ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុន ថា កម្ពុជាចង់ធ្វើជាមិត្តល្អជាមួយអាមេរិក
× ភ្នំពេញ៖ កម្ពុជា នៅតែចង់ធ្វើជាមិត្តល្អជាមួយអាមេរិក។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki)ប្រធានសមាគមកម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ឧសភា។
ក្នុងជំនួបពិភាក្សានោះ សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ ពោលគឺកម្ពុជាតែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់ រួមទាំងប្រទេសអាមេរិកផងដែរ ។ ដ្បិតចង់ធ្វើជាមិត្តល្អជាមួយបណ្ដាប្រទេសនានាក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន នៅតែប្រកាសពីជំហរថា កម្ពុជាត្រូវតែរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាព ដោយមិនឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសឡើយ។
ប្រមុខរដ្ឋាភិបាល បានស្នើដល់លោកតាកាហាស៊ី ហ្វីមីអាគី ពាំនាំពាក្យទៅសហរដ្ឋអាមេរិក ដូច្នេះថា៖«កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយការវាយតម្លៃថាកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិកបែរងាកមកចាប់ចិននោះគឺខុសទាំងស្រុង»។
ការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ ដើម្បីពន្យល់ពីគោលបំណងរដ្ឋាភិបាល ទៅកាន់ប្រធានសមាគមកម្ពុជា-ជប៉ុន ដែលចង់ដឹងអំពីទស្សនៈវិស័យរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិ ។ ជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកមកជប៉ុន និងអំពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងចិន កំពុងស្អិតល្មួតខ្លាំង ក្រោមនិយមន័យពាក្យ«មិត្តដែកថែប»។ ចិនក៏តែងតែប្រកាសជំហរធ្វើជាខ្នងបង្អែកចាំជួយដល់កម្ពុជាទៀតផង នៅគ្រាណាដែលកម្ពុជាត្រូវការជំនួយពីចិន។ តាមរយៈទំនាក់ទំនងមិនអាចកាត់ផ្ដាច់បែបនេះហើយ ទើបបណ្ដាលឲ្យអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក តែងតែចេញមុខរិះគន់ និងដាក់ការសង្ស័យលើនយោបាយការទូតចិន មកលើកម្ពុជាថា ចិនប្រើប្រាស់ទំនាក់ទំនងការទូតបែបល្អូកល្អិនជាមួយកម្ពុជា ក្នុងគោលបំណងបំពេញមហិច្ចតាពង្រីកអំណាចខ្លួន នៅក្នុងតំបន់ឥណ្ឌូចិន ឬអាស៊ីនេះតែប៉ុណ្ណោះ។ ហើយទំនាក់ទំនងនេះទៀតសោត វាគ្មានភាពស្មើគ្នានោះទេ ពោលគឺវាផ្ដល់ផលចំណេញទៅចិនច្រើនជាងកម្ពុជា។ ចំណែកកម្ពុជា នឹងធ្លាក់ខ្លួនក្លាយជាកូនអុករបស់ចិនទៀតផង។
តែយ៉ាងណាអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានមើលឃើញថា ដើមចមដែលធ្វើឲ្យកម្ពុជាងាកទៅកាន់ចិនរឹតតែខ្លាំងនេះ វាបណ្ដាលមកពីសហគមអន្តរជាតិ ជាពិសេសអាមេរិក តែងតែដាក់សម្ពាធមកលើកម្ពុជា តាមរយៈការរិះគន់លើបញ្ហាសិទ្ធិមនុស្ស និងនយោបាយ ដែលនាំឲ្យកម្ពុជាគ្មានជម្រើសនយោបាយការទូតល្អជាមួយប្រទេសដទៃ ក្រៅពីមហាយក្សចិន។ អ្នកវិភាគនយោបាយ យល់ឃើញថា ដ្បិតកម្ពុជាងាកទៅរកចិនមែន ប៉ុន្តែកម្ពុជានឹងមិនបណ្ដោយខ្លួន ឲ្យក្លាយជាកូនអុករបស់ចិននោះទេ។ នោះក៏ព្រោះតែរដ្ឋាភិបាល ទំនងជាយល់ដឹងច្បាស់ពីបញ្ហាផុងខ្លួនជាកូនអុករបស់ពួកមហាអំណាចណាមួយ៕
Tag:
ហ៊ុន សែន
ជប៉ុន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com