សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក មហាធៀ ប្រាប់អាមេរិកឲ្យទទួលស្គាល់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ចិន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ កាសែតជប៉ុន Nikkei)
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បានទទូចឲ្យសហរដ្ឋអាមេរិកធ្វើសម្បទានខ្លះៗក្នុងជម្លោះជាមួយចិនរួមមានការកាត់ភាពតានតឹងជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជាដើម។ ត្រង់ចំណុចនេះ មេដឹកនាំចាស់វស្សារូបនេះ ព្រមានថា ប្រសិនបើកិច្ចចរចារវាងភាគីទាំងពីរ ពុំទទួលបានជោគជ័យទេនោះ វាអាចបង្កាត់ឲ្យទៅជាភ្លើងសង្គ្រាម។
ថ្លែងក្នុងសន្និសីទ «អនាគតនៃតំបន់អាស៊ី» ប្រចាំឆ្នាំ២០១៩ ដែលកំពុងធ្វើឡើងក្នុងទីក្រុងតូក្យូ នៅថ្ងៃទី៣០ ឧសភា លោក មហាធៀ មហាម៉ាត់ លើកឡើងថា ក្រុមហ៊ុន Huawei របស់ចិន សម្រេចបាននូវភាពជឿនលឿនផ្នែកបច្ចេកវិទ្យាឈានមុខដ៏ធំធេង លើសពីបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
យោងតាមកាសែតជប៉ុន Nikkei មេដឹកនាំម៉ាឡេស៊ីវ័យ ៩៣ឆ្នាំរូបនេះ និយាយចំៗថា៖ « ជាយូរមកហើយ សហរដ្ឋអាមេរិក មានសមត្ថភាពខ្លាំងក្លាខាងអភិវឌ្ឍន៍ និងស្រាវជ្រាវ ពួកគេ ត្រូវតែហ៊ានទទួលស្គាល់ថា សមត្ថភាពដូចគ្នានេះ ក៏មាននៅក្នុងតំបន់ភាគខាងកើតផងដែរ»។ តំបន់ភាគខាងកើតនេះ លោក មហាធៀ ចង់សំដៅតំបន់អាស៊ីតែម្តង ។
ទំនងចង់ឌឺដងឲ្យសហរដ្ឋអាមេរិកថាជាប្រទេសពូកែប្រើកម្លាំងបាយ លោក មហាធៀ បានសង្កត់ធ្ងន់ថា៖ ប្រសិនបើខ្ញុំ [សហរដ្ឋអាមេរិក] មិននៅមុខគេទេ ខ្ញុំនឹងដាក់បម្រាមអ្នកឯង ខ្ញុំនឹងបញ្ជូននាវាចម្បាំងទៅប្រទេសអ្នក»។ លោក មហាធៀ ចាត់ទុកទង្វើបែបនេះ ពុំមែនជាការប្រកួតប្រជែងឡើយ ប៉ុន្តែជាការគំរាមកំហែង។
កាលពីថ្មីៗកន្លងទៅនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់បញ្ជូនក្រុមហ៊ុន Huawei របស់ចិនទៅក្នុងបញ្ជីខ្មៅ (Entity List) ដោយលើកហេតុផលថា ក្រុមហ៊ុនទូរគមនាគមន៍បរទេសនេះ គំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក។ ការដាក់ទណ្ឌកម្មបែបនេះ តម្រូវតាមច្បាប់ឲ្យបណ្តាក្រុមហ៊ុនអាមេរិកទាំងអស់ បញ្ឈប់ការដោះដូរពាណិជ្ជកម្មនានាជាមួយក្រុមហ៊ុន Huawei នេះ ប្រសិនបើគ្មានអាជ្ញាបណ្ណពិសេសពីក្រុងវ៉ាស៊ីនតោនទេនោះ។
បណ្តាប្រទេសជាសម្ព័ន្ធអាមេរិកមួយចំនួន រួមមាន ជប៉ុន និងអូស្ត្រាលី បានចាប់ផ្តើមចាត់វិធានការ ដើម្បីបញ្ចៀសការប្រើប្រាស់សម្ភាររបស់ក្រុមហ៊ុន Huawei ពាក់ព័ន្ធនឹងបណ្តាញបច្ចេកវិទ្យា 5G ។ យ៉ាងណាមិញ លោក មហាធៀ បានបញ្ជាក់ឲ្យដឹងថា ម៉ាឡេស៊ី ពុំមានបំណងកាត់ផ្តាច់ចំណងទាក់ទងជាមួយក្រុមហ៊ុនចិននេះឡើយ។
តាមកាសែតជប៉ុន Nikkei លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលអំឡុងពេលឃោសនាបោះឆ្នោតកាលពីឆ្នាំមុន វាយប្រហារក្រុងប៉េកាំង បានបកស្រាយថា៖ «ការស្រាវជ្រាវរបស់ក្រុមហ៊ុនចិន Huawei គឺមានទំហំធំខ្លាំង បើធៀបនឹងសមត្ថភាពស្រាវជ្រាវរបស់ម៉ាឡេស៊ី។ យើង នឹងប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេឲ្យបានច្រើនតាម ដែលអាចធ្វើបាន»។ ទន្ទឺមនឹងគ្នានេះ លោក មហាធៀ បន្ថែមថា លោក មិនព្រួយបារម្ភពាក់ព័ន្ធនឹងសកម្មភាពចារកម្ម ដែលក្រុងវ៉ាស៊ីនតោនបានរិះគន់ជាញឹកញាប់លើក្រុមហ៊ុនចិននេះឡើយ៕
Tag:
ម៉ាឡេស៊ី
មហាធៀ
សហរដ្ឋអាមេរិក
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com