ជាតិ
សេដ្ឋកិច្ច
ជប៉ុនវិនិយោគនៅកម្ពុជាប្រមាណ ២,៥ពាន់លានដុល្លារ ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគក្រុមហ៊ុនជប៉ុនចំនួន ១៣៧គម្រោងក្នុងទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ត្រីមាសទី១ឆ្នាំ២០១៩ ។ នេះបើតាមការថ្លែងសុន្ទរកថារបស់សម្ដេច ហ៊ុន សែន ក្នុងសិក្ខាសាលាស្ដីពីការវិនិយោគនៅកម្ពុជា នៅថ្ងៃទី ២៩ខែឧសភា។
ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ឲ្យដឹងថា គម្រោងវិនិយោគជប៉ុននៅកម្ពុជាផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម កែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅ CDC ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំង ទាំងតូចចំនួនប្រមាណ ១៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើន ដូចជាធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម។
ក្នុងសិក្ខាសាលានេះដែរ សម្ដេច ហ៊ុន សែន បានលើកឡើងពីសក្ដានុពលរបស់កម្ពុជាដើម្បីជំរុញការវិនិយោគជប៉ុនបន្ថែមទៀត។ សម្ដេចអះអាងថា ជប៉ុនមានលទ្ធភាពខ្ពស់ក្នុងការចាប់យកទីផ្សារកម្ពុជា ជាពិសេសលើវិស័យកសិឧស្សាហកម្ម និងប្រើប្រាស់វត្ថុធាតុដើមរបស់កម្ពុជា កែច្នៃទៅជាផលិតសម្រេចដើម្បីនាំចេញ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បានឈានដល់ប្រមាណ ២ពាន់លានដុល្លារនៅឆ្នាំ២០១៨។ ដោយឡែកទេសចរជប៉ុនដែលមកទស្សនាកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ មានចំនួន ៦ម៉ឺននាក់កើនឡើង ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
ក្រៅពីវិនិយោគ ឬសកម្មភាពធរុកិច្ចផ្សេងៗ ជប៉ុនក៏ជាដៃគូអភិវឌ្ឍន៍ដ៏ធំរបស់កម្ពុជាផងដែរ។ ជប៉ុន ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២,៨ពាន់លានដុល្លារអាមេរិក ស្មើនឹង១៥ភាគរយនៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com