ជាតិ
ពីនេះ ពីនោះ
ផ្ទះបណ្តែតទឹកកំពង់ហ្លួង ក្នុងរដូវបិទនេសាទ ទិដ្ឋភាពពីលើអាកាសនៃផ្ទះបណ្តែតទឹកក្នុងទន្លេសាប ដែលស្ថិតនៅក្នុងឃុំកំពង់ហ្លួង ខេត្តកណ្តាល។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× រូបភាពខាងលើនេះ គឺជាទិដ្ឋភាពពីលើអាកាសនៃផ្ទះបណ្តែតទឹក ដែលស្ថិតនៅក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល តាមបណ្តោយដងទន្លសាប នារដូវបិទនេសាទ។ តាមពិតទីនេះ គឺជាកន្លែងដែលមានសកម្មភាពនេសាទ និងការកែច្នៃផលនេសាទដ៏មមាញឹកមួយ នៅ ក្នុងរដូវបើកនេសាទ។
ទន្លេសាប មានប្រវែង ១២០គីឡូម៉ែត្រ គឺជាទន្លេមួយដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប ។ ក្នុងអំឡុងពេលរដូវវស្សា ចាប់ពីខែ កក្កដា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ទឹកទន្លេមេគង្គចាប់ផ្តើមឡើង ទឹកក៏ហូរចូលក្នុងទន្លេសាប និងបន្តហូរចូលទៅក្នុងបឹងទន្លេសាបទៀត។
នៅពេលដែលភ្លៀងមូសុងវស្សាថយចុះក្នុងវិច្ឆិកា ទឹកទន្លេមេគង្គក៏ស្រកចុះ ទឹកបឹងទន្លេសាប ក៏ហូរត្រឡប់ចេញមក ដោយឆ្លងកាត់ទន្លេសាបចូលក្នុងទៅទន្លេមេគង្គវិញដែរ។ ក្នុងពេលនោះ ហ្វូងមច្ឆជាតិដ៏ច្រើនឥតគណនា ក៏បានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ត្រឡប់ចូលទៅក្នុងទន្លេមេគង្គវិញផងដែរ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អ្នកនេសាទ ព្រមទាំងប្រជាជនមកពីគ្រប់ទិសទីជួបជុំគ្នានៅតំបន់កំពង់ហ្លួងនេះ ដើម្បីកែច្នៃផលនេសាទជាផ្អក ប្រហុក ត្រីឆ្អើរជាដើម។ល។
កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានជូនដំណឹងពីរដូវបិទនេសាទ សម្រាប់ដែននេសាទទឹកសាប ឆ្នាំ២០១៩។ បើតាមការជូនដំណឹងនេះ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា បិទដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របចតុម្មុខ រួមមានបណ្តាខេត្តទាំងអស់ជុំវិញបឹងទន្លេសាប ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្តាល ផ្នែកខាងលើចតុម្មុខ។
ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា បិទដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ រួមមានរាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងស្វាយរៀង។
នៅក្នុងរយៈពេលបិទនេសាទនេះ មានតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យអ្នកនេសាទប្រើប្រាស់។ ចំពោះឧបករណ៍នេសាទដូចជា៖ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិនអនុញ្ញាតឲ្យប្រើប្រាស់ឡើយ។ ដោយឡែក ឧបករណ៍នេសាទ«មង»អាចធ្វើនេសាទបានតែប្រវែង ១០០ម៉ែត្រប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com