កីឡាអន្តរជាតិ
អន្តរជាតិ
តើ Chelsea ឬ Arsenal ដែល​ក្លាយជា​ម្ចាស់​ពាន Europa League?
29, May 2019 , 6:39 pm        
រូបភាព
​នា​វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​] ឈានចូល​ថ្ងៃទី​៣០ ខែឧសភា ក្រុម​ទាំងពីរ​នៃ​ក្របខណ្ឌ Premier League តោ​ខៀវ Chelsea និង​កាំភ្លើង​ធំ Arsenal ត្រូវ​ប្រជែង​ពាន Europa League នៅ​ក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។

 
Arsenal ស្វែងរក​ពាន​អឺរ៉ុប​ជា​លើកដំបូង ខណៈ Chelsea រំពឹង​ទទួលបាន Europa League ជា​លើក​ទី​២ បន្ទាប់ពី​សម្រេចបាន​លើកដំបូង​កាលពី​ឆ្នាំ​២០១៣​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លទ្ធផល​នៃ​ការប្រកួត​នេះ ក៏​ជះឥទ្ធិពល​ដល់​ក្រុម Lyon នៃ​ក្របខណ្ឌ Ligue 1 និង Sparta Prague នៃ​ក្របខណ្ឌ​បាល់ទាត់​ឆែក​ផងដែរ​។​
 
​បើតាម​ច្បាប់​ដែល​កំណត់ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ដែល​ត្រូវបាន​បកស្រាយ​ដោយសារ​ព័ត៌មាន​កីឡា​ធំៗ ដូចជា BBC និង ESPN ជាដើម​នោះ Lyon ត្រូវ​លេង​វគ្គ​ជម្រុះ​ជុំ​ទី​៣ Champions League ដើម្បី​ឈានទៅ​កាន់​វគ្គ Group Stage​។​
 
​ប៉ុន្តែ​ក្នុងករណី​ដែល Chelsea (​ដែល​បាន​កៅអី Champions League) រួចស្រេច​ឈ្នះ​ពាន​លំដាប់​ទី​២​អឺរ៉ុប​មួយ​នេះ នោះ Lyon នឹង​ទទួលបាន​សិទ្ធិ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល Champions League តែម្តង​ដោយ​មិនបាច់​លេង​វគ្គ​ជម្រុះ​ឡើយ​។ ជាមួយគ្នានេះ ក្រុម​ផ្សេងទៀត​ដូចជា Istanbul Basaksehir (​ចំណាត់ថ្នាក់​ទី​២​ក្នុង​លី​គ​តួ​ក​គី​) និង LASK Linz (​ចំណាត់ថ្នាក​ទី​២​ក្នុង​លី​គ​អូទ្រីស​) បាន​សិទ្ធិ​លេង​វគ្គ​ជម្រុះ​ជុំ​ទី​៣​តែម្តង​ដោយ​ជំនួស​ការលេង​ជម្រុះ​ជុំ​ទី​២​វិញ សម្រាប់​កៅអី Champions League រដូវ​កាល ២០១៩-២០​។​
 
​ផ្ទុយទៅវិញ​បើ Arsenal បាន​កៅអី​លេង​វគ្គ Group Stage នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​តាមរយៈ​ការ​ឈ្នះ​ពាន Europa League រដូវ​កាល​នេះ នោះ Sparta Prague (​ក្រុម​លេខ​៣​នៃ​លី​គ​សាធារណរដ្ឋ​ឆេ​ក​) នឹង​ឈានចូល​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ជំនួស​ឲ្យ​ការលេង​វគ្គ​ជម្រុះ​ទី​៣ Europa League រដូវ​កាល​ក្រោយ​តែម្តង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com