Hun Sen Cup (​ថ្នាក់​ខេត្ត​)៖ ត្បូងឃ្មុំ​ក្លាយជា​ម្ចាស់​ពាន សៀមរាប​លេខ​២ រតនគិរី​លេខ​៣
កីឡាជាតិ
ជាតិ
២៥ខេត្ត/រាជធានី
Hun Sen Cup (​ថ្នាក់​ខេត្ត​)៖ ត្បូងឃ្មុំ​ក្លាយជា​ម្ចាស់​ពាន សៀមរាប​លេខ​២ រតនគិរី​លេខ​៣
30, May 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
ត្បូងឃ្មុំ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន (​ថ្នាក់​ខេត្ត​) ប្រចាំឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​សៀមរាប ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​វិសាខា កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៩ ខែឧសភា​។ រីឯ​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ រតនគិរី បាន​យកឈ្នះ​កោះកុង ៤-១​។ ត្បូងឃ្មុំ សៀមរាប និង​រតនគិរី ត្រូវ​ឡើង​បន្តទៅ​ប្រជែង​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ជាមួយ​ក្រុម​ដែល​លេង​នៅ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។​





ការប្រកួត​នៅ​តង់​ទីមួយ ត្បូងឃ្មុំ និង​សៀមរាប មិនមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទីនោះ​ឡើយ ប៉ុន្តែ​បាន​បាត់បង់​សមាជិក​ម្នាក់រៀងៗខ្លួន ក្រោយ​ការប៉ះទង្គិច​គ្នា​។ ឈានដល់​នាទី​ដំបូង​នៃ​តង់​ទី​ពីរ លី រ​មី បាន​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ត្បូងឃ្មុំ និង​ជា​គ្រាប់​បាល់​ដែល​នាំ​ឲ្យ​ក្រុម​ខេត្ត​ថ្មីថ្មោង​មួយ​នេះ ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០១៩​។​



សម្រាប់​ជំនួប​ដណ្តើម​លេខ​៣ ហែម ចាន់​សេរី​រ័ត្ន រកបាន​គ្រាប់​នាំមុខ​សម្រាប់​រតនគិរី ហើយ អ៊ុន សុ​ភ័​ក្រ តាម​ស្មើ​វិញ​សម្រាប់​កោះកុង​។ តែ​ឈានចូល​តង់​ទី​ពីរ រតនគិរី ថែម​បាន​៣​គ្រាប់​ទៀត ដោយ ចាន់ វិ​ផល សម្រេចបាន​២​គ្រាប់ និង ចាន់ សំណាង ១​គ្រាប់​ក្នុង​នាទី​បន្ថែម​។​



​ត្បូងឃ្មុំ ដែលជា​ជើងឯក​ថ្នាក់​ខេត្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ទទួលបាន​ប្រាក់រង្វាន់​១៥​លាន​រៀល ក្រុម​លេខ​២ សៀមរាប បាន​៧,៥​លាន​រៀល រីឯ​ក្រុម​លេខ​៣ រតនគិរី បាន​៥​លាន​រៀល​។ លោក ផន រស្មី​ពេជ្រ ដែល​នាំ​ឲ្យ​ត្បូងឃ្មុំ ឈ្នះ​ជើងឯក បាន​ប្រាក់រង្វាន់​៥០​ម៉ឺន​រៀល​ក្នុងនាម​ជា​គ្រូបង្វឹក​ឆ្នើម ខណៈ សំអាត រ៉ាវី ក្លាយជា​អ្នកចាំទី​ឆ្នើម​ដោយ​ទទួលបាន​ប្រាក់រង្វាន់​៥០​ម៉ឺន​រៀល​ដូចគ្នា​។ ទោះ​កោះកុង​ខក​ឱកាស​ឈានទៅ​ប្រកួត​ថ្នាក់ជាតិ ប៉ុន្តែ​ខ្សែប្រយុទ្ធ ម៉ាត់ អ៊ី​សា ដែល​រកបាន​៨​គ្រាប់ ក្លាយជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ប្រចាំ​ព្រឹត្តិការណ៍​ថ្នាក់​ខេត្ត ហើយ​ទទួលបាន​ប្រាក់រង្វាន់​៥០​ម៉ឺន​រៀល​ផងដែរ​។​

​ត្បូងឃ្មុំ សៀមរាប និង​រតនគិរី ត្រូវ​ចូលរួម​ជាមួយ​ក្រុម​១៣​ទៀត​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក សម្រាប់​ការដណ្តើម​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ថ្នាក់ជាតិ​។ ក្រុម​ទាំង​១៣​នោះ រួមមាន ណាហ្គា​វើ​លស៍ ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា អង្គ​រថា​យ​ហ្គឺ​រ ក្រសួងការពារជាតិ បឹងកេត អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត គិរីវង់​សុខ​សែន​ជ័យ សូល​ទី​ឡូ​អង្គរ ភ្នំពេញ​ក្រោ​ន អគ្គិសនី​កម្ពុជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​កំពង់ចាម​។ ក្រុមយុវជន​បាទី បាន​ដកខ្លួន ដែល​បាន​ផ្តល់ឱកាស​ឲ្យ​រតនគិរី ក្រុម​លេខ​បី​ថ្នាក់​ខេត្ត ចូល​លេង​បង្គ្រប់​ចំនួន​១៦​ក្រុម​សម្រាប់​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​។​

​ការប្រកួត​ពាន និង​រង្វាន់​ដល់​ជ័យលាភី​៖


លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ពានដល់ក្រុមជើងឯក ត្បូងឃ្មុំ។ រូបថត CNCC


លោក នួន ផារ័ត្ន អភិបាល​រងរាជធានីភ្នំពេញ ប្រគល់​រង្វាន់ និងមេដាយដល់សៀមរាប ដែលបានចំណាត់ថ្នាក់លេខ២។ រូបថត CNCC


លោកស្រី ពុធ ធីតា សមាជិកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បាន​មេដាយ និង​រង្វាន់ដល់រតនគិរី ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣។ រូបថត CNCC


លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់ប្រាក់រង្វាន់​ដល់លោក ផន រស្មីពេជ្រ គ្រូបង្វឹក​ឆ្នើម (ត្បូងឃ្មុំ)។ រូបថត BTV


លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់រង្វាន់ដល់កីឡាករ ម៉ាត់ អ៊ីសា ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ (កោះកុង)។ រូបថត BTV


លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់រង្វាន់ជូន​ដល់កីឡាករ សំអាត រ៉ាវី (ត្បូងឃ្មុំ)។ រូបថត CNCC

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម