អន្តរជាតិ
ដើមឈើ​១៧៥​លាន​ដើម នឹងត្រូវ​ដាំ​លើដី​ហ្វីលីពីន​រាល់​ឆ្នាំ បើ​ច្បាប់បរិស្ថាន​ថ្មី​អនុវត្ត​ជោគជ័យ​
30, May 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អាច​បញ្ចប់​ការសិក្សា​បាន សិស្សានុសិស្ស​ក្នុង​ហ្វីលីពីន នឹងត្រូវ​តម្រូវ​តាមផ្លូវ​ច្បាប់​ឲ្យ​ធ្វើ​រឿង​ដ៏​សំខាន់​មួយ​ដើម្បី​បរិស្ថាន នោះ​គឺ «​ការដាំ​ដើមឈើ​» បន្ទាប់ពី​ពួកគេ​ប្រឡង​ជាប់​។ គេ​ប៉ាន់​ស្មានថា ប្រសិនបើ​ច្បាប់​នេះ អនុវត្ត​ដោយ​ជោគជ័យ​មែន​នោះ ដើមឈើ​យ៉ាងហោចណាស់ ១៧៥​លាន​ដើម នឹងត្រូវ​ដាំ​ជា​រៀងរាល់ឆ្នាំ ។

 
​ច្បាប់​ថ្មី នឹង​តម្រូវ​យ៉ាង​ចាំបាច់​ឲ្យ​សិស្ស​ថ្នាក់ បឋមសិក្សា វិទ្យាល័យ  និង​សាកលវិទ្យាល័យ ដាំ​ដើមឈើ​យ៉ាងហោចណាស់​១០​ដើម​សិន មុននឹង​អាច​បញ្ចប់​ការសិក្សា​។ ច្បាប់​ថ្មី​នេះ ហៅថា «Graduation Legacy for the Environmental Act» ដែល​ត្រូវ​បានអនុម័ត កាលពី​ថ្ងៃទី​១៥ ខែឧសភា មាន​គោលដៅ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ខណៈ​ជួយ​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​មាន​ស្មារតី​ការពារ​បរិស្ថាន​។ 
 
​ទាក់ទិន​នឹង​ច្បាប់​ការពារ​បរិស្ថាន​ថ្មី​នេះ សមាជិកសភា​ហ្វីលីពីន លោក Gary Alejano ដែល​ជ្រោមជ្រែង​ខ្លាំងជាងគេ​ក្នុងការ​តាក់តែង​ច្បាប់​នេះ​ឡើង ពន្យល់ថា បច្ចុប្បន្ននេះ សិស្សានុសិស្ស​ជាង ១២​លាន​នាក់ ត្រៀម​បញ្ចប់​ការសិក្សា​ពី​ថ្នាក់បឋមសិក្សា​, ជិត​៥​លាន​នាក់​ពី​ថ្នាក់​វិទ្យាល័យ និង​ស្ទើរ ៥០​ម៉ឺន​នាក់​ពី​ថ្នាក់​សាកលវិទ្យាល័យ ។ ជាមួយ​តួលេខ​នេះ  ប្រសិនបើ​ច្បាប់​នេះ អនុវត្ត​ត្រឹមត្រូវ និង​ទទួលបាន​ជោគជ័យ ដើមឈើ​ថ្មី​ប្រមាណ ១៧៥​លាន​ដើម នឹងត្រូវ​ដាំ​ដុះ​លើដី​ហ្វីលីពីន ជា​រៀងរាល់ឆ្នាំ​។ 
 
​សូមបញ្ជាក់ថា ច្បាប់​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ហ្វីលីពីន ក្នុង​គោលដៅ​ដោះស្រាយ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ដោយ​ការអនុវត្ត​វិធានការ​សម្រាប់​ការដាំដុះ​ព្រៃឈើ​ឡើងវិញ​។ សម្រាប់​វិធានការ​នេះ ក្រសួង​អប់រំ​ហ្វីលីពីន នឹង​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​។ 
 
​មិន​ខុសពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន កំពុង​ប្រឈមមុខ​នឹង​ការកាប់​ទន្ទ្រាន​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ​។ វិសាលភាព​ព្រៃឈើ​សរុប ដែល​គ្របដណ្តប់​ក្នុងប្រទេស​នេះ បាន​ធ្លាក់ចុះ​ពី ៧០​ភាគរយ ទៅកាន់​២០​ភាគរយ អំឡុងពេល​សតវត្សរ៍​ទី​២០ ។ កត្តា​ចម្បង គឺ​បណ្តាលមកពី កំណើន​ការកាប់​ព្រៃឈើ​លក់​ខុសច្បាប់ និង​ផលិតកម្ម​ដើមឈើ​ធំៗ ក្នុង​តំបន់ហាមឃាត់​៕

Tag:
 ហ្វីលីពីន
  បរិស្ថាន
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com