីឡាការិនីកម្រិតខ្សែក្រវាត់ខ្មៅចំនួន៦រូប(ស្រី១រូប) ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូដំឡើងកម្រិត១ដាន់ ខណៈ៥រូប(ស្រី១រូប)ត្រូវបានដំឡើងពីកម្រិតខ្សែក្រវាត់ខ្មៅ១ដាន់ទៅ២ដាន់ និង៣រូបពី២ដាន់ទៅ៣ដាន់។ ការដំឡើងកម្រិតដាន់ខ្សែក្រវាត់ខ្មៅនេះ គឺសហព័ន្ធវាយតម្លៃលើសមត្ថភាព និងរយៈពេលនៃការហ្វឹកហាត់ ក្នុងនោះកម្រិត១ដាន់កីឡាករត្រូវហ្វឹកហាត់រយៈពេល២ឆ្នាំ ខណៈពី១ដាន់ទៅ២ដាន់ត្រូវហ្វឹកហាត់៣ឆ្នាំ និងពី២ដាន់ទៅ៣ដាន់ហ្វឹកហាត់៤ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ។
អគ្គលេខាធិការរូបនេះបន្ថែមថា មុនទទួលកម្រិតខ្សែក្រវាត់ខ្មៅកីឡាករកីឡាការិនីត្រូវឆ្លងកាត់៦កម្រិតខ្សែក្រវាត់ ដែលអាចពេលពី១ឆ្នាំពី២ទៅ៣ឆ្នាំក្នុងការហ្វឹកហាត់ តាំងពីទទួលបានខ្សែក្រវាត់កម្រិតដំបូង។ ហើយការផ្តល់ជូន គឺអាស្រ័យលើការខិតខំប្រឹងប្រែងហ្វឹកហាត់ដោយគោរពវិន័យរបស់កីឡាករ។ តែបើកីឡាករខ្ជីខ្ជា មិនគោរពវិន័យហ្វឹកហាត់ សហព័ន្ធនឹងវាយតម្លៃតាមទង្វើ។
«មុនយើងផ្តល់ គឺកីឡាករកីឡាការិនីទាំងអស់ត្រូវឆ្លង់កាត់ការហ្វឹកហាត់តាមលំដាប់លំដោយ។ ហើយការហ្វឹកហាត់ វាមានក្រឹត្យក្រមរបស់វា មុនទទួលលិខិតបញ្ជាក់កីឡាករត្រូវឆ្លងកាត់៣ខ្សែក្រវាត់(ស, លឿង, ទឹកក្រូច)ដោយចំណាយពេលប្រមាណ៧ខែ។ បន្ទាប់មក មុនទទួលបានវិញ្ញាបនបត្រកម្រិតខ្សែក្រវាត់ត្នោត គឺកីឡាករត្រូវឆ្លងកាត់៦ខ្សែក្រវាត់ ដែលអាចចំណាយពេលពី១ទៅ២ឆ្នាំ»។ នេះជាការលើកឡើងបន្ថែមទៀតរបស់លោក គង់ ចាន់ធីណា។
ពិធីប្រគល់សញ្ញាបត្របញ្ជាក់ដាន់ដល់កីឡាករកីឡាការិនីកាលពីថ្ងៃទី២៦ ឧសភា នៅមជ្ឈមណ្ឌលទីលានវាយកូនបាល់ និងសូហ្វតិន្នីស ធ្វើឡើងក្រោមវត្តមានលោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ រួមទាំងព្រឹទ្ធាចារ្យកីឡាហាប់គីដូជាច្រើនរូបទៀត។ សហព័ន្ធ ក៏បានប្រគល់លិខិតបញ្ចាក់ដល់កីឡាករកីឡាការិនីជាច្រើនរូបទៀតផងដែរ។
លោក ម៉ក់ សំអុល (ខាងឆ្វេង)ប្រគល់សញ្ញាបត្របញ្ជាក់ដាន់សិស្សគុនកីឡាហាប់គីដូ
លោក ជា ប៊ុនហេង (ខាងស្តាំ)ប្រគល់សញ្ញាបត្របញ្ជាក់២ដាន់ដល់កីឡាការិនី គង់ម៉ូណា ជេសស៊ីកា
តាំងពីបង្កើតសហព័ន្ធមកបច្ចុប្បន្ន កីឡាមិនស្ថិតក្នុងសកម្មភាពអូឡាំពិកមួយនេះ មិនធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសឡើយ ដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែសហព័ន្ធ ធ្លាប់បញ្ជូនមន្ត្រីឲ្យទៅសង្កេតការណ៍ក្នុងការប្រកួតជើងឯកពិភពលោកម្តងកាលពីអំឡុងឆ្នាំ២០១៦ នៅប្រទេសថៃ។ សហព័ន្ធនេះ ក៏ពុំសូវមានព្រឹត្តិការណ៍ប្រកួតនៅក្នុងស្រុកផងដែរ។ ថ្នាក់ដឹកនាំសហព័ន្ធប្តេជ្ញាថា នៅឆ្នាំ២០១៩នេះ សហព័ន្ធនឹងបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯកយ៉ាងហោចពី១ទៅ២ដង មុនឈានទៅប្រកួតលើឆាកអន្តរជាតិ។
តែយ៉ាងណា លោក ឱ សុខបញ្ញា សិស្សគុនកីឡាហាប់គីដូជំនាន់ទី១កាលពីអំឡុងទសវត្សរ៍៩០បានបញ្ជាក់ថា វិស័យកីឡាហាប់គីដូបច្ចុប្បន្នមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ បើធៀបនឹងជំនាន់លោកដែលមានកីឡាករត្រឹម៦រូប។ ជាមួយការបង្ហាញអារម្មណ៍រំភើបរីករាយក្រោយបានកម្មវិធីប្រគល់សញ្ញាបត្រខាងលើ លោក រំពឹងថា វិស័យកីឡាហាប់គីដូនឹងមានការរីកចម្រើនកាន់តែខ្លាំងទៅអនាគត៕