អន្តរជាតិ
ប្រទេស​វៀតណាម​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សេដ្ឋកិច្ច​ឌីជីថល​នៅពេល​អនាគត​
31, May 2019 , 8:19 am        
រូបភាព
បច្ចេកវិទ្យាទំនើបណានូ (Nano) និង​បច្ចេកវិទ្យាទំនើបផ្សេងៗទៀត កំពុងត្រូវបានបញ្ចូលក្នុងកម្មវិធីទូរទស្សន៍​កាន់តែច្រើនឡើង នៅប្រទេសវៀតណាម ដែលកំពុងផ្តោតលើវិស័យ​បច្ចេកវិទ្យាដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច។
បច្ចេកវិទ្យាទំនើបណានូ (Nano) និង​បច្ចេកវិទ្យាទំនើបផ្សេងៗទៀត កំពុងត្រូវបានបញ្ចូលក្នុងកម្មវិធីទូរទស្សន៍​កាន់តែច្រើនឡើង នៅប្រទេសវៀតណាម ដែលកំពុងផ្តោតលើវិស័យ​បច្ចេកវិទ្យាដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច។
ដោយ: VOA
​ហូ​ជី​មី​ញ ៖ បណ្ដា​ប្រទេស​នានា​ដូចជា​កូរ៉េខាងត្បូង និង​ហ្វាំ​ង​ឡង់​ជាដើម បាន​ប្រជែង​គ្នា​ដើម្បី​បង្កើត​បច្ចេកវិទ្យា ជំនា​ន់ទី ៥ ឬ 5G ដែលជា​បច្ចេកវិទ្យា​មួយ​មាន​ល្បឿន​លឿន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ជួយ​ជំរុញ​ដល់​ដំណាក់កាល​បន្ទាប់​នៃ​ការច្នៃ​ប្រតិដ្ឋ​ថ្មី​។ ប៉ុន្តែ​ក្នុងចំណោម​នោះ​មាន​ប្រទេស​ថ្មីថ្មោង​មួយ​ខាង​ផ្នែក​បច្ចេកវិទ្យា​ដែល​ចង់​ចូលរួម​នៅក្នុង​ការ​ប្រជែង​នេះដែរ ដែល​នោះ​គឺ​ប្រទេស​វៀតណាម​។

 
​ប្រទេស​វៀតណាម​បានប្រកាស​ដោយមាន​ការ​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជាច្រើន​កាលពីពេល​ថ្មីៗ​នេះ​ថា ការសាកល្បង​របស់ខ្លួន​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី ៥ នេះ ក្នុង​ទម្រង់​នៃ​ការហៅ​ទូរស័ព្ទ គឺ​ទទួលបាន​ជោគជ័យ​។​
 
​ការហៅ​ទូរស័ព្ទ​ដើម្បី​សាកល្បង​បច្ចេកវិទ្យា 5G នេះ​គឺ​សំខាន់​មិន​ត្រឹមតែ​សម្រាប់​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​គោលបំណង​របស់​ប្រទេស​វៀតណាម​នៅក្នុង​ការកសាង​សេដ្ឋកិច្ច​ឌីជីថល​ផងដែរ​។​
 
​សេដ្ឋកិច្ច​ឌីជីថល​នៅពេល​អនាគត​នេះ​អាច​បំពេញបាន​ជាមួយនឹង​ការដឹកជញ្ជូន​តាម​ឧបករណ៍​ឌ្រូ​ន បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន​ដែល​ហៅថា machine learning ដើម្បី​តាមដាន​រកមើល​ការវាយប្រហារ​តាម​អ៊ីនធឺណិត និង​ការកត់ត្រា​សុខាភិបាល​តាម​ប្រព័ន្ធ​ឌីជីថល​ជាដើម បើ​មិន​ដូច្នេះ​ទេ សេដ្ឋកិច្ច​អាច​នៅតែ​សម្ដែងឡើង​តាម​ការធ្វើ​អាជីវកម្ម​តាម​ទម្លាប់​ពីមុន​ដដែល ដូចជា​កសិកម្ម និង​ទេសចរណ៍​ជាដើម ដូចដែល​របាយការណ៍​ថ្មី​របស់​រដ្ឋាភិបាល​វៀត​ណា​ម​បានបង្ហាញ​ដូច្នេះ​ដែរ​។​
 
​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម និង​ក្រសួង​វិទ្យាសាស្ត្រ​អូស្ត្រាលី បានរួម​គ្នា​បង្កើត​របា​យ​ការណ៍​មួយ​ស្ដីអំពី​សេដ្ឋកិច្ច​ឌីជីថល​កាលពី​ថ្ងៃទី ១៥ ខែឧសភា​កន្លងទៅនេះ ដោយ​បង្ហាញ​ពី​សេ​នារី​យ៉ូ ៤ ដែល​អាចទៅរួច​។ នេ​សារី​យ៉ូ​នីមួយៗ​ស្ថិតនៅ​កម្រិត​ផ្សេងគ្នា​នៃ​ឌីជីថល​នីយកម្ម ផ្អែកលើ​ថា​តើ​វៀតណាម​អនុវត្ត​បច្ចេកវិទ្យា​ថ្មី​បាន​ហ្មត់ចត់​ប៉ុណ្ណា​។​
 
​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​មួយ​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​ខាង​ឧស្សាហកម្ម និង​អាជ្ញាធរខេត្ត​បង្កើន​ការយល់ដឹង និង​ការទទួលខុសត្រូវ​នៅក្នុង​ការដឹកនាំ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ហើយ​បន្ត​ពង្រឹង​ផ្នែក​ច្បាប់ និង​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​។ វា​ពិតជា​សំខាន់​ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ច្នៃ​ប្រតិដ្ឋ​ថ្មី​របស់​ជាតិ ដោយ​បញ្ចូល​ប្រព័ន្ធ​នេះ​ទៅក្នុង​ការធ្វើ​អាជីវកម្ម ហើយ​ស្របពេល​នោះដែរ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ក្នុងចំណោម​វិទ្យាស្ថាន​ស្រាវជ្រាវ សាកលវិទ្យាល័យ និង​អាជីវកម្ម​នានា ដើម្បី​បង្កើត និង​ជំរុញ​ឲ្យ​មាន​កាន់តែ​ច្រើនឡើង​នូវ​កម្មសិទ្ធិបញ្ញា​ដើម្បី​បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​របៀប​មួយ​ដ៏​ឆាប់រហ័ស ដែលមាន​ការរួមបញ្ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​មាន​និរន្តរភាព​»​។​


វីដេអូ​ហ្គេម​កំពុង​ត្រូវ​បាន​គេ​កែលម្អ​បច្ចេកវិទ្យាជាមួយ​នឹង​ក្រុម​ហ៊ុនថ្មីៗ​របស់​វៀតណាម VNG។ (Ha Nguyen for VOA)
 
​នៅក្នុង​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា «​សេដ្ឋកិច្ច​ឌីជីថល​នៅពេល​អនាគត​របស់​ប្រទេស​វៀតណាម​៖ ឆ្ពោះទៅកាន់​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៤​​៥ (Vietnam's Future Digital Economy: Toward 2030 and 2045)» សេនា​រី​យ៉ូ​ទាំង ៤ ដែល​បានលើកឡើង​នៅក្នុង​របាយការណ៍​នេះ ផ្ដល់នូវ​ផែនការ​គ្រឹះ​សម្រាប់​អ្នកធ្វើ​គោលនយោបាយ​នានា​។​
 
​នៅក្នុង​សេនា​រី​យ៉ូ​ទីមួយ ប្រទេស​វៀតណាម​នឹង​ឈានដល់​សក្ដានុពល​បច្ចេក​វិទ្យា​របស់ខ្លួន​ពេញទំហឹង​នៅក្នុង​រយៈពេល ២ ទសវត្សរ៍​ទៀត ដោយមាន​ទីក្រុង​បច្ចេកវិទ្យា ផលិតភាព​ខ្ពស់ និង​ទេពកោសល្យ​ជំនាញ​ខ្ពស់​នៅក្នុង​សេដ្ឋកិច្ច​មួយ​ដែល​រៀបចំឡើង​ផ្ដោតលើ​សេវាកម្ម​។​
 
​នៅក្នុង​សេនា​រី​យ៉ូ​ទី​ពីរ គឺថា​ប្រទេស​វៀតណាម​មានការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅពេលនោះ ដោយ​សេដ្ឋកិច្ច​ប្រទេស​នៅ​ផ្អែកលើ​សាច់ប្រាក់ និង​កម្លាំង​ពលកម្ម​ដែល​បាន​កម្រៃ​ទាប​ដើម្បី​នាំចេញ​ទំនិញ​កសិកម្ម និង​ធនធានធម្មជាតិ​នានា​។​
 
​សេនា​រី​យ៉ូ​ទាំងពីរ​ខាងលើនេះ​គឺជា​សេនា​រី​យ៉ូ​ដែល​ជ្រុល​ខ្លាំង​ទាំងអស់ ចំណែកឯ​សេនា​រី​យ៉ូ​ពីរ​ផ្សេងទៀត​គឺជា​ស្ថានការណ៍​ដែល​ប្រទេស​វៀតណាម​នៅ​ចន្លោះ​សេនា​រី​យ៉ូ​ទាំងពីរ​ខាងលើនេះ ដោយ​វា​អាស្រ័យ​លើ​ថា​តើ​ប្រទេស​វៀតណាម​មាន​ទំនោរ​ជា​អ្នកប្រើប្រាស់​បច្ចេកវិទ្យា ឬ​មាន​ទំនោរ​ជា​អ្នក​នាំចេញ​។​
 
​អ្នកស្រី Lucy Cameron ដែលជា​អ្នកនិពន្ធ​ចម្បង​នៃ​របាយការណ៍​នេះ បាន​និយាយថា​៖ «​រលក​បន្ទាប់​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែលមាន​ដូចជា​បច្ចេក​វិទ្យា​បញ្ញា​និមិត្ត ការទិញ​ដូរ​ដោយ​ប្រើ​សាច់ប្រាក់​អេឡិចត្រូនិក​ដែល​ភ្ជាប់​ជាមួយ​បណ្ដាញ​តែមួយ ដែល​ហៅថា blockchain និង​ការភ្ជាប់​អ៊ីនធឺណិត​ជាមួយនឹង​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ហៅថា internet of things ក៏ដូចជា​វេទិកា និង​សេវាកម្ម​នានា​ដែល​ផ្អែកលើ​ប្រព័ន្ធ cloud តាម​អ៊ីនធឺណិត​ជាដើម មាន​សក្ដានុពល​នៅក្នុង​ការ​ប្រែក្លាយ​ប្រទេស​វៀតណាម​ឲ្យ​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​មួយ​នៅក្នុង​ទ្វីប​អា​ស៊‍ី​។ ប្រទេស​វៀតណាម​ចាំបាច់​ត្រូវតែ​ក្ដាប់​យក​ឱកាស​ដ៏​សំខាន់​ទាំងនេះ និង​ត្រួសត្រាយ​ដោយ​ប្រុងប្រយ័ត្ន​នូវ​ហានិភ័យ​មួយ​ចំ​នួ​ន‍​»​។​
 
​គេ​ឃើញ​មាន​សញ្ញា​បង្ហាញថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​តែមាន​ប្រជាប្រិយភាព​រួចទៅហើយ​នៅក្នុង​ប្រទេស​វៀតណាម​។ ក្រៅពី​ការស្រាវជ្រាវ និង​ការបង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ក្រុមហ៊ុន​នានា​បាន​ប្រើ​រូបយន្ត​នៅក្នុង​ឃ្លាំងទំនិញ​របស់​ពួកគេ ដូចជា​ក្រុមហ៊ុន Vinamilk ដែលជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន DB Schenker ដែលជា​ក្រុមហ៊ុន​ភស្តុភារ​របស់​អាល្លឺម៉ង់​ដែល​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​វៀតណាម​ជាដើម​។​
 
​ក្រុមហ៊ុន FPT ដែលជា​ក្រុមហ៊ុន​អាជីវកម្ម​អេឡិចត្រូនិក​ក្នុងប្រទេស​វៀតណាម បាន​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និមិត្ត​ដើម្បី​បង្កើត​កម្មវិធី​សន្ទនា​ដោយ​ស្វ័យប្រវត្តិ​របស់​កុំព្យូទ័រ​ជាមួយនឹង​អ្នកប្រើប្រាស់ និង​អាច​ឲ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​កុំព្យូទ័រ​នានា​ប្រើប្រាស់​បាន​។​
 
​ក្រុមហ៊ុន VNG ដែលជា​ក្រុមហ៊ុន​ហ្គេម​កុំព្យូទ័រ​ដែល​ទើប​បង្កើត​ថ្មី បាន​ណែនាំ​នូវ​បច្ចេកវិទ្យា​ពិភព​និមិត្ត​សម្រាប់​អ្នកលេង​ហ្គេម​របស់ខ្លួន​។​
 
​ទាំងអស់នេះ​មិនមែន​សុទ្ធតែជា​ដំណឹង​ល្អ​នោះទេ​។ ការកើនឡើង​នូវ​កម្មវិធី app កុំព្យូទ័រ​ដែល​ផ្ដោតលើ​សេវា​រថយន្តឈ្នួល គឺមាន​ការពាក់ព័ន្ធ​ទៅនឹង​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​សេវា​ធ្វើដំណើរ​សាធារណៈ​នៅ​ទូទាំង​ពិភពលោក ហើយ​ករណីនេះ​ក៏​កើតឡើង​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​វៀតណាម នៅពេល​ថ្មីៗ​នេះ​បាន​រាយការណ៍​អំពី​ការធ្លាក់ចុះ​នៅក្នុង​ការប្រើប្រាស់​រថយន្ត​ក្រុង ដោយសារ​មានការ​កើនឡើង​នូវ​សេវា​រថយន្តឈ្នួល ដែល​ធ្វើ​ឲ្យ​ដងផ្លូវ​នានា​នៅតាម​ទីក្រុង​កកស្ទះ​។​
 
​បាយ​ការណ៍​នេះ​បាន​បញ្ជាក់ថា សូម្បីតែ​នៅក្នុង​សេនា​រី​យ៉ូ​ដ៏​ល្អ​បំផុត​ក៏ដោយ ក៏​គេ​ឃើញ​មាន​បញ្ហា​ចំនួន ៤ ដែល​អាច​កើតឡើង​ផងដែរ​ចំពោះ​ប្រទេស​វៀតណាម​។ របាយការណ៍​នេះ​គឺ​ឧបត្ថម្ភ​ដោយ​អង្គការ CSIRO's Data61 ដែលជា​អង្គការ​គន្លឹះ​ជំនាញ​ខាង​ទិន្នន័យ និង​ឌីជីថល នៃ​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​ប្រទេស​អូស្ត្រាលី​។​
 
​បញ្ហា​ចំនួន ៤ នោះ​មានដូចជា​ការគំរាមកំហែង​បន្ថែមទៀត​ចំពោះ​សន្តិសុខ​តាម​អ៊ីនធឺណិត កម្ចី​ច្រើនជាង​មុន​ដើម្បី​ឧបត្ថម្ភ​ដល់​ការចំណាយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា កង្វះ​ទេពកោសល្យ​ផ្នែក​បច្ចេកទេស និង​ការពឹង​ផ្អែកលើ​ក្រុមហ៊ុន​នានា​ពី​ខាងក្រៅ​សម្រាប់​ផលិតផល និង​សេវាកម្ម​នានា​។​
 
​តើ​វៀតណាម​អាចឈាន​ឆ្ពោះទៅមុខ​ខាង​ការវិវត្ត​ផ្នែក​បច្ចេកវិទ្យា​បាន​ឆ្ងាយ​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​ប្រទេស​វៀតណាម​ខ្លួនឯង​ផ្ទាល់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com