ជាតិ
សេដ្ឋកិច្ច
ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ ពី​ឆ្នាំ​១៩៩៤ ដល់​បច្ចុប្បន្ន​
29, May 2019 , 5:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១៣៧​គម្រោង​ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ ។ នេះ​បើតាម​ការ​ថ្លែង​សុន្ទរកថា​របស់​សម្ដេច ហ៊ុន សែន ក្នុង​សិក្ខាសាលា​ស្ដីពី​ការវិនិយោគ​នៅ​កម្ពុជា នៅ​ថ្ងៃទី ២៩​ខែឧសភា​។


 
​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ឲ្យ​ដឹងថា គម្រោង​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​អេ​ឡិ​ក​ត្រូ​និក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម កែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។  
 
​ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ CDC ក៏មាន​វត្ត​មាននៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង ទាំង​តូច​ចំនួន​ប្រមាណ ១៧០០​ក្រុមហ៊ុន ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ជាច្រើន ដូចជា​ធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម​។ 
 
​ក្នុង​សិក្ខាសាលា​នេះដែរ សម្ដេច ហ៊ុន សែន បានលើកឡើង​ពី​សក្ដានុពល​របស់​កម្ពុ​ជា​ដើម្បី​ជំរុញ​ការវិនិយោគ​ជប៉ុន​បន្ថែ​ម​ទៀត​។ សម្ដេច​អះអាងថា ជប៉ុន​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ចាប់យក​ទីផ្សារ​កម្ពុជា ជាពិសេស​លើ​វិស័យ​កសិឧស្សាហកម្ម និង​ប្រើប្រាស់​វត្ថុធាតុដើម​រប​ស់​កម្ពុជា កែច្នៃ​ទៅជា​ផលិត​សម្រេច​ដើម្បី​នាំចេញ​។​
 
​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន បាន​ឈានដល់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។ ដោយឡែក​ទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​កម្ពុជា​នៅ​ត្រីមាស​ទី​១​ឆ្នាំនេះ មាន​ចំនួន ៦​ម៉ឺន​នាក់​កើនឡើង ២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។ 
 
​ក្រៅពី​វិនិយោគ ឬ​សកម្មភាព​ធ​រុ​កិច្ច​ផ្សេងៗ ជប៉ុន​ក៏​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ធំ​របស់​កម្ពុជា​ផងដែរ​។ ជប៉ុន ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៨ បានផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ប្រមាណ ២,៨​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​១៥​ភាគរយ​នៃ​ហិរញ្ញប្បទាន​សរុបរ​បស់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​៕
 

Tag:
 វិនិយោគ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com