អន្តរជាតិ
ក្រោយ​ចុះ​ឆែកឆេរ​កន្លែង​ស៊ីផឹក​មួយកន្លែង អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​អ្នកញៀន​ថ្នាំ​១២០​នាក់​
30, May 2019 , 10:43 am        
រូបភាព
ដោយ:
​មនុស្ស​សរុប ១២០​នាក់ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​សារធាតុ​ញៀន និង​លាក់ទុក​ថ្នាំញៀន អំឡុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​របស់​ប៉ូលិស​ថៃ នៅក្នុង​ទីតាំង​តៀមស្រា​មួយកន្លែង​ក្នុង​ទីក្រុង​បាងកក​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ២៩ ខែឧសភា ។

 
 
​កងកម្លាំង​សមត្ថកិច្ច​ក្រុង​បាងកក រួម​ដៃ​ជាមួយនឹង​មន្ត្រី​លុបបំបាត់​គ្រឿងញៀន បាន​ចុះ​ឆែកឆេរ​ក្នុង​តៀមស្រា​មួយ​ឈ្មោះថា Space ក្នុង​សង្កាត់ Bang Khen ក្នុង​រាជធានី​បាងកក នៅ​ប្រហែល​ម៉ោង ៣ ព្រឹក​។ 
 
​នៅពេល​ចុះ​ឆែកឆេរ មនុស្ស​ប្រុស​ស្រី​រាប់រយ​នាក់ ដែល​ភាគច្រើន​ស្លៀក​ឯកសណ្ឋាន​សិស្សសាលា ត្រូវបាន​រកឃើញថា កំពុង​រាំច្រៀង និង​ផឹកស៊ី នៅក្នុង​តៀមស្រា​នោះ​។ ខណៈ​ប៉ូលិស​បាន​ចុះទៅ​ដល់ទី​តាំង​នោះ ពួកគេ បានចាប់ផ្តើម​រត់​ឆោឡោ​។ ក្រោយមក ប៉ូលិស បាន​ឃាត់ខ្លួន​មនុស្ស ២០០​នាក់ និង​រកឃើញ​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ទៀត​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ សមត្ថកិច្ច​ប៉ូលិស​ជាន់ខ្ពស់​ថៃ Jirakrit Jarunpat ដែល​ដឹកនាំ​ប្រតិបត្តិ​ការឆែកឆេរ​នេះ បញ្ជាក់​ឲ្យ​ដឹងថា តៀមស្រា​មួយកន្លែង​នេះ ត្រូវបាន​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​២​ខែ​មកហើយ​។ ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា ថ្នាំ្ញ​ញៀន ត្រូវបាន​ប្រើប្រាស់​ក្នុង​ទីតាំង​នេះ សមត្ថកិច្ច រួមទាំង​កម្លាំង​ពាក់ព័ន្ធ បាន​ចុះទៅ​ឆែកឆេរ​នៅ​ទីតាំង​នោះ​ភ្លាម​តែម្តង​។ 
 
​លោក Jirakrit Jarunpat និយាយទៀតថា ពុំមាន​មនុស្ស​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវបាន​រកឃើញ​នៅក្នុង​តៀមស្រា​នេះឡើយ​។ អ្នក​ទាំង​២០០​នាក់ ដែល​ប៉ូលិស​ឃាត់ខ្លួន​ទុក ត្រូវបាន​ស្នើ​ឲ្យ​ធ្វើតេស្ត​ទឹកនោម ហើយ​មនុស្ស​១២០​នាក់ ក្នុងនោះ ប្រុស ៧០​នាក់ និង​ស្រី ៥០​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរ​ថៃ ក៏បាន​ដាក់​បញ្ជា​ឲ្យ​បិទ​ទីតាំង​តៀមស្រា​នេះ សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៀតផង​៕
 

Tag:
 ថៃ​
  ថ្នាំញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com