ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កើនឡើង ចុះបើ​កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​វិញ មាន​អ្វី​ខុសគ្នា​ទៅ​?
31, May 2019 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ឬ​ហៅថា HDL ត្រូវបាន​គេ​ចាត់ទុកថា ជួយ​ដល់​សុខភាព​បេះដូង ដោយសារតែ​វា​មាន​នាទី​ដឹកជញ្ជូន​កូ​ឡេ​ស្តេ​រ៉ុល​ចេញពី​ចរន្តឈាម និង​ទៅ​ទុកចោល​ក្នុង​ថ្លើម​។​ជាធម្មតា អ្នកនឹង​គិតថា ការដែល​មាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​កាន់តែ​ខ្ពស់ អ្នកនឹង​អាច​ថយចុះ​ការ​ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម​បាន ប៉ុន្តែ​វិទ្យាសាស្ត្រ​កំពុងតែ​ចាប់ផ្តើម​បង្ហាញថា កូ​ឡេ​ស្តេ​រ៉ុល​ល្អ មាន​លក្ខណៈ​សាំញ៉ាំ​ជាង​អ្វីដែល​យើង​ដឹង​ទៅទៀត ហើយ​វា​ក៏មាន​កត្តា​កាន់តែច្រើន​ក្នុងការ​ចូលរួម​បង្កើតជា​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ផងដែរ​។ ខណៈពេលដែល​កូ​ឡេ​ស្តេ​រ៉ុល​ល្អ មាន​មុខងារ​សំខាន់​ក្នុងការ​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​រាងកាយ តែ​ឥឡូវនេះ​វា​ត្រូវបាន​គេ​ជឿថា ការបង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ នឹងមិន​បន្ថយ​ការកើត​ជំងឺ​បេះដូង​សរសៃឈាម​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ចូរ​ផ្តោត​សំខាន់​ទៅលើ​របប​អាហារ និង​ការហាត់​ប្រាណ​ចៀស​ជាង​បង្កើន​តែ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​អី​។​

 
​សម្រក​ទម្ងន់​តាមរយៈ​ការហាត់​ប្រាណ​
 
​តាមពិតទៅ បើសិនជា​អ្នក​ធាត់ ការ​សម្រក​ទម្ងន់​បាន​បួន​ប្រាំ​គីឡូក្រាម​អាច​ពង្រឹង​ដល់​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​។ ដូច្នេះ​ចូរ​ផ្តោត​សំខាន់​ទៅលើ​ការបន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ និង​ហាត់ប្រាណ​ជាប្រចាំ​។ គ្រាន់តែ​ចំនាយពេល​ដើរ ៣០​នាទី​រាល់ថ្ងៃ​ក៏​អាចមាន​សុវត្ថិភាព និង​ស្រក​ទម្ងន់​បានដែរ​។ 
 
​ឈប់​ជក់បារី​
 
​ក្រៅពី​បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន​រួមទាំង​មហារីក​ថ្លើម​ទៀត​នោះ ការជក់បារី​ក៏មាន​ឥទ្ធិពល​ទៅលើ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ដែរ​។ ការជក់បារី​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ថយចុះ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​សរុប​វិញ​។ ទោះបីជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ថយចុះ​ដែរ​។ នេះ​ដោយសារតែ​ជាតិពុល​ក្នុង​ផ្សែង​បារី​ទៅ​បំផ្លាញ​អ្វីៗ​ក្នុង​សរសៃឈាម និង​កកកុញ​ខ្លាញ់​ជាប់​ជញ្ជាំង​សរសៃឈាម​ទៀត​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
 
​យក​ល្អ អ្នក​មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តែម្តង​ដោយសារតែ​ជាតិ អេតាណុល​របស់​វា​គឺជា​ជាតិពុល​ដល់​រាងកាយ ហើយក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​បង្ក​មហារីក​ទៀត​។ យ៉ាងណាមិញ ការដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាចជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​ដែរ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ ការ​ញ៉ាំ​ស្រាក្រហម​ត្រូវបាន​គេ​ជឿថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​សរសៃឈាម ដោយសារតែ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ និង​ជួយ​ការពារ​ការខូចខាតរ​បស់​សរសៃឈាម​។ 
 
​ជ្រើសរើស​ខ្លាញ់​ដែល​ផ្តល់​សុខភាព​
 
​របប​អាហារ​ផ្តល់​សុខភាព​តែងតែ​ត្រូវមាន​ខ្លាញ់​មួយចំនួន ហើយ​ក្នុងនោះ​កាឡូរី​ប្រចាំថ្ងៃ​ប្រហែល ២៥ ទៅ ៣៥​ភាគរយ​គួរតែ​បានមកពី​អាស៊ីត​ខ្លាញ់​។ ប៉ុន្តែ​ខ្លាញ់​ប្រភេទ Saturated Fat គួរតែ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​វា​មាន​កូ​ឡេ​ស្តេ​រ៉ុល​ដែល​មិនល្អ​ចំពោះ​សុខភាព​។ ប៉ុន្តែ​ចូរ​ជ្រើសរើស​ខ្លាញ់​ប្រភេទ Monounsaturated Fats និង Polyunsaturated Fats ព្រមទាំង​ខ្លាញ់​អូ​មេ​ហ្គា​បី ដែលមាន​ក្នុង​ត្រី និង​គ្រាប់​ល្អ​វិញ ទើប​ជា​រឿង​ល្អ​ចំពោះ​សុខភាព និង​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​។ 
 
​ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ពណ៌​ចាស់ៗ​
 
​រាល់​បន្លែ និង​ផ្លែឈើ​ស្រស់ៗ​សុទ្ធ​តែមាន​ប្រយោជន៍​ចំពោះ​សុខភាព​ទាំងអស់ ប៉ុន្តែ​សម្រាប់​ពួក​ដែលមាន​ពណ៌​ក្រហម និង​ស្វាយ​ចាស់​វិញ​អាចជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ ជាក់ស្តែង ទំពាំងបាយជូរ និង​ផ្លែឈើ​ពណ៌​ចាស់ៗ​ផ្សេងទៀត​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ជាពិសេស​សារធាតុ​បំពាក់​ពណ៌​ឈ្មោះថា Anthocyanins តែម្តង ព្រោះ​វា​ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​រហូតដល់ ១៤​ភាគរយ​ឯណោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com