ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេ​សហជីព​ល្បីៗ​៦​រូប រួចផុត​ពីបទ​ចោទ ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើផ្លូវ​វ៉េងស្រេង
29, May 2019 , 4:19 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ជា មុន្នី លោក ប៉ាវ ស៊ីណា និងលោក អាត់ ធន់ មេសហជីព៣រូប ក្នុងចំណោម៦រូប ដែលត្រូវបានទម្លាក់បទចោទ
ពីឆ្វេងទៅស្តាំ៖ លោក ជា មុន្នី លោក ប៉ាវ ស៊ីណា និងលោក អាត់ ធន់ មេសហជីព៣រូប ក្នុងចំណោម៦រូប ដែលត្រូវបានទម្លាក់បទចោទ
ដោយ: ថ្មីៗ
​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ សាលាឧទ្ធរណ៍ សម្រេច​ទម្លាក់​បទ​ចោទ​ចេញពី​មេ​សហជីព​ល្បីឈ្មោះ​៦​រូប រួមមាន លោក រ៉ុង ឈុន លោក ជា មុន្នី លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា  អ្នកស្រី ម៉ម ញឹម និង អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ​។


 
​កាលពី​ចុងឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​មេដឹកនាំ​សហជីព​ទាំង​៦​រូបនេះ ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ធ្វើបាតុកម្ម នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​ផ្លូវ​វ៉េងស្រេង តាំងពី​ឆ្នាំ​២០១៣​មក​។ 
 
​កាលនោះ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​មេ​សហជីព​ទាំង​៦​រូប ជាប់ពន្ធនាគារ​ពីរ​ឆ្នាំកន្លះ និង​ត្រូវ​បង់ប្រាក់​ដល់​ទៅ​ខ្ទង់លាន​រៀល​ក្នុង​ម្នាក់ៗ ទៅ​ឲ្យ​ដើមបណ្តឹង​។ ប៉ុន្តែ ទោស​ពីរ​ឆ្នាំកន្លះ ត្រូវបាន​ព្យួរ ពោលគឺ តុលាការ អនុញ្ញាត​ឲ្យ​ពួកគេ រស់នៅ​ក្រៅ​ពន្ធនាគារ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយក៏​ជំរុញ​ឲ្យ​ពួកគេ ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​។ ក្រោយ​មានការ​ជំរុញ​ពី​នាយករដ្ឋមន្ត្រី ពួកគេ ក៏​សម្រេច​ប្តឹងទៅ​សាលាឧទ្ធរណ៍ ហើយ​ទីបំផុត​ពួកគេ ទទួលបាន​ជោគជ័យ ដោយ​សាលាឧទ្ធរណ៍ បដិសេធ​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ 
 
 

Tag:
 សហជីព​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com