ជាតិ
ជនសង្ស័យ​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ឆក់​កាបូប​ស្ដ្រី​ជនជាតិ​អ៊ី​រ៉ង់​ពេល​ទៅលេង​អង្គរ​
30, May 2019 , 11:31 am        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រា​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ដ្រី​ទេសចរ​សញ្ជាតិ​អ៊ី​រ៉ង់ ពីរ​នាក់ ដែល​កំពុង​ជិះ​រ៉ឺម៉ក​កង់​បី​ទៅ​មើល​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​។ ប្រតិបត្តិការ​នេះ គឺមាន​ការបញ្ជា​ផ្ទា​ល់ពី​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា​។​

 
​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​និង​បាន​សារភាព​ពី​សកម្មភាព​ឆក់​របស់ខ្លួន​នោះ​រួមមាន​ទីមួយ​ឈ្មោះ ទីវ ប៊ុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង និង​ទី​ពីរ​ឈ្មោះ រ៉េត មករា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។ តាម​ប្រភពពី​អាជ្ញាធរ​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​២ ធ្វើ​សកម្មភាព​តាម​ជនរងគ្រោះ​តាំងពី​កន្លែង​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​រហូតដល់​ផ្លូវ​កូ​ម៉ៃ​ក៏​ឆក់​កាបូប​តែម្ដង​។ ការ​ប្រទាញប្រទង់​បាន​បណ្ដាលឱ្យ​ស្ដ្រី​រងគ្រោះ​ម្នាក់​ក្នុងចំណោម​២​នាក់ ធ្លាក់​ពីលើ​រ៉ឺម៉ក​បណ្ដាលឱ្យ​រងរបួស​លើ​ផ្ទៃមុខ​និង​ដៃជើង​ផងដែរ​។​
 
​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប លោក លី សំរិទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​៣០ ឧសភា​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចន្លោះ​ថ្ងៃទី​២៧​និង​២៨ ដែល​ការឃាត់ខ្លួន​ដំបូង​មាន​ចំនួន​៥​នាក់​។ តែ​នៅ​ព្រឹក​ថ្ងៃទី​២៩ បន្ទាប់ពី​មានការ​ចង្អុល​ពី​ជនរងគ្រោះ បុរស​២​នាក់​ត្រូវ​បានកំណត់​អត្ដ​សញ្ញាណ​ថា​ជា​ជនសង្ស័យ​ពិតប្រាកដ​។ បច្ចុប្បន្ន​ជន​ទាំងនេះ ត្រូវបាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​។​


 
​បើតាម​ការបញ្ជាក់​ពី​លោក លី សំរិទ្ធ ក្នុង​ហេតុការណ៍​នេះ​អភិបាល​ខេត្តសៀមរាប មាន​ភាព​ខ្នះខ្នែង​ជាខ្លាំង​ដោយ​ក្នុងនោះ​លោក​បាន​ជួយ​ចេញថ្លៃ​ព្យាបាល សោហ៊ុយ​ស្នាក់នៅ​និង​ត្រឡប់​ទៅ​ទីក្រុង​បាងកក​វិញ​ផងដែរ​។ ជាមួយគ្នានេះ អ្នកនាំពាក្យ​ក៏​បង្ហាញ​ការសោកស្ដាយ​ចំពោះ​សកម្មភាព​ឆក់​ភ្ញៀវទេសចរ​នេះដែរ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​ខេត្ត​ទេស​របស់​កម្ពុជា ប៉ុន្តែ​បាន​បញ្ជាក់ថា កម្លាំងចម្រុះ​បាន​ខិតខំ​ធ្វើយ៉ាងណា​បង្ការ​មិនឱ្យ​ករណីបែបនេះ​មាន​ទៀតឡើយ ហើយ​សកម្មភាព​បែបនេះ​កើតមាន​យូរៗ​ម្ដង​តែប៉ុណ្ណោះ​។ លោក លី សំរិទ្ធ ស្នើឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ រាយការណ៍​ដល់​សមត្ថ​កិច្ច​ក្នុងករណី​មានការ​សង្ស័យ​លើ​ជន​ណាមួយ ដើម្បី​កុំឱ្យ​កើត​មានរឿង​បែបនេះ​តទៅទៀត ហើយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​មិន​ថា​ទេសចរ​បរទេស​ឬ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។​
 
​គួរ​បញ្ជាក់ថា ករណី​ខាងលើ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៤ ឧសភា វេលា​ព្រឹក​ម៉ោង​៦​កន្លះ តាម​បណ្ដោយ​ផ្លូវ​កូ​ម៉ៃ​។ ស្ដ្រី​រងគ្រោះ​ឈ្មោះ FATEMEH ARABSHEIKH បាន​អរគុណ​ដល់​សមត្ថកិច្ច​ដែល​ប្រឹងប្រែង​រកមុខ​ជនសង្ស័យ ក៏ដូចជា​រក​លិខិតឆ្លងដែន​និង​សម្ភារ​ប្រគល់ឱ្យ​ខ្លួន​វិញ​។ តា​ម​ការបញ្ជាក់​ពី​អាជ្ញាធរ ករណីនេះ​មិន​ពាក់ព័ន្ធ​នឹង​អ្នករត់​រ៉ឺម៉ក​កង់​បី​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com