ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីការពារជាតិ ទៅប្រជុំពីសន្តិសុខនៅសិង្ហបូរី ឯរដ្ឋមន្ត្រីការបរទេស ទៅពង្រឹងមិត្តភាពជាមួយចិន
× សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែឧសភា ដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅសិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានសរសេរថា កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសយ៉ាងច្រើន ដល់តំណាងពីគ្រប់ប្រទេស ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ស្តីពីបញ្ហាសន្តិសុខក្នុងតំបន់។ ក្រៅពីកិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជា នឹងចូលរួមប្រជុំទ្វេភាគីនិងពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ។
ចំណែក លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោក ប្រាក់ សុខុន នឹងជួបលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋចិន។ ក្រសួងការបរទេស សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា លោក ប្រាក់ សុខុន នឹងផ្លាស់ប្តូរទស្សនៈជាមួយភាគីចិន លើបញ្ហាតំបន់និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងក្តីបារម្ភរួម៕
Tag:
ទៀ បាញ់
ប្រាក់ សុខុន
ការទូត
ប្រជុំអាស៊ី
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com